ភ្នំពេញៈមេឈ្មួញ លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនបានប្រើអំណាចឆក់ប្លន់ដីធ្លីប្រជាពលរដ្ឋនៅខេត្តកោះកុង និងខេត្តកំពង់ស្ពឺយ៉ាងកំរោលបំផុតធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់រាប់ពាន់គ្រួសារត្រូវរងគ្រោះយ៉ាងអយុត្តិធម៌នឹងលែងបោះឆ្នោតឲ្យបក្សប្រជាជនថែមទៀតផង។ ហេតុនេះហើយទើបមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងក្រុមអ្នកសង្កេតការណ៍ឯករាជ្យរិះគន់ថាការអភិវឌ្ឍឧស្សាហកម្មស្ករ អំពៅរបស់មេឈ្មួញលី យ៉ុងផាត់ នាំឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងពេញបន្ទុក។
ជាក់ស្តែងក្រុមហ៊ុនរបស់មេឈ្មួញ លី យ៉ុងផាត់ ទទួលបានផលប្រយោជន៍និងការអនុគ្រោះនានាពីរាជរដ្ឋាភិបាល សម្តេចហ៊ុន សែន ហើយប្រជាពលរដ្ឋក្លាយទៅជាជនរងគ្រោះបាត់បង់ដីធ្លីស្រែចម្ការយ៉ាងអយុត្តិធម៌។
មន្ត្រីអង្គការក្រៅរាជរដ្ឋាភិបាលដែលតាមដានការអភិវឌ្ឍឧស្សាហកម្មស្ករសប្រទ្បាក់ឈាមរបស់មេឈ្មួញ លី យ៉ុងផាត់ បានឲ្យដឹងថាកន្លងមកមេឈ្មួញរូបនេះបានបំពានលើសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋដូចជា ការបណ្តេញចេញពីដីធ្លីដោយគ្មានសំណងត្រឹមត្រូវ និងពាក់ព័ន្ធការប្រើប្រាស់កម្លាំងពលកម្មកុមារជាដើម។
កន្លងមកប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងខេត្តកោះកុងនិងខេត្តកំពង់ស្ពឺបាននាំគ្នាទៅតវ៉ាដល់មុខស្ថានទូតសហភាពអឺរ៉ុបដែលជាបណ្តុំនៃប្រទេសទិញស្ករសប្រទ្បាក់ឈាមពីកម្ពុជា ក៏ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយនៅទ្បើយ។ ប្រការនេះកំពុងធ្វើឲ្យមេឈ្មួញ លី យ៉ុងផាត់ ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកាន់តែបានចិត្ត ហើយធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍដំណាំអំពៅរបស់មេឈ្មួញ លី យ៉ុងផាត់ មានតម្លៃ២២០លានដុល្លារអាមេរិកដែលភាគច្រើនទទួលបានកម្ចីពីធនាគារ ANZ Royal ហើយធនាគារនេះកំពុងប្រឈមនឹងការរិះគន់យ៉ាងពេញបន្ទុក។ ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង និងខេត្តកំពង់ស្ពឺកំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំង ដោយសារការបាត់បង់ដីស្រែចម្ការ ដែលត្រូវក្រុមហ៊ុនមេឈ្មួញ លី យ៉ុងផាត់ រំលោភយកយ៉ាងព្រៃផ្សៃ។ បញ្ហានេះបណ្តាប្រទេសដែលបញ្ជាទិញស្ករសប្រទ្បាក់ឈាមពីកម្ពុជាគួរពិនិត្យមើលទ្បើងវិញចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារក្រុមហ៊ុនមេឈ្មួញ លី យ៉ុងផាត់ ខ្លះផង៕