ក្រុងប៉ោយប៉ែត ៖ ទំនិញប៉ះពាល់សុខភាព និងទំនិញគេចពន្ធ ហូរចូលតាមច្រករបៀង គ្រប់គ្រងដោយប៉ូលិសព្រំដែនគោក លេខ៨៩១ យ៉ាងរលូនមានដូចជាមាន់កសិកម្មថៃ ត្រូវបានក្រុមឈ្មួញខិលខូច លួចនាំចូលតាមច្រករបៀង ទាំងថ្ងៃទាំងយប់ គ្មានការត្រួតពិនិត្យនិងទប់ស្កាត់ ពីសំណាក់មន្ត្រីសមត្ថកិច្ចជំនាញ ធ្វើឲ្យប្រជាពលរដ្ឋ ព្រួយបារម្ភចំពោះសុខភាព ដែលប្រឈមនិងជម្ងឺឆ្លងផ្សេងៗ ពិសេសធ្វើឲ្យប៉ះពាល់ដល់ ការចិញ្ចឹមមាន់ក្នុងស្រុក ជាលក្ខណះគ្រួសារ ចិញ្ចឹមមិនចំណេញ ព្រោះតែលក់បានតំលៃទាប រហូតប្រជាកសិករខ្លះ បោះបង់របរនេះធ្វើចំណាកស្រុក ចេញទៅស៊ីឈ្នួលនៅប្រទេសថៃ ថែមទៀតផង។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងក្រុងប៉ោយប៉ែត តាមមាត់អូរព្រំដែន កម្ពុជាថៃ ខាងត្បូងផ្លូវជាតិលេខ៥ បានប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្ននេះសត្វមាន់រស់ ជាមាន់កសិកម្មថៃ ត្រូវបានក្រុមឈ្មួញខ្មែរ លួចនាំចូលតាមច្រករបៀង ដែលបណ្តាក់គ្នាដូចខ្យង របស់កងកម្លាំង នគរបាលវរសេនាតូច ការពារព្រំដែនគោកលេខ៨៩១ ជាអ្នកបើកដៃឲ្យចូលដោយសេរី ទាំងថ្ងៃទាំងយប់។ បើតាមការពិនិត្យ ក្នុង ១ថ្ងៃៗ មាន់រាប់ពាន់ក្បាល ដឹកតាមរយន្តរឺម៉កនិងម៉ូតូ ចូលទៅលក់និងផ្គត់ផ្គង់ តាមទីផ្សារក្នុងក្រុងប៉ោយប៉ែត និងចែកចាយតាមទីផ្សារ ខេត្តបន្ទាយមានជ័យ និងតាមបណ្តាខេត្ត មួយចំនួនទៀត ហើយការនាំចូលមាន់នេះ មិនបានឆ្លងកាត់ ការត្រួតពិនិត្យសុខភាពសត្វ ពីសំណាក់មន្ត្រីជំនាញឡើយ។
ពួកគាត់បង្ហើបឲ្យដឹងទៀតថា ច្រករបៀងដែលចេញមាន់កសិកម្មថៃ ខ្លាំងជាងគេ គឺច្រករបៀងក្រោយវត្តម៉ុងចិន ដែលមានលោក ភោគ វិបុល ជាមេបុស្តិ៍ ពូកែធ្វើទំនាក់ទំនងសេដ្ឋកិច្ច ទាក់ទងជាមួយថៃ ដើម្បីបាននាំចេញនូវឥវ៉ាន់គេចពន្ធ មួយចំនួនទៀត ចូលមកកម្ពុជា យ៉ាងរលូន។ ហើយនៅក្បែរគ្នានោះ គឺជាប៉ុស្តិ៍គីឡូម៉ែត្រលេខ៤ ដែលគ្រប់គ្រងដោយ លោក ឆែម ចំប៉ាមាន ៣ច្រ កកំពុងចេញមាន់រស់ និងឥវ៉ាន់សព្វសារពើ ជាពិសេសចំណីអាហារ ខូចគុណភាពនៅពេលយប់ផងដែរ។ ដោយនៅពេលថ្ងៃ គេបន្លំដឹកចេញ ជាសំបកដបអេតចាយ និងមាន់រស់ លុះពេលយប់ មានទំនិញសព្វសារពើ។
ដោយសារតែមើលឃើញ ច្រករបៀងរបស់កងកម្លាំង នគរបាលការពារព្រំដែន៨៩១ ដែល កំពុងចេញនូវឥវ៉ាន់គេចពន្ធ សព្វសារពើ រួមជាមួយមាន់កសិកម្មថៃ យ៉ាងគគ្រឹកគគ្រេង ដោយរលូន គ្មានការចុះត្រួតពិនិត្យ សុខភាពសត្វ ពីសំណាក់មន្ត្រីជំនាញបែបនេះ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ ពីបញ្ហាសុខភាព និងបានរិះគន់យ៉ាងខ្លាំង ទៅលើមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ មិនគួរបណ្តែតបណ្តោយ ឲ្យមាន់កសិកម្មថៃ ឆ្លងដែនចូលពីប្រទេសថៃ ខ្វះការត្រួតពិនិត្យដូចទឹកបាក់ទំនប់ បែបនេះឡើយ។ ព្រោះមិនត្រឹមតែធ្វើឲ្យពួកគាត់ ជាកសិករចិញ្ចឹមមាន់ជាលក្ខណះគ្រួសារ បាក់ទឹកចិត្តនិងបោះបង់ ការចិញ្ចឹមសត្វមាន់ប៉ុណ្ណោះទេ តែវាធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្មែរ ធ្ងន់ធ្ងរផងដែរ។
ពួកគាត់បញ្ជាក់ថា នេះដោយសារតែមន្ត្រីជំនាញទាំងនោះ កំពុងត្រូវថ្នាំសណ្តំ របស់ក្រុមសមត្ថកិច្ច នគរបាលការពារព្រំដែន និងឈ្មួញខិលខូច នាំចូលមាន់កសិកម្មថៃ ហើយបានជាវង្វេងវង្វាន់ រកកន្លែងច្រករបៀងចេញបទល្មើសមិនឃើញ ហើយបែជាសំកុក ចាំស្កាត់ចាប់នៅតាមផ្លូវថ្នល់ទៅវិញ ខណៈដែលច្រករបៀងចេញទំនិញ និងមាន់កសិកម្មថៃ យ៉ាងភ្លូកទឹកភ្លូកដីរាប់ខែឆ្នាំ ធ្វើជាមើលមិនឃើញ បែបនេះទៅវិញ។
តែទោះបីជាបែបណា មតិមួយចំនួនទៀត បានលើកឡើងថា ដោយសារតែមាន់កសិកម្មថៃ សម្រុកចូលដូចទឹកបាក់ទំនប់បែបនេះ បានធ្វើឲ្យកសិករខ្មែរមួយចំនួន បាក់ទឹកចិត្តឈប់ចិញ្ចឹមសត្វ ហើយងាកទៅរកការងារ នៅប្រទេសថៃទាំងស្របច្បាប់ និងប្រថុយប្រថាន តាមច្រករបៀង។
ចំណែកលោក ហាំ វណ្ណះ មេបញ្ជាការវរសេនាតូចលេខ៨៩១ អ្នកយកព័ត៌មាន មិនអាចសុំការបំភ្លឺបានទេ ជុំវិញករណីដែល កូនចៅឆ្នើមៗរបស់លោក ដែលពូកែខាងរកសេដ្ឋកិច្ច ដោះស្រាយជីវភាពអង្គភាព មិនចាំបាច់ឲ្យមេឈឺក្បាល។
ជុំវិញបញ្ហានេះ គួរតែលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលលោក អាត់ ខែម ស្នងការ ខេត្តបន្ទាយមានជ័យ ផងទាន ព្រោះតែបច្ចុប្បន្ននេះ កូនចៅក្រោមឪវាទក្នុងខេត្ត ជាប់ព្រំដែនមួយនេះ បានកំពុងលួចចេញ នូវទំនិញគេចពន្ធ តាមច្រករបៀង ធ្វើឲ្យបាត់បង់ចំណូលពន្ធ ជាពិសេសការនាំចូល មាន់កសិកម្មថៃ អាហារខូចគុណភាព ធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ គួរឲ្យព្រួយបារម្ភផងដែរ៕