0

នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី លោក វង្ស សុខសិរី កំពុងប្រមូលលុយពីឈ្មូញឈើ ខុសច្បាប់ធ្វើមានធ្វើបានខ្លួនឯង

លោក វង្ស សុខ​សិរី បាន​ចាត់ចែង​មន្ត្រី​ជំនិតៗ​ជា​បក្ខពួក​របស់ខ្លួន​ជាច្រើន​ក្រុម ឲ្យ​ចុះទៅ​ប្រ​មូល​លុយ​ពី​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី ​តាម​តំបន់​អភិរក្ស តំបន់​ព្រៃ​ការពារ​និង​តំបន់​ឧទ្យាន​ជាតិ យ៉ាង​អនាធិបតេយ្យ​បំផុត ហើយ​ក្រុម​មួយចំនួនទៀត​ក៏បាន​ចុះទៅ​ប្រមូល​លុយ​ពី​តាម​បណ្តា​រោង​សិប្បកម្ម​ ដែល​ប្រមូល​ទិញ​ឈើ​ប្រណីត​យកមក​កែច្នៃ ឬ​ស្តុក​ទុក​សម្រាប់​នាំចេញ​ដោយ​ខុសច្បាប់​។ គ្មាន​ឈ្មួញ​ណា​ម្នាក់​ដែល​ពាក់ព័ន្ធ​ជាមួយ​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​អាច​ដំណើរការ​ដោយ​រលូន​ល្អ​នោះទេ ប្រសិនបើ​មិនមាន​ការបង់​លុយ​ជាប់​ជាប្រចាំ​ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ របស់លោក វង្ស សុខ​សិរី ហើយ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រី​មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក វង្ស សុខ​សិរី ក្នុងតួនាទី​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តរតនគិរី​មិន​ខុសពី​យក្ស​ស៊ី​កំពឹស​នោះទេ ចង់​បញ្ជាក់ថា សូម្បីតែ​លុយកាក់​សេន​ក៏​លោក វង្ស សុខ​សិរី មិន​ឲ្យ​របូត​ពី​កណ្តាប់ដៃ ឬ​មិនបាន​បែងចែក​ឲ្យ​មន្ត្រី​តូចតាច​បាន​រស់​ផង​ទេ​។​

ទឹកដី​ខេត្តរតនគិរី ពោរពេញ​ទៅដោយ​បទល្មើស​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​វិនាស​ហិនហោច ក្នុងនោះ​មានការ​ប៉ះពាល់​ដល់​ផ្ទៃដី ព្រៃ​សហគមន៍ តំបន់​ព្រៃ​ការពារ និង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ផងដែរ ហើយ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងកាត់​ទឹកដី​ខេត្តរតនគិរី ភាគច្រើន​មាន​ងារ​ជា​ឧកញ៉ា មាន​ទំនាក់ទំនង​ជិតដិត​ជាមួយ​លោក វង្ស សុខ​សិរី ទើប​ជំនួញ​ឈើ​ខុសច្បាប់​របស់​ពួកគេ​មិនដែល​មានការ​រំខាន ហើយ​គេ​ឆ្ងល់​ថា​ក្នុងតួនាទី​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តរតនគិរី​បច្ចុប្បន្ននេះ លោក វង្ស សុខ​សិរី ធ្វើ​អ្វីខ្លះ ព្រោះ​គេ​មិនដែល​ឃើញ​លោក វង្ស សុខ​សិរី ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​ដើម្បី​បង្ក្រាប​សកម្មភាព​ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យក​ស្នាដៃ​បង្អួត​ថ្នាក់លើ​ម្តងណា​ឡើយ​។​

លោក វង្ស សុខ​សិរី ដែល​ល្បីឈ្មោះ​ក្នុងការ​ប្រមូល​លុយ​ពី​ជំនួញ​ឈើ​ខុសច្បាប់​មិនដែល​ក្រែង​ ញញើត​វិធានការ​រឹតបន្តឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួយ​ម្តងណា​ឡើយ អំឡុង​ពេលដែល​លោក វង្ស សុខ​សិរី ធ្វើជា​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ ក្រុង​ស្ទឹងត្រែង រហូត​លោក វង្ស សុខ​សិរី មាន​លុយ​ច្រើន​ហូរហៀរ​រត់ការ​ឡើង​ធ្វើជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តរតនគិរី​ដែលជា​អំណាច​ត្រូវប៉ាន់​មានឱកាស​ប្រមូល​ផលប្រយោជន៍​យកទៅ​ច្រក​ ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​រំភើយ​។

បញ្ហា​នេះហើយ​ទើប​លោក វង្ស សុខ​សិរី បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់​មិនដែល​អើពើ​ចាត់វិធានការ​បង្ក្រាប​ទ​ប់​ស្កាត់ ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅតាម​តំបន់​ព្រៃ​សហគមន៍​និង​តំបន់​ព្រៃ​ការពារ ព្រោះ​​លោក វង្ស សុខ​សិរី មិន​ចង់​មានការ​ប៉ះទង្គិច​ជាមួយ​ក្រុម​ឈ្មួញ​ធំៗ​ដែល​ជ្រក​ក្រោម​ស្បែក​ជា​ ឧកញ៉ា ឬ​ជ្រក​ក្រោម​ស្លាក​ប្រមូល​ទិញ​ឈើ​ដែល​បានមកពី​ការបង្ក្រាប​របស់​សមត្ថ​ កិច្ច​នោះទេ​ទើប​ឃុបឃិត​បិទ​ភ្នែក​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ ចិត្ត រហូតដល់​ពេលនេះ ទឹកដី​ខេត្តរតនគិរី បាន​ជាប់​ចំណាត់ថ្នាក់​នាំមុខគេ​ចំពោះ​ភាព​កម្រើក​ឡើងវិញ​នៃ​ការដឹកជញ្ជូន​ ឈើ​ខុសច្បាប់​គ្មាន​នរណា​អើពើ​បង្ក្រាប​។ គេ​ចង់ឃើញ​ប្រធាន​រដ្ឋបាល​ព្រៃឈើ​លោក ឆេង គឹម​ស៊ុន យកចិត្តទុកដាក់ ពិនិត្យមើល​ភាព​អសកម្ម​និង​អនាធិបតេយ្យ នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​ខេត្តរតនគិរី ដែល​កំពុង​បង្ក​ភាព​ក្តៅក្រហាយ​ដល់​ជនជាតិភាគតិច​ឡើងវិញ​ផង មិនគួរ​ទុក​ឲ្យ​លោក វង្ស សុខ​សិរី ជិះសេះ​លែងដៃ​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​នោះទេ ព្រោះ​ពេល​បច្ចុប្បន្ននេះ ខេត្តរតនគិរី កំពុង​នាំមុខគេ​ចំពោះ​ភាព​គគ្រឹកគគ្រេង​នៃ​ការដឹក​ជ​ញ្ចូ​ន​ឈើ​ខុសច្បាប់ គ្មាន​នរណា​អើពើ​បង្ការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅតាម​បទបញ្ជា​ របស់លោក ហ៊ុន សែន នោះទេ​ ៕​

10566364_1435524296734914_67102121_n

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com