0

លោកស័ក្តិ៥ ខាត់ សារ៉ាត់ មេប៉ូលីសអន្តោប្រវេសន៍ច្រកបាវិតកំពុង ដើរតាមគន្លងចាស់ពុករលួយ ដូចលោក អ៊ឹង សុងយូ

ខេត្តស្វាយរៀង ៖ប្រភពពត៏មាន ពី​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ច្រក​អន្តរជាតិ​បាវិត គឺជា​តំបន់​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ ដែល​ក្រុម​ឈ្មួញ​ធំៗ បាន​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ ចូល​ប្រទេស​កម្ពុជា យ៉ាង​គគ្រឹកគគ្រេង ដូចជា​ទំនិញ​ខុសច្បាប់ របស់​ឈ្មួញ​ធំៗ ដែល​ត្រូវបាន​នាំចូល​ប្រទេស​កម្ពុជា ត្រូវបាន​គេ​ក្លែងបន្លំ ជា​ទំនិញ​វិនិយោគ ដែល​បន្ទុក​ពន្ធអាក​ជា​របស់​រដ្ឋ នាំ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ការដឹកជញ្ជូន​ទំនិញគេចពន្ធ បង្កប់​ជាមួយ​រថយន្ត​ក្រុង នៅតែ​កើតមាន​ជា​ហូរហែ តាម​ច្រក​អន្តរជាតិ​បាវិត ដែល​ក្នុង​មួយថ្ងៃៗ ទំហំ​នៃ​ការដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ បង្កប់​តាម​រថយន្តក្រុង​មិនតិចជាង ២៥​តោន​នោះទេ បើ​គិត​ជា​ប្រាក់​ពន្ធ​វិញ មួយថ្ងៃៗ​ខាតបង់​ចំណូល​ថវិកាជាតិ ដល់​ទៅ​រាប់ម៉ឺន​ដុល្លារ អាមេរិក​ ​។​

លោក​​ស័ក្តិ​​៥ អ៊ឹង សុង​​យូ ដែល​​បាន​​កាន់​តំ​ណែង ជា​​នាយ​ប៉ុស្តិ៍​​ច្រក​ទ្វារ​ព្រំ​ដែន​​បា​វិត ខេត្ត​ស្វាយ​រៀង ត្រូវ​បាន​​ដក​​ប​ញ្ឈរ​ជើង នៅ​ក្រ​សួង​ម​ហា​ផ្ទៃ រង់​ចាំ​​ទទួល​​តំ​ណែង​​ខ្លាញ់​​ថ្មី​​មួយ ស្រប​ទៅ​តាម​​ម​ហិច្ឆ​តា​​របស់​គាត់ហើយ​លោក​ស័ក្តិ​៥ ខាត់ សារ៉ាត់ ជា​អតីត​នាយប៉ុស្តិ៍ នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រកព្រំដែន អន្តរជាតិ​ក្អម​សំណ នៃ​ស្រុក​លើកដែក ខេត្ត កណ្តាល ត្រូវបានតែងតាំង ជា​ប្រធាន​នគរបាល អន្តោប្រវេសន៍ ប្រចាំ​ច្រក​បាវិត ជំនួស​លោក អ៊ឹង សុង​យូ កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៤ កន្លងទៅនេះ ក៏​ចាប់ផ្តើម​បង្កើត​ឲ្យ​មាន​បណ្តាញ​ពុករលួយ ផ្គើន​ទៅនឹង​ការកែទម្រង់​ស៊ីជម្រៅរបស់រដ្ឋា ភិបាល​។​

​​តាម​គោលការណ៍​ចាស់​លោក ខាត់ សារ៉ាត់ បាន​បន្ត​បិទ​ភ្នែក ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន បន្ត​ចេញ​ប័ណ្ណ ឬ​រក្សាទុក​ប័ណ្ណ​វី​អាយ​ភី ឲ្យ​ជនជាតិ​យួន ដែល​ធ្វើការ​តាម​កាស៊ីណូ ជាប់​ព្រំដែន​បាវិត ប្រើប្រាស់​ចេញចូល ឆ្លងកាត់​ព្រំដែន​ថ្មើ​រណា​ក៏បាន ហើយ​ការចេញ​ប័ណ្ណ វី​អាយ​ភី ឲ្យ​ជនជាតិ​យួន​ប្រើប្រាស់ ក្នុងការ​ឆ្លងដែន​មក​បម្រើការ នៅ​កាស៊ីណូ​លើក​ទឹកដី​ខ្មែរ ដែល​មាន​សុពលភាព​រយៈពេល ៦​ខែ ឬ ១​ឆ្នាំ ហាក់ដូចជា​ផ្ទុយ​ពី​គោលការណ៍ របស់​ក្រសួងមហាផ្ទៃ​។ គេ​ដឹងថា ការចេញ​ប័ណ្ណ វី​អាយ​ភី ឲ្យ​ជនជាតិ​យួន​ឆ្លងកាត់​ព្រំដែន​ដោយ​សេរី និង​មាន​លក្ខណៈពិសេស ប្រមូលបាន​លុយ​ច្រើនសន្ធឹក​សន្ធាប់ យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន ដែល​រហូតមក​ដល់ពេលនេះ លោក ខាត់ សារ៉ាត់ មិនមាន​ឆន្ទៈ​លុបបំបាត់​នោះទេ គឺ​បន្ត​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​អនុវត្តន៍ តាម​គោលការណ៍​ចាស់ ក្នុងការ​ប្រមូល​លុយ​យកទៅ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន មិន​ខ្វល់ខ្វាយ​ពី​ចំណាត់ការ របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ ​។

​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ធ្វើដំណើរ ឆ្លងកាត់​ច្រក​អន្តរជាតិ​បាវិត ធ្លាប់បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា សម្រាប់​ប្រជាពលរដ្ឋ ដែល​មាន​ការចាំបាច់ ត្រូវ​ឆ្លងដែន​ទៅកាន់​ស្រុក​យួន ដោយសារ​មាន​ជំងឺ​ត្រូវ​សង្គ្រោះបន្ទាន់ ឬ​ជូន​បងប្អូន​ទៅ​ព្យាបាល​ជំងឺ ហើយ​គ្មាន​លិខិតឆ្លងដែន ត្រូវ​បង់លុយ​ឲ្យ​មន្ត្រីនគរបាល អន្តោប្រវេសន៍​របស់​លោក ខាត់ សារ៉ាត់ ចំនួន ២០​ដុល្លារ​អាមេរិក ហើយ​​​​មានការ​ ​បង់លុយ​តាមរយៈ​អ្នក​គួ​ក​ជេ មួយចំនួនទៀត ទើប​អាច​ឆ្លងដែន ចេញទៅ​ស្រុក​យួន បើ​មិន​ដូច្នេះ​ទេ​នឹង​ជួប​ឧបសគ្គ ​។ នៅពេល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ សម្រាប់​ប្រជាពលរដ្ឋ ដែល​គ្មាន​លិខិតឆ្លងដែន ត្រូវ​បង់ប្រាក់​ចំនួន ២០​ដុល្លារ ផ្សេងទៀត ហើយ​បើ​សរុប​ថ្លៃបង់​សេវា នៅ​ច្រក​អន្តរជាតិ​បាវិត សម្រាប់​ប្រជាពលរដ្ឋ ដែល​គ្មាន​លិខិតឆ្លងដែន ត្រូវ​ចំណាយលុយ​ក្នុង​ម្នាក់ យ៉ាងតិច ៥០​ដុល្លារ​អាមេរិក ទាំង​ទៅ​ទាំង​មក​។​

​ នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​បាវិត បាន​តម្រូវ​ឲ្យ​រថយន្ត​ដឹកទំនិញ និង​រថយន្តក្រុង ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន បង់លុយ​ថ្លៃ​បា​រ៉ា​ស់ ក្នុង​កម្រិត​ខ្ពស់ ឬ​សុំ​ចុះថ្លៃ​បានទេ ព្រោះ​សិទ្ធិអំណាច គ្រប់គ្រង​ច្រកព្រំដែន​អន្តរជាតិ​បាវិត ។​ក្នុងករណី​ដែល​មិនបាន​បង់លុយ ទៅតាម​ការតម្រូវ ច្បាស់​ជា​ជួប​ឧបសគ្គ ត្រូវ​នគរបាល​អន្តោប្រវេសន៍ របស់លោក ខាត់ សារ៉ាត់បង្ខំ​ឲ្យ​បង់លុយទៅតាម​ជំនាញ​ ​៕

Wat-Khat-sarat-286x210

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com