ក្រចេះ ៖ លោក សរ ចំរ៉ុងអភិបាលខេត្តក្រចេះត្រូវបានមជ្ឈដ្ឋានមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តនេះរិះគន់ថា មិនដែលយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើប្រណីតខុសច្បាប់យកទៅលក់នៅស្រុកយួនយ៉ាងពេញបន្ទុកនោះទេ។ ជាការពិតមេឈ្មួញរកស៊ីដឹកជញ្ជូនឈើប្រណីតម្នាក់ឈ្មោះ ភាព ហៅភាពឆេះដែលជាមន្ត្រីយោធាក្នុងវរសេនាតូចលេខ០១ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះបានយកតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើខុសច្បាប់ជាយូរមកហើយ មិនដែលឃើញសមត្ថកិច្ចណាប៉ះពាល់ទាល់តែសោះ។ ឈ្មួញឈើឈ្មោះ ភាពហៅ ភាពឆេះ បានដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យចេញពីតំបន់ស្រែស្បូវ ស្រុកសំបូរ ខេត្តក្រចេះ តាមផ្លូវជាតិលេខ៧ឆ្ពោះទៅស្រុកមេមត់ខេត្តត្បូងឃ្មុំ ហើយសមត្ថកិច្ចតាមដងផ្លូវជាអ្នកសម្របសម្រួលយ៉ាងរលូន។
ប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងខេត្តក្រចេះបានឲ្យដឹងថា ការដែលឈ្មួញឈើឈ្មោះភាព ហៅភាពឆេះ អាចធ្វើអ្វីៗតាមអំពើចិត្តគឺមានការបើកដៃពីអភិបាលខេត្តនិងមេរដ្ឋបាលព្រៃឈើខេត្តក្រចេះព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀត។ ឈ្មួញឈ្មោះ ភាព ហៅភាពឆេះ បានប្រើរថយន្តកាមរីគូថប៉ោង កាមរីឆ្លាម និងកាមរីបាទ្បែនដឹកឈើចេញពីទឹកដីខេត្តក្រចេះឆ្ពោះទៅស្រុកមេមត់ខេត្តត្បូងឃ្មុំយកទៅលក់នៅស្រុកយួនតាមច្រករបៀង និងច្រកព្រំដែនដោយគ្មានការរំខានអ្វីទាំងអស់។ បើតាមដឹងមេបញ្ជាការយោធាតំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ ក៏ទទួលបានផលប្រយោជន៍ពីឈ្មួញឈើឈ្មោះ ភាពហៅ ភាពឆេះយ៉ាងត្រជាក់ចិត្តដែរ ទើបគេសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។
តាមសេចក្តីរាយការណ៍មួយចំនួនបានឲ្យដឹងថា ឈ្មួញឈើឈ្មោះ ភាព ហៅភាពឆេះមានខ្នងបង្អែកយ៉ាងរឹងមាំ ទើបអាចបន្តប្រព្រឹត្តអំពើខុសច្បាប់បំពានទៅលើបទបញ្ជាលេខ០២ របស់សម្តេច ហ៊ុន សែន។ ក្នុងនោះនៅពេលខ្សែរថយន្តដឹកឈើប្រណីតទៅលក់នៅស្រុកយួនតាមច្រកព្រំដែន និងច្រករបៀងស្រុកមេមត់ គេតែងតែឃើញឈ្មោះ ភាពហៅភាព ឆេះបើករថយន្តរបស់ខ្លួនទៅរត់ការបើកផ្លូវជាមួយសមត្ថកិច្ចពាក់ព័ន្ធមិនឲ្យរំខានមុខរបររបស់ខ្លួនទ្បើយ។
បញ្ហានេះក្រសួងនិងស្ថាប័នពាក់ព័ន្ធគួរពិនិត្យមើលជាបន្ទាន់បំផុត ព្រោះឈ្មួញឈ្មោះ ភាពហៅភាពឆេះ កំពុងតែប្រើស្បែកជាមន្ត្រីយោធាហើយប្រកបរបររកស៊ីដឹកឈើប្រណីតទៅលក់នៅស្រុកយួនយ៉ាងពេញបន្ទុក៕