0

បែក​ធ្លាយ​រឿង​ពុក​រលួយ​ក្នុង​មន្ទីរ​សុខា​ភិបាល​ ខេត្ត​កំពត​ស៊ី​​ថវិកា​អ្នក​ជំងឺ​!

កំពតៈ ប្រភព​ខ្សឹប​ចេញ​ពី​​មន្ទីរ​​សុខា​ភិបាល​​ខេត្ត​​កំពត​​បាន​ឲ្យ​ដឹង​ថា​លោក ​ញា ​ប៊ុន​ថន​ ប្រធាន​មន្ទីរ​សុខាភិបាលខេត្តកំពតរួម​និង​មនុស្ស​ជំនិត​មួយចំនួន​ត្រូវបាន​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​មួយ​នេះ​អះអាង​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​សកម្ម​ចាប់តាំងពី​រូបគាត់​ត្រូវបាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​ដែល​ជា​ហេតុ ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ថវិការ​ក្នុង​មួយឆ្នាំៗ​រាប់រយ​លាន​រៀល​។​

ប្រភពដដែលនោះបានបន្តទៀតថាចាប់តាំងពីការ​តែងតាំង​លោក ញា ប៊ុនថន ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត ជំនួស​លោក លឹម កាំ​ង​អៀង ដែល​ចូល​និវត្តន៍​មក រូបគាត់​បាន​រួម​ដៃ​ជាមួយ​មន្ត្រី​សំខាន់ៗ​ក្នុង​មន្ទីរ ជាពិសេស​គឺ​រួម​ដៃ​ជាមួយ​លោក​ប្រធាន​ការិយាល័យ​គណនេយ្យ​ឈ្មោះ ហែម ស៊ីថន និង​អនុប្រធាន​ការិយាល័យ​លោក សៀន សុ​ផន ធ្វើការ​បំប៉ោង​តួលេខ​ចំណាយ​តាម​ជំពូក តាម​គណនេយ្យ​និង​អនុ​គណនេយ្យ​នានា​លើ​ខ្ទង់ចំណាយ​ថវិការ​របស់​មន្ទីរ​សុខាភិបាល​ដើម្បី​ជា​ប្រយោ​ជន៍​ធ្វើមានធ្វើបានសំរាប់តែ​ក្រុម​របស់ពួក​គាត់​។

ប្រពភខាងលើបានបញ្ជាក់បន្លែមថាការប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក ញា ប៊ុនថន និង​គូកន គឺ​មាន​ច្រើន​ករណី ប៉ុន្តែ​ប្រាក់​ដែល​ពួកគេ រួម​គ្នា​ធ្វើការ​បំប៉ោង​តួលេខ​ចំណាយ​នោះ​ភាគច្រើន​ជា​ប្រភេទ​ថវិការ​បុរេប្រទាន​និង​ប្រាក់​ទូទាត់​ត្រង់​។ ហើយ​ចំណុច​ពិសេស​នៃ ​អំពើពុករលួយ​ដែល​ពួក​គេ​ឃុបឃិត​គ្នា​កិបកេង​យ៉ាង​សាហាវ​នោះ​គឺ​ថវិការ​ជំនួយ​ដល់​ប្រជាជន​សំរាក​ពេទ្យ​និង​ថវិការ​សម្រាប់​អាហារ​និង ​សម្ភារៈ​(​របប​អាហារ​អ្នក​ជម្ងឺ​)​ដែល​ថវិការ​សម្រាប់​ចំណាយ​លើ​កម្មវិធី​ទាំងពីរ​នេះ​ក្នុង​មួយឆ្នាំៗ​ចំណាយ​រាប់រយ​លាន​រៀល ឯណោះ ។

ប៉ុន្តែ​បើ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង នៅតាម​មន្ទីរពេទ្យបង្អែក​ទាំង​បួន​របស់​ខេត្ត​កំពត គឺ​ឃើញ​ថា មាន​អ្នក​ជម្ងឺ​យ៉ាងច្រើន​បំផុតត្រឹម​១០%​នៃ​អ្នក​ជម្ងឺ​សរុប​ដែល​ទទួលយក​បាន​នូវ​របប​អាហារ​ក្នុង​ពេល​ចូល​សម្រាក​ពេទ្យ​ដែល​មាន​តម្លៃ​អាហារ​ត្រឹមតែ​២៥០០​រៀល ​សម្រាប់​មួយ​ថ្ងៃ​នោះ​។

តាមដឹងថា​អ្នកជំងឺ​ទាំងអស់​នៅ​ពេល​ចូល​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យបង្អែក​ទាំង​បួន​គឺ​ពួកគាត់​តែងតែ​ត្រូវបាន​គេ​កត់ ​ឈ្មោះ​សម្រាប់​ទទួល​អាហារ​ពេទ្យ ប៉ុន្តែ​ជាក់ស្តែង​គឺ​៩០%​នៃ​អ្នក​ជម្ងឺ​គឺ​ពួកគាត់​ពុំ​បាន​របប​អាហារ​ដែល​មាន​តម្លៃ​ត្រឹម​២៥០០៛ សម្រាប់ ​ពិសា​ចំនួន​ពីរ​ពេល គឺ​ពេល​ថ្ងៃ​និង​ពេល​ល្ងាច តែ​ទោះបី​អ្នក​ជម្ងឺ​ទាំងនោះ​មិន​ទទួល​របប​អាហារ​ពេទ្យ​ក្តី ក៏​មន្ត្រី​នៅក្នុង​មន្ទីរពេទ្យ​និង ​ប្រធាន​អនុប្រធាន​ការិយាល័យ​គ​ណ​នេ​យ្យ​រួម​និង​លោក​ប្រធាន​មន្ទីរ ញា ប៊ុនថន ធ្វើ​របាយការណ៍​ចំណាយ​ទៅលើ​របប​អាហារ​អ្នកជំងឺ ​ទាំងនោះ ពុំ​មាន​បាត់ឈ្មោះ​នរណា​មួយ​ទេ​។ ហើយ​ថវិការ​នេះ​ត្រូវបាន​លោក ញា ប៊ុនថន រួម​និង​ប្រធាន​ការិយាល័យ​គណនេយ្យ​ធ្វើ ការបែងចែក​ផលប្រយោជន៍​គ្នា​តាម​ឋានានុក្រម​នៃក្រុមរបស់ពួកគាត់។​

លោក ញា ប៊ុនថន ដើម​ឡើយ​គ្រាន់តែ​ជា​មន្ត្រី​ពេទ្យ​យោធា​ដែល​សំបូរ​ធនធាន​ដោយ​ឃើញ ​ឱកាសល្អ​រូបគាត់​បាន​ប្តូរ​មក​បំរើ​ការងា​រម​ន្ទីរ​សុខាភិបាល​ខេត្ត​កំពត​កាន់​កម្មវិធី​អេដស៍ និង​ជា​អនុប្រធាន​មន្ទីរ​មួយរយៈ​ខ្លី ដោយសារ ​រូបគាត់​ពូកែ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​មាន​អំណាច​នៅក្នុង​ខេត្ត​និង​ក្រសួង រួមផ្សំ​និង​ទឹកប្រាក់​ដែល​កឹ​បកេង​បាន​ពី​កម្មពិធី​អេដស៍​ក៏​បាន រត់ការ​យក​តំណែង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ជំនួស​លោក លឹម កាំ​ង​អៀង ដែល​ដល់​អាយុ​ចូលនិវត្តន៍ ៕ អ្នក​យក​ព័ត៌​មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ ញា ​ប៊ុន​ថន​​ បាន​ទេ​ដោយ​មិន​អាច​រក​លេខ​ទូរ​សព្ទ័​ទំនាក់​ទំនង​បាន​។

11-8-31

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com