សៀមរាបៈ បើតាមក្រុមប្រជាពលរដ្ឋដែលដឹងរឿង និងធ្លាប់ឃើញសកម្មភាពរបស់ក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញ ខុសច្បាប់យ៉ាងប្រសេចប្រសាចមកពីច្រកព្រំដែន ខេត្តបន្ទាយមានជ័យ ច្រកជាំស្រងាំ និងច្រកអូរស្មាច់ ខេត្តឧត្តរ មានជ័យ ហើយទំនិញខ្លះទៀតបានដឹកចូលពីស្រុកសៀម តាមខេត្តព្រះវិហារ យកមកស្តុក លក់ចែកចាយ យ៉ាងអនា ធិបតេយ្យនៅទីរួមខេត្តសៀមរាប គឺជំនាញគយរបស់លោក សុខ សុដារ៉ា ក្តោបក្តាប់បាននូវមុខសញ្ញាក្រុមឈ្មួញរកស៊ី ដឹកជញ្ជូនទំនិញគេចពន្ធសឹងតែទាំងអស់ប៉ុន្តែរឿងដែលគ្មានការបង្ក្រាបក៏ព្រោះតែជំនាញគយទាំងនោះទទួលបានផលប្រយោជន៍ពីក្រុមឈ្មួញ រកស៊ីនាំចូលទំនិញគេចពន្ធទាំងនោះផ្គើនទៅនឹងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើ ពុករលួយ។
មិនតែប៉ុណ្ណោះ លោក សុខ សុដារ៉ា ក៏រងនូវការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋនិងមន្ត្រីតូចតាចពីសកម្ម ភាពពង្រាយមន្ត្រីគយចល័តឱ្យចុះដាក់ប៉ុស្តិ៍តាមដងផ្លូវ ចាំរាប់ក្បាលឡានដឹកទំនិញមកពីព្រំដែន ប៉ោយប៉ែត ឆ្លងកាត់ ផ្លូវជាតិលេខ៦ ដែលមានមូលដ្ឋានធំនៅចំណុចទឹកវិលពោលគឺកុងត្រូលជជុះរបស់ជំនាញគយ នៅទូទាំងខេត្ត សៀមរាបបានធ្វើសកម្មភាពកោសរូសបង្ខំឱ្យក្រុមឈ្មួញបង់លុយទៅតាមតែអំពើចិត្តពេលខ្លះប្រជាពលរដ្ឋសុំការ យោគយល់បញ្ចុះ តម្លៃក្បាលឡានក៏ជំនាញគយទាំងនោះនៅតែតាមទារលុយដោយចាប់រថយន្តយក ទៅដាក់នៅស្នាក់ការប៉ុស្តិ៍របស់ពួកគេទុកឱ្យខូចខាតបាត់បង់ទំនិញជាយថាហេតុ។
តាមប្រតិបត្តិការដែលនគរបាលសេដ្ឋកិច្ចបានឡោមព័ទ្ធចូលទៅឆែកឆេរឃ្លាំងស្តុកទំនិញដ៏ធំមួយកន្លែងនៅចំណុច ក្រុមទី២ ភូមិតាវៀន សង្កាត់សាលាកម្រើកក្នុងក្រុងសៀមរាបកន្លងមក ដែលម្ចាស់ ឈ្មោះ ស៊ុន ហុក គេបានរក ឃើញទំនិញមិនប្រក្រតីរាប់រយកេស ។ ហើយគេដឹងថាមិនមែនមានតែឃ្លាំងស្តុកទំនិញមួយនេះទេ គឺនៅទូទាំងខេត្ត សៀមរាប មានឃ្លាំងស្តុកទំនិញខុសច្បាប់ ស្ទើរតែរាប់រយកន្លែង កំពុងស្តុកនិងដឹកជញ្ជូនចែកចាយទំនិញមិនប្រក្រតី ដែលគេមិនដែលឃើញលោក សុខ សុដារ៉ា ជាប្រធានសាខាគយខេត្តសៀមរាប យកចិត្តទុកដាក់លុបបំបាត់ភាព អនា ធិបតេយ្យនៃការដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់យកមកស្តុកលក់ ចែកចាយពេញបន្ទុកខុសច្បាប់នៅ ក្នុងខេត្តសៀមរាបម្តងណាឡើយ។ ហើយដែលគេថា គាត់អាចគ្រប់ទឹកពីឈ្មួញបទល្មើសទំនិញគេចពន្ធទាំងនោះ ។
ផ្ទុយទៅវិញគេបានរំលឹកដល់ប្រតិបត្តិការដែលប៉ូលិសសេដ្ឋកិច្ចឡោមព័ទ្ធឃ្លាំងស្តុកទំនិញគេចពន្ធ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ នោះ គឺបានរកឃើញទំនិញមិន ប្រក្រតីជាច្រើនប្រភេទបង់ពន្ធមិនគ្រប់និងករណីប្រើប្រាស់ពន្ធ ក្លែងក្លាយ ដែលអាចចាត់ទុកជាទំនិញមិនស្របច្បាប់រួមមានតែអូអ៊ិឈិ ចំនួន១២៤កេស ទឹកដោះគោខាប់៤១កេស និងប្រេងឆា៣៧៨កេស ត្រូវបានដឹកជញ្ជូនតាមរថយន្តកាមរី មកពីច្រកព្រំដែនយកមកស្តុកទុកក្នុងឃ្លាំងនៅកណ្តាល ក្រុងសៀមរាប ។ ហើយដែលគេមិនដែលឃើញជំនាញគយគិតគូរទប់ស្កាត់ការដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញ ខុសច្បាប់ ទាំងនេះឱ្យមានប្រសិទ្ធភាពម្តងណាឡើយ ។
តាមប្រភពមួយបានបង្ហើបឱ្យដឹងថា ក្នុងខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះមានទំនិញគ្រប់ប្រភេទដែលក្រុមឈ្មួញ ដឹកចូលមកពីគ្រប់ទិសទី គឺមានទំនិញដែលបង់ពន្ធត្រឹមត្រូវតាមច្បាប់ត្រឹមតែ៥០ភាគរយប៉ុណ្ណោះ គឺទំនិញទាំងនោះ ដឹកមកពីច្រកព្រំដែនភាគខាងលិចជាប់ប្រទេសសៀម ដោយប្រើប្រាស់រថយន្តគ្រប់ប្រភេទ ។
បើតាមការដឹកជញ្ជូនទំនិញមកពីស្រុកយួនដែលបង្កប់មកជាមួយឡានក្រុងដឹកអ្នកដំណើរមួយថ្ងៃៗរាប់សិបតោន ចូលមកខេត្តសៀមរាប សុទ្ធសឹងតែជាទំនិញគេចពន្ធនាំឱ្យខាតបង់ចំណូលថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយ ខែៗ មិនមាននរណាយកចិត្តទុកដាក់បង្ការបង្ក្រាបទប់ស្កាត់នោះទេ។
ផ្ទុយទៅវិញជំនាញគយរបស់លោក សុខ សុដារ៉ា បានត្រឹមតែបង្កើតប៉ុស្តិ៍ជជុះ ដើម្បីប្រមូលលុយពីក្រុមឈ្មួញដឹក ជញ្ជូនទំនិញទាំងតូចទាំងធំឱ្យចូលបង់លុយជាប់ជាប្រចាំ ហើយជំនាញគយដែលមានគំនិតពុករលួយចង់បានតែលុយ យកមកច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួន បើទោះបីជាលោក ហ៊ុន សែន បានលើកឡើងអំពីយុទ្ធសាស្ត្រកែទម្រង់ ស៊ីជម្រៅ មកធ្វើការប្តេជ្ញាចិត្តសម្រាប់ការប្រមូលពន្ធឱ្យបាន ១០០ភាគរយ បែបណា ក៏ដោយ ក៏លោក សុខ សុដារ៉ា មិនដែលខ្វាយខ្វល់ពីបញ្ហានេះទេ ។
ដូចជា នៅលើទឹកដី ខេត្តសៀមរាប ការដឹកជញ្ជូនទំនិញគេចពន្ធនិងការនាំចេញឈើខុសច្បាប់សុទ្ធសឹងជាផល ប្រយោជន៍ដែលជំនាញគយរបស់លោកសុខ សុដារ៉ា កៀងគរក្រុមឈ្មួញឱ្យចូលបង់លុយតាមតែអំពើចិត្ត មិនដែល ខ្វល់ខ្វាយពីការបង្ក្រាបឬរឹតបន្តឹងការប្រមូលពន្ធឱ្យបាន១០០ភាគរយនោះទេ ឈានដល់ការប្រើប្រាស់ពន្ធក្លែងក្លាយ ដើម្បីបោកបន្លំភ្នែកសមត្ថកិច្ចមួយចំនួនដែលជាបទល្មើសព្រហ្មទណ្ឌថ្មីមួយទៀត មិនគួរលើកលែងដល់ក្រុមឈ្មួញ ទាំងនេះទេ ។
ដោយសារតែភាពអសកម្មមិនប្រក្រតីរបស់ជំនាញគយចេះតែអនុវត្តន៍ដោយជោគជ័យមិនមានសមត្ថកិច្ចណាហ៊ានសួរនាំគឺជាការលើកទឹកចិត្តឱ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធគ្រប់ប្រភេទមកលក់ចែកចាយនៅក្នុងខេត្តសៀមរាប ដែលគេយល់ឃើញថា លោក សុខ សុដារ៉ា កំពុងត្រូវប៉ាន់ពីការឃុបឃិតបិទភ្នែកឱ្យជំនាញគយក្រោមឱវាទ ដើរដាក់ ប៉ុស្តិ៍ជជុះនិងចាំជំរិតទារលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញទាំងតូចទាំងធំតាមតែអំពើចិត្ត ។
ជាតម្លាភាពគេចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយត្រួតពិនិត្យឡើងវិញជាបន្ទាន់ចំពោះភាពអសកម្មនិងការ ឃុបឃិតឱ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់មកស្តុកទុកនិងសម្រាប់លក់ចែកចាយនៅក្នុងខេត្ត សៀមរាប ក្រោមក្រសែភ្នែករបស់ជំនាញគយពុករលួយ ដែលមានលោក សុខ សុដារ៉ា ជាមេខ្លោង ដែលយ៉ាងហោច ណាស់ជាការរួមចំណែកអនុវត្តន៍គោលនយោបាយកែទម្រង់ស៊ីជម្រៅក្នុងការលុបបំបាត់អំពើរត់ពន្ធទំនិញខុសច្បាប់។
ជាពិសេស ប្រសិនបើមានវិធានការរឹតបន្តឹងបង្ក្រាបទប់ស្កាត់ការហូរចូលទំនិញគេចពន្ធគ្រប់ប្រភេទនៅក្នុងខេត្ត សៀមរាប ច្បាស់ណាស់ដែលថា អាចនឹងមានការបង្កើនចំណូលពន្ធបង់ចូលក្នុងហិបថវិកាជាតិសម្រាប់ប្រើប្រាស់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជួយកាត់បន្ថយភាពក្រីក្រ គួរឱ្យមានមោទនភាពបំផុត។ ប៉ុន្តែគេមិនរំពឹងទុកថា លោក សុខ សុដារ៉ា នឹងមានឆន្ទៈលុប បំបាត់ការដឹកជញ្ជូនឬការស្តុកលក់ចែកចាយទំនិញគេចពន្ធឱ្យមានប្រសិទ្ធភាព នោះទេ ព្រោះការរឹតបន្តឹងប្រមូលពន្ធឱ្យបាន១០០ភាគរយ មិនខុសពីការវាយបំបែកឆ្នាំងបាយរបស់ខ្លួនឯងនោះទេ។