ភ្នំពេញៈ ផ្ទៃក្នុងមន្ត្រីប៉ូលិសនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានខ្សឹបឱ្យការិយាល័យរបស់យើងដឹងថា គឺផ្កាយ ៣ តេង សួន ដែលមានតួនាទីជាប្រធាននាយកដ្ឋានកណ្តាលព្រំដែននោះ កំពុងតែទំយើនិយាយអួតអាងពីការប្រមូលលុយយ៉ាងពើង ទ្រូងបំផុតថា សំបូរលុយចាយទប់តំណែង និងព្រោះតែខ្លួនមានខ្នងបង្អែកធំ ហើយចេះចាយលុយទប់តំណែងយ៉ាងស្ទាត់ ជំនាញបំផុត ទើបគ្មាននរណាមួយហ៊ានដកតំណែង និងប៉ះពាល់ខ្លួនបានទេ ! ហើយនិងអាស្រ័យដោយសារអំណាចយ៉ាង ធំធេងកាន់ក្តោបព្រំដែនគោក និងព្រំដែនទឹកនោះ ហើយទើបមានឱកាសក្តោបក្តាប់មុខសញ្ញាបទល្មើសដែនបទល្មើស ទំនិញគេចពន្ធ និងមានឱកាសក្នុងការគាបជម្រិតប្រមូលយកលុយទៅធ្វើសេដ្ឋីជ្រកក្រោមតំណែងយ៉ាងក្រអឺតក្រទមបំផុត សូម្បីតែអគ្គស្នងការរងមួយចំនួនមិនហ៊ានប៉ះពាល់រោមជើងផ្កាយ ៣ តេង សួន បានទេ ហើយទង្វើអសមត្ថភាព និយាយអួតអាងតែពីលុយក្នុងតំណែងជាផ្កាយ ៣ គ្មានស្គាល់ឋានានុក្រមតូចទាបធំនេះបានធ្វើឱ្យបាត់បង់ និងប៉ះពាល់ដល់ឋានានុក្រមបុណ្យស័ក្តិ និងកិត្តិយសក្នុងអង្គភាពប៉ូលិសជាតិមិនគួរបើអគ្គស្នងការនគរបាលជាតិ មើលរំលងសកម្មភាពរបស់ផ្កាយ ៣ តេង សួន ជាមេនាយកដ្ឋានកណ្តាលព្រំដែននោះទេ ។
បច្ចុប្បន្ននេះ ទូកនេសាទ របស់ជនបរទេសមានសៀម និងយួនជាដើម បានសម្រុកចូលមកធ្វើសកម្មភាពក្នុងដែន សមុទ្រខ្មែរយ៉ាងប្រសេចប្រសាចបំផុត គ្មាននរណាអើពើបង្ក្រាបទេ ។ ហើយបើតាមប្រភពខ្សឹបខ្សៀវមួយចំនួនបានបង្ហើបឱ្យ ដឹងថា រឿងដែលគ្មានការបង្ក្រាបទូកនេសាទរបស់យួននិងសៀមទាំងនោះ ក៏ព្រោះតែមន្ត្រីនគរបាលជើងទឹកក្រោមបញ្ជា របស់លោកផ្កាយ ៣ តេង សួន បានចេញប្រមូលផលប្រយោជន៍យកទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាង រំភើយមិនដែលខ្វល់ខ្វាយពីវិធានការរឹតបន្តឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងកំណែទម្រង់ស៊ីជម្រៅរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីម្តងណាឡើយ ។
ព័ត៌មានទម្លាយពីក្នុងតំបន់ផ្ទៃសមុទ្រខ្មែរនាពេលបច្ចុប្បន្ននេះ គឺមានទូកនេសាទរបស់ជនជាតិខ្មែរតិចតួចប៉ុណ្ណោះ ដែលចេញ ធ្វើការនេសាទជាលក្ខណៈគ្រួសារ ដោយប្រើប្រាស់ទូកតូចៗ មិនហ៊ានធ្វើដំណើរទៅកណ្តាលលំហសមុទ្រដើម្បីចាប់ត្រីនោះទេ។ ដោយសារប្រជានេសាទខ្មែរគ្មានដើមទុនសម្រាប់ប្រកបអាជីវកម្មនេសាទត្រីទ្រង់ទ្រាយធំ ជាពិសេសគ្មានលុយបង់ខែជូននគរ បាលជើងទឹករបស់លោក តេង សួន នោះឱ្យធំដុំ តែម្តង។
មានការរំលឹកផងដែរថា គ្រប់ទូកនេសាទទាំងអស់របស់ជនជាតិខ្មែរទោះជាចេញធ្វើនេសាទ ឬមិនចេញក៏ដោយក៏ ត្រូវតែបង់លុយជូនមន្ត្រីជំនាញជលផល ឬសមត្ថកិច្ចចម្រុះក្នុងក្របខណ្ឌគណៈកម្មការស្រាលត្រួតពិនិត្យបទល្មើសលើផ្ទៃ សមុទ្រ ដែលមាន លោក តេង សួន ជាអ្នកចាត់ចែងគ្រប់គ្រងការងារជាប្រធាន និងប្រមូលលុយយកទៅបែងចែកគ្នាធ្វើមាន ធ្វើបានផ្ទាល់ខ្លួនយ៉ាងគឃ្លើនយូរឆ្នាំមកហើយ ។
ដូចជា ច្រកក្រោមក្នុងតួនាទីជាប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹកនៃក្រសួងមហាផ្ទៃ គឺលោក តេង សួន ហាក់ដូចជា ធូររលុងមិនបានយកចិត្តទុកដាក់ពង្រឹងការងារមន្ត្រីក្រោមឱវាទឱ្យការពារបូរណភាព ដែនសមុទ្រខ្មែរនោះទេ ។ បែរជាបិទ ភ្នែកបណ្តែតបណ្តោយឱ្យទូកនេសាទរបស់សៀម និងយួនចូលមកធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យបំផុតក្នុងដែនសមុទ្រ ខ្មែរ។ ជាញឹកញយប្រជានេសាទបានចេញទៅឡោមព័ទ្ធចាប់ទូកនេសាទសៀម និងយួន ដែលឆ្លងដែនចូលផ្ទៃសមុទ្រខ្មែរយកទៅ ប្រគល់ឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធតែទីបំផុត ទូកសៀមនិងយួនទាំងនោះត្រូវបានដោះលែងទៅវិញ តាមរយៈ ការសម្របសម្រួលបង់លុយកាក់។ ហើយសម្រាប់ទូកនេសាទរបស់យួន ឬសៀមមួយគ្រឿង ដែលអាចចូលមកនេសាទ ក្នុងដែនសមុទ្រខ្មែរយ៉ាងអនាធិបតេយ្យពេលណាក៏បាន ត្រូវតែបង់លុយយ៉ាងតិច ២៥០០ដុល្លារអាមេរិក ក្នុងមួយខែឱ្យអ្នក ម៉ៅការសម្រាប់ យកទៅបែងចែកមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ទើបអ្វីៗអាចដំណើរការទៅបានដោយរលូនល្អនោះ។
ប្រភពផ្ទៃក្នុងអះអាងថា លោក តេង សួន បានចាត់តាំងបក្ខពួករបស់គាត់ឱ្យកាន់តំណែងជាប្រធានវរៈនគរបាលប្រចាំ ទិសនីមួយៗតាំងពីព្រំដែនទឹកនៃខេត្តកែប រហូតដល់ខេត្តកោះកុង និងតាមតំបន់ព្រំដែនគោកមួយចំនួនទៀត ប៉ុន្តែវត្តមាន នៃនគរបាលការពារព្រំដែនទឹករបស់លោក តេង សួន មិនបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវនោះទេ គឺបាន ត្រឹមតែចុះទៅដាក់ប៉ុស្តិ៍ជជុះឬចេញនាវាល្បាតដើម្បីប្រមូលលុយពីទូកនេសាទ ដោយខុសច្បាប់ មិនដែលខ្វល់ពីបទបញ្ជា ឬសេចក្តីណែនាំរបស់ថ្នាក់លើក្នុងការបង្ការបង្ក្រាបទប់ស្កាត់បទល្មើសលើផ្ទៃសមុទ្រឱ្យមានប្រសិទ្ធភាពទៅតាមកំណែទម្រង់ស៊ីជម្រៅម្តងណាឡើយ។
មិនតែប៉ុណ្ណោះ គឺលោក តេង សួន មានសិទ្ធិអំណាចធំណាស់ក្នុងការប្រមូលលុយពីបទល្មើសនៃការដឹកជញ្ជូន ទំនិញគេចពន្ធ ឈើខុសច្បាប់នៅលើផ្ទៃសមុទ្រ ជាក់ស្តែងសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតាមដែនកោះ ដឹកយកមកលក់ចែកចាយក្នុង ខេត្តព្រះសីហនុ មិនអាចធ្វើទៅបានទេ ប្រសិនបើគ្មានភ្លើងខៀវពីលោក តេង សួន។
ឯចំពោះការដឹកជញ្ជូនប្រេងសាំងគេចពន្ធមកពីស្រុកយួន និងស្រុកសៀម មកលក់ចែកចាយនៅតាមដែនសមុទ្រតាំងពី ខេត្តកោះកុងរហូតដល់ខេត្តកំពតគឺសុទ្ធតែមានការឃុបឃិតបិទភ្នែកពីសំណាក់នគរបាលការពារព្រំដែនទឹករបស់លោក តេង សួន ផងដែរ ទើបអ្វីៗអាចដំណើរការទៅបាន ហើយបើទោះបីជាការដឹកជញ្ជូនប្រេងសាំងគេចពន្ធ និងការកាប់បំផ្លាញព្រៃឈើ តាមដែនកោះរឹតតែកើតឡើងកាន់តែអនាធិបតេយ្យផ្គើនទៅនឹងសេចក្តីណែនាំនិងបទបញ្ជារបស់ថ្នាក់លើយ៉ាងយ៉ាងគឃ្លើន បំផុតមិនគួរបើគេមើលរំលងនោះទេ !
តាមក្រុមឈ្មួញតូចតាចមួយចំនួនបានលើកឡើងថា សម្រាប់ការដឹកជញ្ជូនទំនិញបន្តិចបន្តួចរងនូវការកោសរូសបង្ខំឱ្យបង់លុយពីសមត្ថកិច្ចនគរបាលការពារព្រំដែនទឹក ក្រោមបញ្ជារបស់លោក តេងសួន បានអះអាងថា ជាការអនុវត្តកំណែទម្រង់ស៊ីជម្រៅ ។ ប៉ុន្តែក្រុមឈ្មួញធំៗដែលរកស៊ីដឹកជញ្ជូនឈើខុសច្បាប់យកទៅលក់នៅក្រៅប្រទេសតាមដែនសមុទ្រវិញ ឬក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធតាមដែនសមុទ្រឡើងដុះស្នឹមទៅហើយនោះទទួលបាននូវការយោគយល់ពីនគរបាល ការពារព្រំដែនទឹក គ្មាននរណាហ៊ានហើបមាត់នោះទេ។
ផ្ទុយទៅវិញ គេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីភាពអនាធិបតេយ្យនៃការបើកឱ្យទូកនេសាទជនជាតិសៀម និងយួន ចូលមកធ្វើសកម្មភាពនៅក្នុងដែនសមុទ្រខ្មែរទាំងយប់ទាំងថ្ងៃ គឺជាកំហុសរបស់អ្នកណាហើយលោក តេង សួន មានការទទួល ខុសត្រូវបែបណាចំពោះភាពអសកម្មទាំងនេះ។ ដូចជា ករណីអនាធិបតេយ្យទាំងនេះ គឺផ្កាយ ៣ តេង សួន មិនអាចគេចផុត ពីការទទួលខុសត្រូវនោះទេ ។
បើតាមមន្ត្រីតូចតាចជាច្រើនបានលើកឡើងថា ប្រសិនបើអាចផ្លាស់ប្តូរតំណែងលោក តេង សួន ទំនងជាអាចមានការ កែទម្រង់ភាពអសកម្មនិងអំពើពុករលួយដែលកំពុងកើតមានយ៉ាងផុសផុល ក្នុងអង្គភាពនគរបាលជើងទឹក ។ ហើយដែល ទង្វើអសកម្មទាំងនេះកំពុងតែកើតមានក្នុងអង្គភាព ។ ហើយបង្ខំឱ្យពួកគេយកតួនាទីរបស់ពួកគេទៅប្រមូលលុយពីទូក នេសាទរបស់សៀម និងយួនយ៉ាងបំពានបំផុត គួរតែថ្នាក់លើត្រួតពិនិត្យផង ។
គួររំលឹកថា បទល្មើសលើផ្ទៃសមុទ្រតាំងពីខេត្តកោះកុងរហូតដល់ខេត្តកំពតមានច្រើនគគោក តែលោក តេង សួន មិនដែលយកចិត្តទុកដាក់បង្ការបង្ក្រាបទប់ស្កាត់ឱ្យស្របទៅតាមសេចក្តីណែនាំរបស់ថ្នាក់លើម្តងណានោះទេ មិនដឹងជា មានអាថ៌កំបាំងអ្វី ប៉ុន្តែសម្រាប់មន្ត្រីតូចតាចនិងក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ផ្ទៃសមុទ្របានលួចបង្ហើបឱ្យដឹងថា ប្រភពចំណូលពីបទល្មើសនៅលើផ្ទៃសមុទ្រខ្មែរ សម្រាប់លោក តេង សួន មានច្រើនសន្ធឹកសន្ធាប់ និងស្ទើរគ្រប់រូបភាព ទាំងអស់។
បើពិនិត្យលើការដាក់ប៉ុស្តិ៍ជជុះចាំប្រមូលលុយពីទូកដឹកជញ្ជូនទំនិញឆ្លងកាត់ផ្ទៃសមុទ្រវិញ មួយខែៗមិនដឹងជាយកលុយដាក់ ការុងទៅណាអស់ទេ ហើយគេដឹងថា មេវរៈព្រំដែនទឹកជាច្រើនជារៀងរាល់ពេលដាច់ខែម្តងៗពួកគេ តែងតែដឹកជញ្ជូនលុយ យកមកបែងចែកថ្នាក់លើ របស់ខ្លួនយ៉ាងរលូនល្អបំផុតឱ្យលោក តេង សួន ។ ហើយដែលករណីនេះមិនគួបើក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ នេត សាវឿន មើលរំលងសកម្មភាពផ្កាយ ៣ តេង សួន នោះទេ។