បន្ទាយមានជ័យៈ ច្រករបៀងខុសច្បាប់ជាច្រើនកន្លែងនៅតាមបណ្តោយព្រំដែនកម្ពុជា-សៀម ចាប់ពីចំណុចព្រំប្រទល់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ រហូតដល់ស្រុកថ្មពួក ជាប់ព្រំប្រទល់ខេត្តឧត្តរមានជ័យស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក វរសេនីយ៍ទោ ប្រាក់ សាំ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨០៧។
ប្រភពនោះបានឲ្យដឹងទៀតថា នៅតាម បណ្តោយព្រំដែនប្រវែងរាប់សិបគីទ្បូម៉ែត្រដែលស្ថិតក្រោម ការគ្រប់គ្រងរបស់លោក ប្រាក់ សាំ គឺមានច្រករបៀងខុសច្បាប់ជាច្រើនកន្លែង ហើយលោកប្រាក់ សាំ កំពុងតែប្រព្រឹត្តនូវអំពើពុករលួយប្រមូលផលប្រយោជន៍ធ្វើមានធ្វើបាន ផ្ទាល់ខ្លួន។ ក្នុងនោះការបើកច្រករបៀងឲ្យមេខ្យល់នាំពលករឆ្លងដែនចូលប្រទេសសៀម គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ប្រាក់ សាំដែលកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍មុខតំណែងនិង ជីវភាពរស់នៅរបស់ខ្លួន។
នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨០៧ក្នុងការឃុបឃិតជាមួយក្រុមមេខ្យល់បើកច្រករបៀងឲ្យក្រុមពលករ ឆ្លងដែនខុសច្បាប់ទៅប្រទេសសៀមត្រូវបានប្រជាពលរដ្ឋរស់នៅតាមតំបន់ ព្រំដែនធ្វើការលាតត្រដាងជាបន្តបន្ទាប់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះទាំងលោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យនិងស្នងការនគរបាលខេត្តនេះមិនដែលរវល់ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់នគរបាលវរការពារព្រំដែន គោក៨០៧នោះទេ។ ប្រជាពលរដ្ឋបានរិះគន់ថា ថ្នាក់លើអាចទទួលបានផលប្រយោជន៍ពីនគរបាលវរការពារព្រំដែនគោកលេខ៨០៧ ទើបបណ្តោយឲ្យពួកគេធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃ។
តាមប្រភពពីសមត្ថកិច្ច ក្រោមបញ្ជាលោក ប្រាក់ សាំ បានបង្ហើបឲ្យដឹងថា ដើម្បីស្វែងរកផលប្រយោជន៍ធ្វើមានធ្វើបានគឺលោក ប្រាក់ សាំ បង្កើតច្រករបៀងយ៉ាងច្រើនដូចជាច្រកស្តុកស្តោ ច្រកតាខ្លឹង និងច្រកមហោស្រពស្ថិតនៅក្នុងភូមិមហោស្រពឃុំគោករមៀត ស្រុកថ្មពុក។ ច្រកទាំងបីនេះក្រៅពីក្រុមមេខ្យល់អាចនាំពលករឆ្លងដែនខុសច្បាប់តាម អំពើចិត្ត គឺឈ្មួញខិលខូចអាចនាំម៉ូតូក្តៅ និងទំនិញគេចពន្ធជាច្រើនប្រភេទពីទឹកដីសៀមចូលទឹកដីខ្មែរជារៀងរាល់ យប់។ សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនមិនហ៊ានប៉ះពាល់ចំពោះទង្វើរបស់លោក ប្រាក់ សាំ នោះទេ បើទោះបីដឹងថាច្រករបៀងដែលគ្រប់គ្រងដោយវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ៨០៧ កើតមានបទល្មើសយ៉ាងពេញបន្ទុកក៏ដោយ។
ក្រុមឈ្មួញដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ប្រាក់ សាំ អាចនាំចូលម៉ូតូក្តៅ ហ្គាសគេចពន្ធ និងទំនិញគេចពន្ធផ្សេងៗទៀតចូលតាមច្រកទាំង៣ខាងលើយ៉ាងពេញបន្ទុកឲ្យ តែយល់ព្រមបង់លុយតាមការកំណត់របស់លោក ប្រាក់ សាំ។ ចំណែកច្រករបៀងតូចៗដូចជាច្រកដើមអង្គ្រង និងច្រកមួយចំនួនគឺជាកន្លែងដែលក្រុមមេខ្យល់នាំពលករទៅរកការងារ ធ្វើលើទឹកដីសៀមដោយខុសច្បាប់យ៉ាងអនាធិបតេយ្យ។ បើទោះបីបទល្មើសកើតទ្បើងយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តោយព្រំដែនដែល គ្រប់គ្រងដោយវរសេនាតូច៨០៧ យ៉ាងណាក៏ដោយ ក៏មិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យឬ ចាត់វិធានការទប់ស្កាត់ទ្បើយ។ សមត្ថកិច្ចពាក់ព័ន្ធ បែរជាឃុបឃិតឲ្យលោក ប្រាក់ សាំ និងបក្ខពួកធ្វើអ្វីៗតាមតែអំពើចិត្ត ដើម្បីបែងចែកផលប្រយោជន៍យកទៅធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម ហើយអ្នកខ្លះយកទៅសង់វីទ្បា និងទិញរថយន្តទំនើបៗបង្អួតស្រីស្នេហ៍របស់ខ្លួនយ៉ាងហឺហា។
ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែននិងក្រុមសមត្ថកិច្ចតូចតាចបាន អំពាវនាវឲ្យលោក អាត់ ខែម ដែលទើបចូលកាន់តំណែងជាស្នងការខេត្តបន្ទាយមានជ័យទ្បើងវិញ កាលពីពេលថ្មីៗនេះចាត់វិធានការទប់ស្កាត់បទល្មើសប្រព្រឹត្តដោយលោក ប្រាក់ សាំ និងបក្ខពួកជាបន្ទាន់ផង។ ចំណែកលោក គោ ស៊ុំសារឿត ដែលជាអភិបាលខេត្តបន្ទាយមានជ័យក៏ត្រូវគិតគូរចាត់វិធានការបង្ក្រាបបទ ល្មើសរបស់មន្ត្រីនគរបាលវរសេនាតូចការពារព្រំដែនគោក៨០៧ផងដែរ ដើម្បីកុំឲ្យលោក ប្រាក់ សាំ និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តទៀត ៕