ប៉ោយប៉ែតៈ តាមសេចក្តីរាយការណ៏ពីក្រុមប្រជាពលរដ្ឋដែលប្រមូលផ្តុំគ្នាតវ៉ាថា ពួកគាត់រស់នៅក្នុងភូមិនេះជាច្រើនឆ្នាំមកហើយ ដោយក្នុងមួយ គ្រួសារ មានដីទំហំ១២គុណនឹង២០ម៉ែត្រ សម្រាប់សាងសង់លំនៅដ្ឋាន តាមគ្រួសារនីមួយៗ។
ស្រាប់តែថ្មីៗនេះផ្លូវសម្រាប់ដើរឆ្លងកាត់រាល់ថ្ងៃត្រូវបានអាជ្ញាធរចាត់ចែងក្នុងដី៤០ម៉ែត្រ មានផ្លូវមួយខ្សែ សាងសង់ផ្ទះទល់គ្នាមុខក្រោយ ដោយនៅក្នុងភូមិមានប្រជាពលរដ្ឋរាប់រយរាប់ពាន់គ្រួសារ និងមានគម្រោងផ្លូវ ខ្វាត់ខ្វែងទៅតាមការកំណត់របស់អាជ្ញាធរតាមតែទំនើងចិត្ត។ ហើយបែរជាធ្វើរបងបិទផ្លូវធ្លាប់ដើរជាប្រចាំរាល់ថ្ងៃ ហើយដែលទីតាំងបិទនោះរំលោភបិទដោយអាងអំណាចខ្លួនជានាយសង្កាត់ជលផលក្រុងប៉ោយប៉ែតនោះ ។
បើតាមប្រជាពលរដ្ឋបញ្ជាក់ថា នៅតាមដីទ្បូត៍ផ្សេងៗមានផ្លូវទៅតាមការកំណត់របស់អាជ្ញាធរ ក្នុង៤០ម៉ែត្រ គឺមានផ្លូវ១ខ្សែ ។ ប៉ុន្តែនៅចំណុចក្រុមទី៩ ក្នុងភូមិសាមគ្គីមានជ័យ ដែលពួកគាត់រស់នៅចំណុចផ្លូវលំ២ខ្សែ នៅពីខាងជើង ឆៀងខាងលិចទល់មុខផ្លូវបេតុង១ខ្សែ ជាប់នឹងសំណង់ផ្ទះល្វែងរបស់ក្រុមហ៊ុន ខេធីអេច នៃកាស៊ីណូ ហ្គោលដិនក្រោនវិញ គឺមានផ្ទៃដីប្រមាណជា១០០ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ សី ស៊ីល័យ ជានាយកសង្កាត់រដ្ឋបាល ជលផល។ ហើយមានកើតហេតុស្រាប់តែពួកគេបានឃើញនាយសង្កាត់ជលផលឈ្មោះ សី ស៊ីល័យ នេះបានហៅមន្ត្រី ប៉ូលិស និងអាជ្ញាធរចុះមកធ្វើរបងបិទផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទាំងស្រុងតែម្តង ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះក្រុមប្រជាពលរដ្ឋជាង៤០គ្រួសាររស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ក៏បានធ្វើការតវ៉ាចោទប្រកាន់មន្ត្រី ២រូប គឺឈ្មោះ សី ស៊ីល័យ ជានាយសង្កាត់ជលផលនិងឈ្មោះ លី ហៅខ្លាឃ្មុំ ពីបទបិទផ្លូវសាធារណៈ មិនឱ្យពួកគាត់ ធ្វើដំណើរឆ្លងកាត់ ហើយដែលបញ្ហានេះមិនគួរក្រុម អាជ្ញាធរកាន់ជើងក្រុមមន្ត្រីខូច ហើយជាន់ឈ្លីកំណែទម្រង់ភូមិ-ឃុំមានសុវត្ថិនោះទេ ។
ជាពិសេសបញ្ហាខាងលើក្រុមប្រជាពលរដ្ឋបានរិះគន់ថា មន្ត្រីទាំង២រូបនេះទៀតថា បានប្រើអំណាចបិទផ្លូវមិនឱ្យពួក គាត់ធ្វើដំណើរ ហើយលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតក៏មិនបានជួយរកដំណោះស្រាយទ្បើយដែល ទំនងកើត មានអំពើពុករលួយជាមួយគ្នាឬអាចជាខ្នងបង្អែករបស់ សី ស៊ីល័យ ក៏អាចថាបាន ព្រោះគេឃើញក្រុម អាជ្ញាធរចុះទៅធ្វើរបងឱ្យជននោះ ។
ប្រភពប្រជាពលរដ្ឋបានឱ្យដឹងថា នៅរដូវវស្សាផ្លូវលំមួយចំនួនក្នុងក្រុងប៉ោយប៉ែតមានសភាពស្អិត ឬរអិលដូចខ្លាញ់ និងទឹកលិច ហើយកន្លែងខ្លះមានជង្ហុកជ្រៅៗពិបាកធ្វើដំណើរចេញចូល ទើបពួកគាត់នាំគ្នាតវ៉ាសុំបើកផ្លូវឱ្យជិតមករក ផ្លូវបេតុង ដើម្បីងាយស្រួលធ្វើដំណើរ។
ផ្ទុយទៅវិញ តែការតវ៉ារបស់ពួកគាត់មិនបានសម្រេចទេ ដោយសារតែបុគ្គលបានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាល ចុះមក ហាមឃាត់មិនឱ្យប្រជាពលរដ្ឋបើកផ្លូវបានទ្បើយ ។ ហើយថែមទាំងយកបង្គោលថ្មីទៅធ្វើជារបងបិទផ្លូវទៀត ផង ។ ដោយឡែក ជុំវិញបញ្ហាខាងលើ លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ គួរពិនិត្យមើលទ្បើងវិញ ជាបន្ទាន់ ព្រោះមន្ត្រីទាំងពីររូប នោះកំពុងតែប្រើអំណាច ពេលរំលោភលើដីរបស់ប្រជាពលរដ្ឋទាំងច្បាប់ព្រៃហើយ មិនតែប៉ុណ្ណោះ លោកអភិបាលក្រុងប៉ោយប៉ែត ង៉ោ ម៉េងជ្រួន ហាក់ដូចជា ព្រងើយចំពោះរឿងនេះ និងគួរតែអភិបាលខេត្តបន្ទាយមានជ័យ គោ ស៊ុំសារឿត គិតគូរការពារ ប្រយោជន៍រួមឱ្យប្រជាពលរដ្ឋផង ព្រោះថា ការបិទផ្លូវដើរដូចខ្ទប់រន្ធច្រមុះអ៊ីចឹងដែរ និងមិនគួរទៅការពារផល ប្រយោជណ៍ឱ្យមន្ត្រីខិលខូចទាំងពីរនាក់នោះទេ ។ ព្រោះថា ភាគច្រើនឱ្យតែមន្ត្រីមានអំណាចមានលុយ គឺតែងតែឈ្នះ ប្រជាពលរដ្ឋជានិច្ច ។ មិនថា តែប្រជាពលរដ្ឋ ម្ចាស់ដី ឬអត់នោះទេ ។ ផ្ទុយទៅវិញតាមទម្លាប់មន្ត្រីក្នុងក្រុងប៉ោយប៉ែត ឱ្យតែមានអំណាច និងមានលុយ ទោះបីជាខុសច្បាប់ក៏ក្លាយជាត្រូវហើយមានអាជ្ញាធរការពារទៀតផង ។