កោះកុងៈ លោក កៅ សារ៉ាណា មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិចំាយាមខេត្តកោះកុងបានយកមន្ត្រីដែលមានជំនាញកាប់ដាវ ឲ្យកាន់ការងារសំខាន់ៗ ដើម្បីប្រមូលសេដ្ឋកិច្ច ពីការហូរចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងការយកលុយ ពីអ្នកដំណើរឆ្លងដែន តាមរបៀបពុករលួយយកទៅចែកគ្នាធ្វើមានធ្វើបាន យ៉ាងស្រួលគ្មាន ញញើតនិងអង្កភាពប្រឆាំងអំពើពុករលួយបន្តិចសោះឡើយ ។
អ្នករកស៊ីដឹកទំនិញ បានឲ្យដឹងថា ចាប់តាំងពីលោក កៅ សារ៉ាណា មកកាន់តំណែងជា មេប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិចាំយាម គាត់បានធ្វើការរិតបន្ដឹង ចំពោះការនាំទំនិញ ចេញ-ចូល របស់អាជីវករតូចតាច ក្រោមហេតុផលយកលុយថ្លៃបាយ តែធូររលុងចំពោះទំនិញគេចពន្ធ ដែលឈ្មួញនាំចូល តាមរថយន្ដធំៗ ទាំងថ្ងៃទាំងយប់ ព្រោះតែឈ្មួញធំៗទាំងអស់នោះ បង់លុយក្បាលរថយន្ដ ហើយបង់លុយប្រចាំខែទៀតផង។
កាលពីជំនាន់មេប៉ុស្ដិ៍មុន ទំនិញផ្លែឈើមួយរទេះ អ្នកនាំចូលត្រូវបង់លុយ ឱ្យជំនាញគយ ឈរមាត់ច្រកទ្វារ ៥ម៉ឺនរៀល កាំកុងត្រូល ១ម៉ឺនរៀល និងនគរបាល អន្ដោប្រវេសន៍ ១ ម៉ឺនរៀលទៀត គឺចប់អាចជញ្ជូនដាក់រថយន្ដ ដឹកចេញបានហើយ។
លោក កៅ សារ៉ាណា បានបង្កើតប៉ុស្ដិ៍មួយទៀត នៅចម្ងាយប្រមាណ ៦០០ម៉ែត្រពីច្រកទ្វារ រួចហើយទារលុយ ពីអ្នកដឹកផ្លែឈើមួយរទេះ ៣ម៉ឺនរៀលបន្ថែមទៀត ធ្វើឱ្យបន្ទុកចំណាយ របស់អាជីវករតូចតាច កាន់តែច្រើនឡើងៗ ព្រោះក្នុងមួយរថយន្ដតួរីស គឺអាច ផ្ទុកផ្លែឈើបាន ៣-៤ រទេះ ដូច្នេះគ្រាន់តែនៅមាត់ច្រកទ្វារមួយ ត្រូវបង់លុយអស់ ៩ម៉ឺនរៀលហើយនៅតាមផ្លូវ ត្រូវបង់លុយឱ្យគយ នគរបាលសេដ្ឋកិច្ច មន្ដ្រីអាវុធហត្ថ នគរបាលចរាចរណ៍ឈរជើង នៅតាមផ្លូវជាតិតាមខេត្ដ តាមស្រុកជាហូរហែ ទម្រាំដឹកទៅដល់ភ្នំពេញ ត្រូវចាយលុយមិនក្រោមពី ៤០ម៉ឺនរៀលឡើយ។ មានន័យថា លោក កៅ សារ៉ាណា កំពុងចាត់ចែងឲ្យមានបណ្តាញ ប្រព្រឹត្តអំពើពុករលួយ ដែលថ្នាក់លើគួរពិនិត្យមើល ឡើងវិញជាបន្ទាន់៕