ខេត្តប៉ៃលិន ៖ គេសង្កេតឃើញថាក្រុមឈ្មួញឃុបឃិតជាមួយអាជ្ញាធរបានជីករំលាយ ភ្នំមួយកន្លែងដែលស្ថិតនៅចំណុចខាងក្រោយ សាលាបឋមសិក្សាអូរតាវ៉ៅ ក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ត្រូវបានប្រជាពលរដ្ឋរិះគន់ថា មានឈ្មួញម្នាក់ ឈ្មោះ ឈុន ឆាង ប្រើគ្រឿងចក្រឈូសឆាយយ៉ាងសកម្មយកថ្មទៅលក់ ដែលធ្វើឱ្យរងការបំផ្លាញស្ទើរតែរលាយបាត់បង់កូនភ្នំទាំងមូល ។ ចំណែកអាជ្ញាធរបានឆ្លើយដាក់គ្នាទៅវិញទៅមកថា អត់ដឹងរឿងនេះទេ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា កូនភ្នំមួយកន្លែងខាងលើត្រូវបានឈ្មួញ ឃុបឃិតជាមួយអាជ្ញាធរកាយដីលក់ ដែលបណ្តាលឱ្យបាត់បង់កេរតំណែលធនធានធម្មជាតិ ហើយមិនត្រឹមតែបាត់បង់ភ្នំប៉ុណ្ណោះទេ ប៉ុន្តែផ្លូវជាតិ និងផ្លូវលំមួយចំនួន ដែលទើបតែធ្វើ រួចថ្មីៗ បានក្លាយទៅជាកន្លែង ក្រឡិកក្រឡុកស្ទើរតែធ្វើដំណើរ មិនកើតនោះឡើយ ។ ទាក់ ទិនទៅនឹងបញ្ហានេះ ពេលរថយន្តដឹកដីចូលទៅផ្លូវក្នុងក្រុងម្តងៗ ធ្វើឱ្យហុយកំទេចធូលីដីចូលផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ផ្លូវដង្ហើមក្មេងចាស់យ៉ាងខ្លាំងផងដែរ ។
ទាក់ទិនទៅនឹងបញ្ហានេះ លោក ឈុន ឆាង ប្រធានក្រុមហ៊ុនដឹកដីឯកជនមួយ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ការដែលគាត់ប្រើគ្រឿងចក្រជីកកកាយដីនេះ គឺគាត់ទិញពីម្ចាស់ម្នាក់ ឈ្មោះ សៅ ប៊ុននិល ភេទប្រុស អាយុ៤៨ឆ្នាំ ដោយក្នុង១រថយន្ត ទិញតម្លៃ៤ពាន់រៀល ។ គាត់បានបន្តទៀតថា ដីនេះគេមានប្លង់ត្រឹមត្រូវអស់ ទើបគាត់ហ៊ានយកគ្រឿងចក្រទៅជីកកកាយ ដើម្បីយកទៅលក់បន្តបែបនេះ ។
ប្រភពព័ត៌មានពីម្ចាស់ដី ឈ្មោះ សៅ ប៊ុននិល បានរៀបរាប់ឱ្យដឹងថា ដីគាត់មានប្លង់ត្រឹមត្រូវពិតប្រាកដមែន ដោយគាត់លក់ឱ្យឈ្មួញត្រឹមតែជើងភ្នំប៉ុណ្ណោះ ។ ចំណែកនៅលើភ្នំគាត់មិនបានលក់នោះទេ ព្រោះគេមិនបានធ្វើប្លង់ឱ្យគាត់កាន់កាប់ឡើយ ហើយការជីកកកាយលើភ្នំនេះគាត់មិនបានដឹងរឿងនោះទេ ពីមុនធ្លាប់ឃើញខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តយកគ្រឿងចក្រទៅកាយលើភ្នំនេះទៅចាក់ក្រាលផ្លូវលំក្រវាត់ក្រុងដែរ។
ប្រភពព័ត៌មានពីលោក សួន អ៊ន់ ចៅសង្កាត់អូរតាវ៉ៅ បានឱ្យដឹងតាមទូរស័ព្ទថា ពាក់ព័ន្ធទៅនឹងបញ្ហាឈ្មួញជីកកកាយភ្នំទាំងអស់នេះ លោកមិនបានដឹងទេ ដោយគេមិនបានទាក់ទងមកខាងសង្កាត់នោះឡើយ ព្រោះគេមានអំណាចជាងលោក គេអាងមានច្បាប់អនុញ្ញាតិពីមន្ទីររ៉ែនិងថាមពលខេត្ត ហើយក៏អត់មានវិធានការអ្វីទប់ស្កាត់នោះដែរ ។
ចំណែកមន្ត្រីនៃមន្ទីររ៉ែ និងថាមពលខេត្ត បានឱ្យដឹងតាមទូរស័ព្ទថា ខាងមន្ទីរមានសិទ្ធិត្រឹមតែចេញលិខិតអនុញ្ញាតិឱ្យធ្វើអាជីវកម្មធនធានរ៉ែប៉ុណ្ណោះ ទោះបីជាទិញដីពីប្រជាពលរដ្ឋ ឬទៅទិញកន្លែងណា ក៏មន្ទីរមិនដឹងទេ អាស្រ័យទៅលើអាជ្ញាធរដែនដីជាអ្នកអនុញ្ញា តិ ។ ពេលដឹកដីឈ្មួញម្នាក់ៗ ត្រូវតែបង់សួយសារចូលខាងមន្ទីរ ហើយដែលពួកគាត់ជីកឬកកាយដីពីណាមកនោះខាងមន្ទីរអត់ដឹងនោះទេ។