ត្បូងឃ្មុំ: មានឡានដឹកទំនិញជាច្រើន ដែលឆ្លងកាត់តាមច្រកព្រំដែនមេមត់ ក្នុងខេត្ត ត្បូងឃ្មុំ តែអាជ្ញាធរតាមច្រកព្រំដែន ដូចជាមិនមានវិធានការក្តៅណាមួយ ដល់ពួកឈ្ញួញ ដែលបាននាំចូលទំនិញខូចគុណភាព និងទំនិញគេចពន្ធជាច្រើនមុខឡើយ។
ជាក់ស្តែងដូចជាពេលថ្មីៗនេះ គេឃើញឡានដឹកជ្រូកក្រហមជាច្រើនគ្រឿងចេញ តាមច្រកមេមត់ ចូលមកទីសត្តឃាត និងសំដៅទៅទីកន្លែងដទៃទៀត ដើម្បីចែកចាយលក់បន្ត ទៅខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ ឈ្មួញទាំងនោះ បានបញ្ជាក់ថា ពួកគាត់មានលិខិតអនុញ្ញាតិត្រឹមត្រូវ។ តែអ្វីដែលពួកគេយកមកបង្ហាញ គឺជាលិខិតសម្រាប់ធ្វើអាជីវកម្មតែប៉ុណ្ណោះ មិនមែនជាលិខិតអនុញ្ញាតិឲ្យនាំជ្រូកចូលនោះទេ ។
ការនាំចូលជ្រូកក្រហមពីវៀតណាម ដោយមិនមានការអនុញ្ញាតិត្រឹមត្រូវ ហើយមិនមានការត្រួតពិនិត្យពីមន្ត្រីជំនាញផ្នែកបសុពេទ្យ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ព្រោះកន្លងមកមន្ត្រីទាំងនោះ មិនបានគិតពីផលប្រយោជន៍ប្រជាជនទេ គឺគាត់គិតហោប៉ៅរបស់ពួកគាត់។ មួយថ្ងៃ ដឹកប៉ុន្មានឡានក៏បាន ឲ្យតែបង់ប្រាក់ឲ្យពួកគាត់។
ប្រជាពលរដ្ឋ មានមុខរបរជាអ្នកចិញ្ចឹមជ្រូកលក់រស់នៅខេត្តក្រចេះ បានឲ្យដឹងថា ពួកគាត់មានការព្រួយបារម្ភ ពីតម្លៃធ្លាក់ចុះ ព្រោះជ្រូកវៀតណាម កំពុងតែសម្រុកចូលយ៉ាងគគ្រឹកគគ្រេង មកកាន់ទីផ្សារកម្ពុជា ហើយមន្ត្រីបសុពេទ្យ ក៏មិនបានត្រួតពិនិត្យឲ្យបានច្បាស់លាស់ពីសត្វទាំងនោះ ដែលនាំចូលមកថា មានជំងឺ ឬក៏អត់។
រាជរដ្ឋាភិបាល ធ្លាប់បានដាក់បម្រាម ហាមមិនឲ្យនាំចូលជ្រូកពីប្រទេសជិតខាង ពិសេសជ្រូកមកពីប្រទេសថៃ និងប្រទេសវៀតណាម ដោយសារតែសត្វជ្រូក ជាភ្នាក់ងារចម្លងជំងឺគ្រុនផ្តាសាយថ្មី ដែលអាចសម្លាប់ជីវិតមនុស្សបានយ៉ាងឆាប់រហ័ស។ ក៏ប៉ុន្តែបម្រាមគោចរនោះ ប្រហែលជាអស់ប្រសិទ្ធភាពហើយ បានជាជ្រូកក្រហមវៀតណាម ត្រូវបានគេនាំចូលយ៉ាងដូច្នេះ៕