0

មេដឹកនាំ​នយោបាយ​ទៅ​វត្ត ហើយ​​ឆ្លៀត​​ផ្តល់​ជំនួយ​​ដល់​​អ្នក​រងគ្រោះ​ដោយ​ទឹក​ជំនន់

នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃ​សុក្រ​នេះ លោក​ សម រង្ស៊ី ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង បាន​ទៅ​វត្ត នៅ​ខេត្ត​ក្រចេះ និង​បាន​ជួប​អ្នក​រងគ្រោះ​ដោយ​ទឹកជំនន់ ព្រម​ទាំង​ផ្តល់​នូវ​ជំនួយ​សង្គ្រោះ​បន្ទាន់ ជា​ស្បៀង​អាហារ​បន្តិចបន្តួច។ ដោយឡែក​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិន​នៅ​ស្ងៀម​ឡើយ។ ក្រៅ​ពី​ទៅ​វត្ត​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច ក៏​បាន​ចុះ​ជួប​អ្នក​រងគ្រោះ ដោយ​ទឹក​ជំនន់ និង​បាន​ផ្តល់​ជំនួយ ជា​អង្ករ តាម​លទ្ធភាព ព្រម​ទាំង​ណែនាំ​ដល់​ពលរដ្ឋ​រងគ្រោះ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ពី​គ្រោះ​មហន្តរាយ​នេះ។

ចាប់​តាំង​ពី​ថ្ងៃ​ទី​២ ថ្ងៃ​ទី​៣ និង​នៅ​ថ្ងៃ​ទី​៤​តុលា ដែល​ជា​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ លោក​សមរ ង្ស៊ី ​លោក កឹម​សុខា និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​ទៀត ក្រៅ​ពី​ទៅ​វត្ត ប្រគេន​ចង្ហាន់​បិណ្ឌ​បាត្រ​ដល់​ព្រះសង្ឃ ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង ក៏​បាន​ឆ្លៀត​ចុះ​ជួប​ជន​រងគ្រោះ ដោយ​ទឹក​ជំនន់ នៅ​កំពង់ចាម និង​ខេត្តក្រចេះ ដើម្បី​ចែក​នូវ​អំណោយ​សង្គ្រោះ​បន្ទាន់ ដែល​មាន មី ទឹកត្រី ទឹកស៊ីអ៊ីវ និង​អង្ករ ជាដើម។

 1237484_597528343637236_726992481_o
នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃ​សុក្រ​នេះ លោក​សមរង្ស៊ី បាន​ចុះ​ទៅ​ខេត្តក្រចេះ ទៅ​វត្ត​សរសរ​១០០ និង​វត្ត​មួយ​ចំនួន​ទៀត។ លោក​សមរង្ស៊ី ក៏​បាន​ជួប និង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ ដល់​ពលរដ្ឋ រងគ្រោះ ដែល​មក​ស្នាក់​នៅ​បណ្តោះ​អាសន្ន តាម​ដងផ្លូវ​ផង​ដែរ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ បាន​បញ្ជាក់​ថា ជំនួយ​សង្គ្រោះ​បន្ទាន់ ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ នាំ​យក​ទៅ​ចែក​ជូន​បងប្អូន​ជន​រងគ្រោះ ដោយ​ទឹក​ជំនន់ ពេល​នេះ បាន​មក​ពី​ជំនួយ​របស់​សប្បុរសជន​នៅ​ក្រៅ​ប្រទេស។

ក្រៅ​ពី​ទៅ​វត្ត និង​ផ្តល់​ជំនួយ​ស្បៀង​អាហារ​ដល់​អ្នក​រងគ្រោះ លោក​សម រង្ស៊ី ក៏​បាន​ជួប​សំណេះសំណាល​ពី​កិច្ចការ​ប្រទេសជាតិ ដែល​រួមមាន៖ ការ​ស្តាប់​មតិ​យោបល់របស់​ប្រជាពលរដ្ឋ ដែល​បាន​ផ្តាំ​លោក កុំ​ឲ្យ​ទទួល​យក​លទ្ធផល​បោះឆ្នោត និង​ត្រូវ​មាន​គោលជំហរ​រឹងមាំ ទាមទារ​សន្លឹក​ឆ្នោត ដែល​ត្រូវ​លួច​បន្លំ ជា​ដើម។ លោក​សម រង្ស៊ី ក៏​បាន​ប្រកាស​គៀងគរ​មហាជន ឲ្យ​មក​ចូលរួម​ការ​ជួបជុំ នៅ​ថ្ងៃ​ទី​៦​តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ភ្នំពេញ និង​ការធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី​២៣​តុលា។

រីឯ​លោក ជាម យៀប ដែល​កំពុង​ចែក​អង្ករ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​អះអាងថា ក្នុង​ពេល​មាន​គ្រោះទឹកជំនន់ ពេលនេះ គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​នៅ​ស្ងៀម​ទេ គឺ​បណ្តា​ថ្នាក់​ដឹកនាំ​តាម​បណ្តា​ខេត្ត​រងគ្រោះ ពិសេស​ក្រុមយុវជន​របស់​បក្ស បាន​ចុះ​ជួប និង​ចែក​ជូន​អង្ករ ស្បៀង​អាហារ ដោយ​មិន​រើស​មុខ ប្រកាន់​ថា គណបក្ស​ណា ជា​គណបក្ស​ណា​ទេ។

ក្រៅ​ពី​នោះ លោក ជាម យៀប ក៏​បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ណែនាំ និង​ត្រៀម​ទូក​កាណូត​ជួយ​ដល់​ជនរងគ្រោះ ត្រៀម​លក្ខណៈ​ប្រុង​ប្រយ័ត្ន​នឹង​ខ្យល់ព្យុះ ពស់អសិរពិស ជំងឺ​ដង្កាច់ និង​ការ​លិចលង់​ពេល​ធ្វើ​ដំណើរ ជា​ដើម។

យ៉ាងណាក៏ដោយ ទាំង​លោក យឹម សុវណ្ណ និង​ទាំង​លោក​សមរង្ស៊ី បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល ឲ្យ​រក​ឫសគល់ និង​ទប់ស្កាត់​គ្រោះ​ទឹក​ជំនន់។ នោះ​គឺ​ត្រូវ​ការពារ តាមរយៈ​ការ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​ចាក់​ដី​លុប​បឹងបួរ ទន្លេ ដែល​នាំ​មាន​គ្រោះ​ទឹកជំនន់ លិចលង់​ផ្ទះ​សម្បែង និង​រហូត​ដល់​បាត់បង់​ជីវិត​ថែម​ទៀត៕

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com