0

អាមេរិក​និង​ជប៉ុន​ ព្រមាន​ពលរដ្ឋ​ពី​អសន្តិសុខ​ក្នុង​ប្រទេស​កម្ពុជា

ស្ថានទូត​នៃ​ប្រទេស​សំខាន់ៗ​ចំនួន​ពីរ​បាន​ព្រមាន​ដល់​ពលរដ្ឋ​របស់​ខ្លួន​អំពី​បញ្ហា​សន្តិសុខ​ក្នុង​ប្រទេស​កម្ពុជា។ ការព្រមាន​នេះ​កើតឡើង​ក្រោយពី​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​ផ្ទួនៗគ្នា​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ចុង​សប្តាហ៍​មុន​ដោយ​មាន​ជនជាតិ​អាមេរិកាំង​ម្នាក់​និង​ស្ត្រី​ជប៉ុន​ម្នាក់​ត្រូវ​ឧក្រិដ្ឋជន​បាញ់​ឲ្យ​របួស​ធ្ងន់។​

ស្ថានទូត​សហរដ្ឋ​អាមេរិក​និង​ស្ថានទូត​ជប៉ុនក្នុង​ទីក្រុង​ភ្នំពេញ​បាន​ព្រមាន​ធ្ងន់ៗ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ដែល​កំពុង​ស្នាក់​នៅ​ឬ​ត្រូវ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា​ «គ្មាន​ទេ​កន្លែង​ដែល​គ្មាន​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា» ​ហើយ​ «ការរស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រឈម​នឹង​គ្រោះថ្នាក់»។

ការព្រមាន​ធ្វើឡើង​ក្រោយពី​អ្នក​ប្រឹក្សា​សំណង់​ជនជាតិ​អាមេរិកាំង​ម្នាក់​គឺ​ លោក ម៉ូរីស ឡរ (Maurice Law) ​អាយុ​៥៧​ឆ្នាំត្រូវ​បាន​ជន​មិន​ស្គាល់​មុខប្លន់​កាលពី​ល្ងាច​ថ្ងៃសុក្រ​សប្តាហ៍​មុន ខណៈពេល​លោក​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​គេហដ្ឋាន​ជាមួយ​ភរិយា​លោក​ក្នុង​ខណ្ឌ​ចំការមន។ ខ្មាន់កាំភ្លើង​បានបាញ់​លើ​ជនរងគ្រោះចំ​គ្រលៀន។

មួយ​ថ្ងៃ​ក្រោយពី​ព្រឹត្តិការណ៍​នោះ​ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់​ទៀត​គឺ​អ្នកស្រី​សាគីកូ តាកាយ៉ាណាហ្គី​ (SakikoTakayanagi) ​អាយុ​៣៣​ឆ្នាំ ត្រូវ​បាន​ជនមិន​ស្គាល់​មុខ​បាញ់​ឱ្យ​របួស​ភ្លៅ​ខាងស្តាំ​នៅជិត​ផ្សារ​រាត្រី ​ក្បែរ​វត្តភ្នំ​ក្នុង​ពេល​ដែលអ្នកស្រី​ប្រទូស្តរាយ​ជាមួយ​ក្រុម​ជនប្រដាប់​អាវុធ​នេះ​ដោយសារតែ​ពួក​គេ​ព្យាយាម​កញ្ឆក់​កាបូប​របស់​អ្នកស្រី។

ក្នុង​លិខិត​មួយ​របស់​ខ្លួន​ទៅ​កាន់​ជនជាតិ​អាមេរិកាំង​នៅ​កម្ពុជា​កាលពី​ថ្ងៃអង្គារ ​ស្ថានទូត​សហរដ្ឋ​អាមេរិកបាន​ក្រើន​រំឭកដល់​ពលរដ្ឋ​ខ្លួន​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់​ក្នុង​អំឡុង​ពេល​ស្នាក់នៅ​ឬ​ក៏​មក​ធ្វើ​ទេសចរណ៍​នៅ​កម្ពុជា ​ជា​ពិសេស​នៅ​ពេល​ធ្វើ​ដំណើរ​ក្នុង​ពេល​យប់។ លិខិត​ដដែល​បន្ថែម​ថា «ពុំ​មាន​ទេ​តំបន់​ដែល​គ្មាន​បទ​ឧក្រិដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ ចំណែក​ឯសកម្មភាព​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដូចជា​ការ​លួច​និង​ប្លន់មាន​ការ​កើន​ឡើង​នៅ​ពេល​យប់»។

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com