ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋស្រុកមេមត់ ពិសេសប្រជាពលរដ្ឋ ដែលរស់នៅជាប់ច្រកចាន់មូល បានរិះគន់ត្រង់ៗចំពោះ មន្ត្រីរដ្ឋបាលព្រៃឈើ ថ្នាក់តំបន់ រហូតដល់ថ្នាក់ខេត្តថា បានបណ្តែតបណ្តោយ ឲ្យក្រុមឈ្មួញដឹកឈើ អត់ច្បាប់គ្រប់ប្រភេទ តាមអំពើចិត្ត ចែកចាយក្នុងស្រុក ក៏ដូចជានាំយកទៅលក់ នៅប្រទេសវៀតណាម តាមច្រកចាន់មូល និងតាមច្រករបៀង ក្នុងទឹកដីស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ប្រភពពីប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចដែលមានភារៈកិច្ច ការពារតាមដងផ្លូវក្នុងតំបន់ បានបង្ហើបឲ្យ ដឹងថា មួយរយៈចុងក្រោយនេះ ក្រុមឈ្មួញ បានកម្រើកសម្រុកដឹកឈើ ប្រណីតប្រភេទ បេង គ្រញូង ធ្នង់ តាមរថយន្តស៊េរីទំនើប និងរថយន្តធំ នាំយកទៅលក់នៅប្រទេសវៀតណាម ចេញតាមច្រកចាន់ មូល និងច្រករបៀងមួយចំនួនទៀត ក្នុងទឹកដីស្រុកមេមត់ ។
ប្រការនេះ ត្រូវបានមជ្ឈដ្ឋានខាងលើ រិះ គន់ថា ជាការបើកភ្លើងខៀវ ពីសំណាក់នាយសង្កាត់រដ្ឋបាល ព្រៃឈើស្រុកមេមត់ ក៏ដូចជាមេខណ្ឌរដ្ឋ បាលព្រៃឈើ ខេត្តត្បូងឃ្មុំតែម្តង ទើបឈ្មួញទាំងនោះ អាច ដឹកនាំបទល្មើសព្រៃឈើទាំងនោះចេញទៅ លក់នៅប្រទេសវៀតណាម បានយ៉ាងរលូនដូច្នេះ ។ ហើយ ឈ្មួញដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មនោះ មានឈ្មោះ ជួប ភារម្យ ហៅលាភ មានតួនាទី ជានាយ ផ្នែក សេនាធិការនគរបាលវរៈព្រំដែន ៦១៧ និងមានឈ្មួញមួយចំនួនទៀត ដែលកំពុងធ្វើសកម្មភាព ដូចគ្នានេះ ។
ពាក់ព័ន្ធទៅនឹងការរិះគន់ចំៗ ទៅលើមន្ត្រីរដ្ឋបាលព្រៃឈើ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៤ នៅចំណុចតាមបណ្តោយផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិចំបក់ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ គេបានឃើញរថយន្តយីឌុប មួយគ្រឿង គ្មានស្លាកលេខ បានជាប់ផុង ដែលមានដឹកឈើ ក្រហមអត់ច្បាប់ជាច្រើនម៉ែត្រគូប នាំមកពីខេត្តមណ្ឌលគីរី បម្រុងយកទៅលក់ចែកចាយ នៅស្រុកក្រូច ឆ្មារ ។ ប៉ុន្តែ ក្រោយពីរថយន្តនោះជាប់ផុង នៅចំណុចកើតហេតុអស់ជាច្រើនម៉ោង គេមិនបានឃើញ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ មានចំណាត់ការទៅលើឈើអត់ច្បាប់ទាំងនោះទេ ។ ប្រការនោះ បាន ធ្វើឲ្យមានការសង្ស័យថា មន្ត្រីរដ្ឋបាលព្រៃឈើ អាចទទួលផលប្រយោជន៍ពីក្រុមឈ្មួញទាំងនោះ ទើប ពួកគេ បណ្តែតបណ្តោយឲ្យមានបទល្មើសព្រៃឈើគ្រប់ប្រភេទ នៅលើដែនសមត្ថកិច្ចរបស់ខ្លួន ដោយ មិនអើពើពីការបង្ក្រាប ហើយបើមានការបង្ក្រាបម្តងៗ បានន័យថា ឈ្មួញនោះ លួចដឹកឈើលោតឆ័ត្រ មិនទំនាក់ទំនងជាមួយមន្ត្រីជំនាញជាមុន ៕
យ៉ាងណាក៏ដោយមិនអាចធ្វើការទំនាក់ទំនង សុំការបំភ្លឺពីលោក ជួប ភារម្យ ហៅលាភ បានទេ ដោយរកលេខទូរសព្ទ័របស់លោកមិនបាន។