ពោធិសាត់ៈ អ្នកសារព័ត៌មានពីររូបបានកំពុងតែរងការគំរាមកំហែងពីសំណាក់ក្រុម ប្រព្រឹត្តបទល្មើសនេសាទបានដាក់ ពាក្យបណ្តឹងទៅអាជ្ញាធរដែនដីដើម្បីការពាររាល់សកម្មភាពប៉ុនប៉ង ធ្វើឃាតពីសំណាក់ក្រុមជនអគតិមួយចំនួននោះ ។
លោក លី ប្រាក់ ជាអ្នកយកព័ត៌មានឱ្យសារព័ត៌មាន “មរតកតេជោ”បាននិយាយឱ្យដឹងកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៤ នេះថា រូបលោកបានដាក់ពាក្យបណ្តឹងទៅលោក ហម ប៉េងលី ប្រធានភូមិក្បាលតោល កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៤ ប្តឹងឈ្មោះ ថៃ ដា, ឈ្មោះ ស៊ន ហាន និងឈ្មោះ ហាន ហេង ពីបទរំលោភ លើសិទ្ធិនៃការរស់នៅ និងសិទ្ធិនៃការបញ្ចោញមតិដែលអ្នកទាំងអស់នោះបានប្រព្រឹត្តនៅផ្ទះ របស់លោក លី ប្រាក់ កាលពីថ្ងៃទី ២៤ ខែកក្កដា កន្លងមកពេលរូបលោកកំពុងនៅផ្ទះ និងភរិយារបស់លោកកំពុងតែងូតទឹក ។
លោក លី ប្រាក់ បានបន្តឱ្យដឹងទៀតថា នៅថ្ងៃដដែលនោះ អ្នកទាំងបីរូបបានធ្វើសកម្មភាពថតរូបភាពលោក និងភរិយាលោកកំពុងងូតទឹក ព្រមទាំងប្រើប្រាស់ពាក្យសំដីគំរាមកំហែងថា “ពួកហ្អែងជាពិសេសអាប្រាក់ ប្រយ័ត្នចុយម្រាយ ហើយបើហ្អែងដើរចូលព្រៃ ហ្អែងប្រយ័ត្នងាប់ ហើយហ្អែងច្បាស់ជាងាប់ហើយហ្អែង” ។
នេះជាពាក្យសំដីជេរប្រមាថពីសំណាក់ឈ្មោះ ស៊ន ហាន កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចភូមិ-ឃុំក្រឡុរដ្ឋ ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅពេលដែលលោកបានយកព័ត៌មានពីសកម្មភាពនេសាទ ប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ បណរ៉ាវ សាច់ក្រហមក្រឡាញឹក ដែលមានប្រវែងចាប់ពី ១០០០ម៉ែត្រ ឡើងទៅនោះ ។
លោក លី ប្រាក់ បានបន្តឱ្យដឹងទៀតថា រូបលោក និងអ្នកសារព័ត៌មានមួយរូបទៀត នៅអង្គភាពដទៃទៀត រងការប៉ុនប៉ងធ្វើឃាតផងដែរ ដោយធ្វើការគំរាមពីសំណាក់ឈ្មោះ ស៊ន ហាន ដោយប្រើប្រាស់ពាក្យសំដីដាក់ខ្នោះ និងវាយសម្លាប់ថែមទៀតផរ ។ ប្រការដែលក្រុមឈ្មួញប្រព្រឹត្តនេសាទប្រើឧបករណ៍ល្មើសច្បាប់ កើតមានឡើង នៅភូមិព្រែកក្រឡុ និងភូមិក្បាលតោលនេះ កើតមកពីលោក ឡុង ប៉ូ ប្រធានសហគមន៍នេសាទក្បាលតោល ជាអ្នកបើកដៃឱ្យឈ្មួញនេសាទជនជាតិខ្មែរ ដើមកំណើតយួន ដែលនិយាយភាសាខ្មែរមិនច្បាស់នោះធ្វើសកម្មភាពនេ សាទដោយសេរី រីឯប្រជានេសាទខ្មែរវិញ ពុំមានសិទ្ធិដូចប្រជានេសាទយួនទាំងអស់នោះឡើយ ។
លោក លី ប្រាក់ បាននិយាយឱ្យដឹងទៀតថា សកម្មភាពនេសាទប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ បណរ៉ាវ នៅក្នុងឃុំព្រែកក្រឡុ និងកោះជីវាំង នេះកើតមានខ្លាំងឡើង ដោយសារតែឈ្មោះ ឡុង ប៉ូ ប្រធានសហគមន៍នេសាទ បើកដៃឱ្យពួកឈ្មួញនេសាទយួនធ្វើសកម្មភាពរៀងរាល់ថ្ងៃ ដោយប្រើប្រាស់ឧបករណ៍ បណរ៉ាវ មានប្រវែងចាប់ពី ១០០០ ទៅ ២០០០ម៉ែត្រ ស្ទើរតែពាសពេញផ្ទៃបឹងទន្លេសាបក្នុងទឹកដីខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ហើយសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលមានលោក ហ៊ុន សុវណ្ណា ព្រមទាំងសមត្ថកិច្ចចម្រុះបានធ្វើ សកម្មភាពបង្ក្រាបយ៉ាងណាក៏ដោយ ក៏ពុំអាចឈ្នះសកម្មភាពល្មើសច្បាប់បានដែរ ។ ហើយការបង្ក្រាបរបស់សង្កាត់ រដ្ឋបាលជលផលនេះ ប្រៀបបាននឹងការវែកចកផងដែរ ។ ការបង្ក្រាបពុំចេះអស់នេះ កើតឡើងពីការឃុបឃីតរវាងឈ្មោះ ឡុង ប៉ូ ប្រធានសហគមន៍នេសាទជាមួយពួកក្រុមនេសាទជនជាតិយួន ដែលប្រើប្រាស់ឧបករណ៍ល្មើសច្បាប់នៅរដូវបិទការនេសាទជារដូវត្រីពង កូនដែលជាសកម្មភាពបំផ្លិចបំផ្លាញមច្ឆជាតិខ្មែរយ៉ាងចំហរបំផុត ៕