ខេត្តរតនគិរី ៖ ក្រុមឈ្មួញរកស៊ីឈើប្រណីតខុសច្បាប់ចំនួន២ទៅ៣នាក់ក្នុងខេត្តរតនគិរីកំពុងប្រមូលឈើប្រណីត ប្រភេទធ្នង់តាមបណ្តាស្រុកនានាយកមកផ្ទុកទុកនៅស្រុកអណ្តូងមាស ដើម្បីដឹកតាមរថយន្តកែច្នៃ(ហៅគោយន្ត) ធុនធំជារៀងរាល់យប់ទៅលក់ឱ្យមេឈ្មួញជនជាតិវៀតណាមតាមច្រករបៀងប៉ាសៅ ស្ថិតនៅឃុំញ៉ាង ស្រុកអណ្តូងមាស ។
ទាក់ទិនករណីជំនួញឈើប្រណីតខាងលើត្រូវបានមន្ត្រីរាជការតូចតាចប្រចាំស្រុកអណ្តូងមាសខ្សឹបប្រាប់កោះសន្តិភាពថា គេសង្កេតឃើញមានក្រុមឈ្មួញចំនួន២ទៅ៣នាក់ដែលនាក់មានលុយច្រើនកំពង់តែប្រមូលទិញឈើប្រណីតប្រភេទធ្នង់តាមព្រៃសហគមន៍ដឹកចេញពីស្រុកតាវែងយកផ្ទុកទុកតាមចម្ការរបស់ពួកឈ្មួញ ដើម្បីដឹកតាមគោយន្តកែច្នៃ និងរថយន្តឡង់គ្រីស័រ និងតាមទូក ។
មន្ត្រីដដែលបានបន្តទៀតថាមុនពេលក្រុមឈ្មួញដឹកឈើចេញពួកឈ្មួញបានទូរស័ព្ទប្រាប់សមត្ថកិច្ច និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើតាំងពីសង្កាត់រហូតដល់ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ហើយក្នុង១គោយន្តក្រុមឈ្មួញគេបានបង់ជួនកងកម្លាំងទាំងអស់នោះចំនួន២០០ដុល្លារ ទូក១គ្រឿង២០០ដុល្លាដែរ ។
សកម្មភាពទាំងអស់នេះធ្វើឱ្យមានការរិៈគន់ពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុកអណ្តូងមាសថា មន្ត្រីរដ្ឋបាលព្រៃឈើបានឃុបឃិតគ្នាជាមួយក្រុមឈ្មួញ បំផ្លាញ ព្រៃ ឈើ យ៉ាង បែបអនាធិបតេយ្យ ប្រហែលទៅអនាគត់ឈើស្រុកខ្មែររលាយអស់ហើយ ហើយមន្ត្រីច្បាប់កំពុងតែផ្គើនអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថ្មីៗនេះ ។
សារពត៌មានចាប់ដៃមិនអាចសុំការបំភ្លឺពីលោកឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកបរកែវ និងលោកវង្ស សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរីបានទេ ទាក់ទងទៅនិងការរិះគន់ខាងលើ និងការយកលុយពីគោយន្តកែច្នៃដឹកឈើប្រណីត ក្នុងមួយគ្រឿង ២០០ដុល្លារ។