លោក មាស សំអឿន បានប្រាប់អ្នកសារព័ត៌មានក្នុងន័យបិទបាំងអំពើអាក្រក់របស់ខ្លួនថា ច្រកអូរអន្លក់ជាច្រកដែលមានទំនិញគេចពន្ធមែន ប៉ុន្តែជារបស់តូចតាចប៉ុណ្ណោះ ដូចជាហ្គាសធុងតូចៗ និងទំនិញមួយចំនួនទៀត រីឯទំនិញធំៗត្រូវចាប់ឲ្យបង់ពន្ធតាមច្បាប់។ ការអះអាងរបស់លោក មាស សំអឿន បែបនេះត្រូវបានក្រុមអ្នកសង្កេតការណ៍រិះគន់ថា មេគយរូបនេះកំពុងព្យាយាមបិទបាំងការពិតយ៉ាងក្រអឺតក្រទម។ មេគយប្រចាំច្រកអូរអន្លក់ស្រុកកំរៀង ខេត្តបាត់ដំបង ដែលទទួលរងនូវការរិះគន់ថា បើកដៃឲ្យឈ្មួញខិលខូចនាំចូលទំនិញគេចពន្ធនឹងទំនិញខុសច្បាប់នោះកំពុងតែព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនក្រោយពេលរឿងអាស្រូវត្រូវបានទម្លាយជាសាធារណៈ។
ក្នុងចំណោមមន្ត្រីសមត្ថកិច្ចគឺលោក មាស សំអឿន ជាអ្នកទទួលខុសត្រូវធំជាងគេ ព្រោះក្នុងមួយថ្ងៃៗការហូរចូលទំនិញគេចពន្ធតាមច្រកអូរអន្លក់ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើឲ្យរដ្ឋបាត់បង់ប្រាក់ចំណូលពន្ធយ៉ាងច្រើន។ ជាការពិតតាមច្រកនេះឈ្មួញកំពុងតែមមាញឹកនាំទំនិញខុសច្បាប់ចូលស្រុកខ្មែរ ហើយលោក មាស សំអឿន ដែលជាមេគយប្រចាំច្រកនេះជាអ្នកទទួលផលប្រយោជន៍ច្រើនជាងគេ។ប្រភពពីមន្ត្រីសមត្ថកិច្ចតូចតាចនៅក្នុងស្រុកកំរៀង បានឲ្យដឹងថា ច្រករបៀងអូរអន្លក់ជាច្រកសម្បូរទៅដោយទំនិញគេចពន្ធគ្រប់ប្រភេទ សូម្បីតែម៉ូតូក្តៅនិងរថយន្តគេចពន្ធក៏ត្រូវនាំំចូលតាមច្រកនេះដែរ ដោយសារមានការបើកដៃពីសមត្ថកិច្ច។
ការបែកធ្លាយរឿងអាស្រូវពុករលួយរបស់លោក មាស សំអឿន គឺកើតចេញពីការបែងចែកផលប្រយោជន៍មិនស្មើគ្នា ទើបសមត្ថកិច្ចនគរបាលព្រំដែនធ្វើការឆែកឆេរ ហើយរកឃើញទំនិញនាំចូលខុសប្រក្រតី ដោយនៅក្នុងលិខិតសុំដឹកជញ្ជូនដាក់ថា ដឹកជីគីមីចំនួន២រថយន្ត តែនៅពេលសមត្ថកិច្ចឆែកឆេរគឺមានតែមួយរថយន្តប៉ុណ្ណោះ។រីឯមួយរថយន្តទៀត មានសុទ្ធតែក្តារបន្ទះ ទើបខាងនគរបាលឲ្យម្ចាស់រថយន្តបើកទៅចតនៅស្នាក់ការគយ ធ្វើឲ្យម្ចាស់ទំនិញខឹងសម្បា ក៏ទុករថយន្តចោលកណ្តាលផ្លូវក្នុងច្រករបៀងធ្វើឲ្យស្ទះចរាចរណ៍អស់រយៈពេលជាង២ម៉ោង។
លោក មាស សំអឿន បានប្រព្រឹត្តអំពើពុករលួយកើតទ្បើងជាយូរមកហើយ ដូច្នេះគួរតែលោក ប៉ែន ស៊ីម៉ន ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ហើយគួរដាក់ពិន័យមន្ត្រីគយរូបនេះផងដែរកុំឲ្យធ្វើអ្វីៗតាមអំពើចិត្តទៀត។ ជាពិសេសការនាំចូលទំនិញគេចពន្ធសព្វសារពើតាមច្រកអូរអន្លក់ធ្វើឲ្យរដ្ឋបាត់បង់ប្រាក់ចំណូលយ៉ាងច្រើន ដូច្នេះលោក ប៉ែន ស៊ីម៉ន ក៏ដូចជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនត្រូវមើលរំលងទៀតទេ៕