ព្រះសីហនុ៖ ជាច្រើនអាណត្ដិ កន្លងមកដែលលោក ហ៊ុន សែនបានប្រគល់អំណាច ទៅឲ្យលោក ប៉ែន ស៊ីម៉ន ធ្វើជាអគ្គនាយកគយ ដុះស្លែផ្ដាច់មុខ តែម្នាក់ឯងនេះ មិនដឹងជាបាន និងកំពុងធ្វើឲ្យ រដ្ឋត្រូវបាត់បង់ ចំណូលចូលថវិកាជាតិ ក្នុង១ថ្ងៃៗ ១ខែៗ ១ឆ្នាំៗ និង១អាណត្តិៗ ចំនួនប៉ុន្មានម៉ឺន សែន និងលានដុល្លារនោះទេ ។
ព្រោះថា នៅក្នុងចំណោម ស្ថាប័នគយនៅកម្ពុជា ជាច្រើនសម័យកាលមកនេះ មានតែគយសម័យ ប៉ែន ស៊ីម៉ន ជាអគ្គនាយក ដុះស្លែនេះប៉ុណ្ណោះ ដែលល្បីឈ្មោះខ្លាំងជាងគេ គឺល្បីទាំងស្រុកខ្មែរ រហូតទៅដល់បរទេស ខាងផ្នែកប្រព្រិត្ត អំពើពុករលួយ ពួយរលីង ស៊ីរូងផ្ទៃក្នុងយ៉ាងជ្រៅ… ធ្វើឲ្យពួកគេ (មន្ត្រីគយមួយក្ដាប់តូច) មានទ្រព្យសម្បត្តិ ស្ដុកស្ដម្ភមហាសាល ក្នុងពេលដែលប្រទេស និងប្រជារាស្ត្រខ្មែរភាគច្រើន នៅតែស្ថិតក្រោមបន្ទាត់ នៃភាពក្រីក្រដដែល… ដែលរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន បានខ្ចី និងកំពុងបន្តខ្ចីលុយ ពីបរទេសរាប់រយ រាប់ពាន់លានដុល្លារ ក្នុង១ឆ្នាំៗ ឬពីមួយអណត្តិ ទៅមួយអណត្តិ ឥតមានឈប់ឈរ ដើម្បីយកមកកសាងជាតិ… ។
ដោយសារហេតុថា អំពើពុករលួយនោះ វាផ្ដើមឡើងពី ឬកើតចេញពី ការដឹកនាំតាមបែប បក្ខពួកនិយម ក្រុមគ្រួសារនិយម និងការិយាធិបតេយ្យនិយម ជាច្រើនឆ្នាំមកហើយ ដូចជាការតែងតាំង មន្ត្រីៗគយឲ្យនៅកន្លែងខ្លាញ់ ឬឲ្យធ្វើការងារសំខាន់ៗ ដដែលៗតាមរបៀប ចែកគ្នាស៊ីវិលជុំ តែបក្ខពួកខ្លួនឯង បងប្អូនកូនក្មួយខ្លួនឯង ឬក្រុមគ្រួសារសាច់ញ្ញាតិខ្លួនឯង ជាដើម ។ជាក់ស្ដែង ក្រោយពីលោក ប៉ែន ស៊ីម៉ន បានឡើងមកធ្វើជា មេគយម៉ាស្រុកខ្មែរភ្លាម គាត់ (ប៉ែន ស៊ីម៉ន) បានយកប្អូនប្រុស បង្កើតរបស់ខ្លួនឈ្មោះ ប៉ែន សំអាត និង ប៉ែន សារ៉ាត់… ឲ្យឡើងមកធ្វើជាមន្ត្រីគយ បានកាន់ការងារកន្លែងខ្លាញ់ មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ មហាសាលដូចគាត់ជាបង (ប៉ែន ស៊ីម៉ន ) យ៉ាងសង្ហាអស់ទាស់ដែរ ។ មិនតែប៉ុណ្ណោះ មានមន្ត្រីៗគយថ្នាក់អន្ទ្រើស មួយចំនួនផ្សេងៗទៀត ក៍ធ្វើដូចគ្នានេះដែរ គឺយកបងប្អូនកូនក្មួយ ឬបក្ខពួកខ្លួន ឲ្យចូលធ្វើមន្ត្រីគយ កាន់ការងារសំខាន់ៗ ស្ទើរនៅគ្រប់ប៉ុស្តិខ្លាញ់ៗទាំងអស់ តាមយុទ្ធសាស្ត្រ «ឆ្លៀតឱកាសចែកគ្នា រកប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក ទៅតាមខ្សែ ឬតាមជំនាន់» ទាន់អាចនៅធ្វើបាន…។
ឧទាហរណ៍ច្បាស់ៗមួយដូចជា សូម្បីតែករណីលោក គិន លី តែម្នាក់គត់ (ដែលត្រូវជាខ្សែរបស់មេគយធំដុះស្លែ ប៉ែន ស៊ីម៉ន – ប៉ែន សំអាត និង ប៉ែន សារ៉ាត់ ជាបងប្អូនបង្កើតនោះ) ទោះបីគាត់ (គីន លី) ធ្លាប់មានទោសពៃរិ៍ ប្រព្រិត្តអំពើខុសច្បាប់ យ៉ាងធ្ងន់ធ្ងរក៍ដោយ ក៍គាត់ (គីន លី) នៅតែត្រូវបានលោក ប៉ែន ស៊ីម៉ន ជួយ កាងដោះស្រាយបញ្ហា ឲ្យបានរួចផុតពីទោសពៃរិ៍… ហើយបានតែងតាំង ឲ្យបន្តធ្វើជាមេគយ បានកាន់កាប់ការងារ កន្លែងខ្លាញ់ៗរងើម ដូចមុនដដែលតែម្ដង ។
ត្រង់នេះគេសួរថា តើមានមន្ត្រីៗគយប៉ុន្មាននាក់ ដែលអាចធ្វើដូចលោក គិន លី បានដែរទៅ? អ្វីដែលអស្ចារ្យ ជាងនេះទៀត ក្រោយពីលោក គិន លី ធ្វើមេគយនៅកំពង់ផែភ្នំពេញ បានមួយរយៈពេល ដែលអាចរកលុយ បានច្រើនគួរសមហើយ គាត់ (គិន លី) ក៍បានជ្រែមុខតំណែង រកកន្លែងខ្លាញ់ជាងនេះបន្តទៀត… ហើយត្រូវបានលោក ប៉ែន ស៊ីម៉ន តែងតាំងតម្លើង កៅអីថ្មីឲ្យគាត់ (គិន លី ) បានវិលត្រឡប់ទៅ ធ្វើជាមេគយធំ នៅកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ដដែលវិញយ៉ាងឡូយ ធ្វើឲ្យពួកឈ្មួញៗទាំងឡាយ និងបងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ មានការភ្ញាក់ផ្អើលម្ដងទៀត និងនាំគ្នានិយាយថា … អ្នកណាខ្លាំងជាង គិន លី… ។
តាំងពីលោក គិន លី បាន ទៅធ្វើជាមេគយ នៅកំពង់ផែខេត្តព្រះសីហនុ សារជាថ្មីឡើងវិញកាលណាមក មានព័ត៌មានប្រាប់ឲ្យដឹងថា ពួកឈ្មួញៗ និងក្រុមអ្នករត់ការ ឯកសារទាំងឡាយ មិនសប្បាយចិត្តនឹង វត្តមានរបស់លោក គិន លីទាល់តែសោះ ព្រោះគាត់ពូកែបង្កើតល្បិច គាបយកលុយស្រស់ៗពីពួកគេ (ពួកឈ្មួញៗ និងក្រុមអ្នករត់ការ) ។ ពួកគេនិយាយថា សព្វថ្ងៃនេះ គ្រាន់តែឯកសារ ចុះប្រតិវេទន៍គយ ក្នុងមួយថ្ងៃៗមាន រាប់រយឯកសារឯណោះ… ហើយក្នុងមួយឯកសារ ការចំណាយក្រៅផ្លូវការ មានចាប់ពី ១ម៉ឺនរៀល ដល់ ១០ដុល្លារអាមេរិក ដែលនេះមិនទាន់គិត ពីការកោសរូស ចាប់កំហុសផ្សេងៗនោះទេ ។ ការបង់លុយនេះ ធ្វើឡើង ច្រើនដំណាក់កាល រាប់តាំងពីផ្នែកគណនេយ្យ កន្លែងបោះត្រា និងកន្លែងត្រួតពិនិត្យទំនិញ ព្រមទាំងកន្លែងសំខាន់ ជាងគេបំផុតនោះគឺ នៅចំណុចអ្នកអនុញ្ញាត ឲ្យរថយន្ដដឹកទំនិញចេញ-ចូល ទាល់តែមានការឯកភាព (បង់លុយគ្រប់ចំនួន) ពីប្រធាន (គិន លី) ទើបគេអនុញ្ញាតឱ្យ រថយន្ដអាចចេញ-ចូលបាន ឬក៍អាចយកទំនិញ ចេញពីកំពង់ផែនោះបាន ។
ប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងទៀតថា លោក គិន លី ក៍ត្រូវប៉ាន់មិនតិចដែរ នឹងការអនុញ្ញាត ឲ្យពួកឈ្មួញខ្លះ បាននាំចេញទៅលក់ នៅក្រៅប្រទេស ទាំងកុងទីន័រៗ នូវទំនិញបាតឃ្លាំងអន់ៗ… ដែលពួកគេប្រមូលទិញ ពីរោងចក្រមួយចំនួននៅកម្ពុជា ។ បន្ថែមពីលើនេះ នៅមានទំនិញ មានតម្លៃជាច្រើនទៀត ដែលត្រូវបានឈ្មួញ នាំចូលពីបរទេសមកកម្ពុជា ទាំងកុងទីន័រៗដែរ… តែងមានឈ្មួញខ្លះ លួចដាក់បង្កប់ នៅខាងក្នុងនូវ ទំនិញគេចពន្ធ មិនដែលខានទេ… ដែលចំណុចនេះ ក៍បាននិងកំពុង ធ្វើឲ្យលោក គិន លី ជាប្រធានសាខាគយ ប្រចាំកំពង់ផែ អន្ដរជាតិ ខេត្ដព្រះសីហនុ អាចរកចំណូលផ្ទាល់ខ្លួន បានមិនតិចឡើយ ក្នុង១ថ្ងៃៗ ឬ១ខែៗ ឬ១ឆ្នាំៗ និង១អណត្តិៗនោះ ។
មានមន្ត្រីខ្លះបាននិយាយថា ទោះបីពេលនេះទៅហើយលោក គិន លី នៅតែអាងអំណាចលោក ប៉ែន ស៊ីម៉ន យ៉ាងណាក៍ដោយ ក៍នឹងមិនអាចទៅរួចទៀតដែរ ព្រោះសម័យនេះ ជាសម័យថ្មីដែលមានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ធ្វើជារដ្ឋមន្ត្រី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្ទុយគ្នាស្រឡះ ពីសម័យឯកឧត្តម គាត ឈន់… ពោលគឺសព្វថ្ងៃសូម្បីតែលោក ប៉ែន ស៊ីម៉នខ្លួនឯងនឹងមិនអាចជួយខ្លួនឯង ឲ្យបានរួចផុតពីការប្រឈមមុខ នឹងការដកហូតតំណែងបានផងនោះ… ចុះទម្រាំលោក គិន លី ដែលធ្លាប់មានរឿងអាស្រូវ ស្ទើរតែដង្កូវចោះទៅហើយ… តើឯកឧត្តមរដ្ឋមន្ត្រីថ្មី អូន ព័ន្ធមុនីរ័ត្ន សុខចិត្តទុកឲ្យលោក គិន លីបាននៅសោយសុខស្រណុកស្រួល នៅកំពង់ផែខេត្តព្រះសីហនុ តទៅទៀត ឬយ៉ាងណា? ឬមួយក៍ថា ឯកឧត្តមរដ្ឋមន្ត្រីថ្មី អូន ព័ន្ធមុនីរ័ត្ន មិនហ៊ានប៉ះពាល់លោក គិន លី ៕