ភ្នំពេញ ៖លោក ទៀ វិញ យកឥទ្ធិពលអំណាចបងប្រុស របស់គាត់គឺលោក ទៀ បាញ់ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ មកប្រើ ជានិច្ច ហើយចាត់ចែងការងារ តាមបែបអត្តនោម័ត ធ្វើឲ្យនាយទាហានជាច្រើននាក់ ដែលគ្មានខ្សែទុយោខ្នងបង្អែក ទទួល រងនូវការឈឺចាប់យ៉ាងខ្លាំង ចំពោះអំពើបក្ខពួកនិយម និងការតែងតាំងមន្ត្រីមិនត្រឹមត្រូវ តាមជំនាញសមត្ថភាព ដូចជាករណីតែងតាំងលោក កាន់ កៅ ជាមេឈ្មួញរកស៊ីរត់ពន្ធប្រេងសាំង ដ៏ល្បីឈ្មោះប្រចាំដែនសមុទ្រ ឲ្យពាក់ផ្កាយ១ កាន់ផ្នែកគណនេយ្យកងទ័ពជើងទឹក និងការតែងតាំងកូនប្រុសរបស់គាត់ឈ្មោះ ទៀ សុខា ឲ្យពាក់ផ្កាយ២ កាន់តួនាទីជាប្រធានផ្នែកសន្តិសុខលំហសមុទ្រ។
អំពើពុករលួយ ក្រោមការចាត់ចែងរបស់លោក ទៀ វិញ ដែលនាំឲ្យពលទាហាន នាយទាហានក្នុងអង្គភាព កងទ័ពជើងទឹក ជាច្រើននាក់មិនសប្បាយចិត្ត កាន់តែរីករាលដាលធំឡើង ដែលរហូតមក ដល់ពេលនេះ គេមិនទាន់ឃើញក្រសួងការពារជាតិ ឬអគ្គមេបញ្ជាការកងទ័ពជាតិ យកចិត្តទុកដាក់ដោះស្រាយភាពអសកម្ម ដែលកំពុងកើតមានក្នុងអង្គភាព កងទ័ពជើងទឹក នៅឡើយទេ ធ្វើឲ្យលោក ទៀ វិញ ចេះតែមានឱកាស តែងតាំងបក្ខពួករបស់ខ្លួន ដែលគ្មានសមត្ថភាព គ្មានអតីតភាពការងារ ឲ្យកាន់តំណែងធំៗផ្ទុយពីក្រឹត្យក្រមរដ្ឋបាល។
នាយទាហានមួយចំនួនទៀត បានលើកឡើងថា ពួកគាត់បានចូលបម្រើការងារ ក្នុងក្របខ័ណ្ឌកងទ័ពជើងទឹក រយៈពេល៣០ឆ្នាំមកហើយ ខ្លះពាក់ត្រឹមស័ក្តិ៣ប៉ុណ្ណោះ ហើយអ្នកខ្លះទៀតមានសំណាងពាក់ស័ក្តិ៥ ប៉ុន្តែគ្រាន់តែពាក់ស័ក្តិឲ្យល្អមើលប៉ុណ្ណោះ ព្រោះគ្មានតួនាទីមុខតំណែងអ្វីទេ។
អាជ្ញាធរខេត្តព្រះសីហនុ ក៏ធ្លាប់បានលើកឡើងផងដែរថា លោក ទៀ សុខា ដែលឡើងបុណ្យស័ក្តិតាម លោក ទៀ វិញ ដែលជាឪពុកមានសិទ្ធិអំណាចធំធេង ក្នុងការឃុបឃិតជាមួយមេឈ្មួញធំៗ រកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ ចូលដែនសមុទ្រកម្ពុជា គ្មាននរណាហ៊ានបង្រ្កាប ។
ក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូន ប្រេងសាំងគេចពន្ធ មកពីតំបន់កោះរ៉ុង កោះខ្យង ក្នុងមួយថ្ងៃៗ រាប់ពាន់តោន ចូលខេត្តកំពត និងខេត្តព្រះសីហនុ ការកាប់បំផ្លាញព្រៃឈើតាមដែនកោះ ក៏ដូចជាការឃុបឃិតឲ្យទូកនេសាទ របស់ជនជាតិថៃ វៀតណាម ចូលមកធ្វើអាជីវកម្មក្នុងដែនសមុទ្រខ្មែរ រួមទាំងការដឹកជញ្ជូនទំនិញគេចពន្ធ ឆ្លងកាត់ដែនសមុទ្រ មិនដែលហ៊ានរំលងលោក ទៀ សុខា នោះទេ ហើយនៅពេលផ្នែកសន្តិសុខលំហសមុទ្រ មិនបង្ក្រាបទំនិញគេចពន្ធ និងទំនិញខុសច្បាប់ទាំងនោះ មន្ត្រីជំនាញនិងសមត្ថកិច្ចដទៃទៀត គ្រាន់តែជាជើងក្រោយប៉ុណ្ណោះ។អំពើពុករលួយដែលលោក ទៀ សុខា រួមដៃជាមួយលោក កាន់ កៅ ឃុបឃិតឲ្យមានបទល្មើស នៅក្នុងដែនសមុទ្រកម្ពុជា មិនមែនជារឿងធម្មតាទេ ដែលទាមទារឲ្យអង្កភាពអំពើពុករលួយត្រួតពិនិត្យមើលឡើងវិញផង៕