0

លោក​ សំ ​សុខា ​កំពុង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កឹប​កេង​ថវិកា​ជាតិ​!!!

តាមសេចក្តីរាយការណ៍ ពីខេត្តកំពតបានឲ្យដឹងថា មួយថ្ងៃៗមានឈ្មួញ ទាំង តូច ទាំងធំ រកស៊ីដឹកជញ្ជូនប្រេងសាំងគេចពន្ធ តាម​រថយន្ត​និង​តាមទូក ចូល​ដែន​សមុទ្រ​ខេត្ត​កំពត មិនដែលមាននរណាហ៊ានក្អកជាមួយទេ ហើយបើតាមការត្រួតពិនិត្យ ទិន្នន័យជាក់ស្តែង ឈ្មួញ​ធំៗ​មានមិនដល់ ៦នាក់ផងទេ កំពុង​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ប្រេងសាំងគេចពន្ធ យ៉ាងគគ្រឹកគគ្រេង មកពីចំណុចកោះខ្យង និងកោះរ៉ុង ចូលមកស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីដឹកជញ្ជូនតាម រថយន្តកាមរី និង​រថយន្ត​ទួរីស មកលក់ចែកចាយ នៅទូទាំងខេត្តកំពត។

សព្វ​ថ្ងៃ​នេះ​លោក ​សំ ​សុខា ​ជា​ប្រធាន​សាខា​គយ​និង​រដ្ឋា​ករ​ ប្រចាំ​ខេត្ត​កំពត​ ដែល​សឹង​ក្លាយ​ជា ​ស្តេច​ត្រាញ់​ទៅ​ហើយ​នោះ​ កំពុង​សុខ​ស្រួល​ក្នុង​ការ​ យកកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ទៅធ្វើជាលេសក្នុងការ កោសរូសឲ្យក្រុមឈ្មួញ បង់លុយតាមតែអំពើចិត្ត មិន​ដែល​ខ្វល់​ពីការរឹតបន្តឹង លើការប្រមូលពន្ធឲ្យបាន ១០០ភាគរយនោះទេ ហើយមន្ត្រីជាច្រើន ក៏បានលួចបង្ហើបឲ្យដឹងផងដែរថា លោក សំ សុខា បានបង្កើតទីតាំងស្តុកប្រេង ដ៏ធំមួយកន្លែងនិងស្ថានីយ៍លក់សាំង នៅកណ្តាលក្រុងកំពត ដែលមានតម្លៃថោកជាងស្ថានីយ៍ដទៃ ក៏​ព្រោះ​តែ​គាត់​មានអំណាច ប្រមូលក្រុមអ្នករកស៊ីដឹកជញ្ជូនប្រេងសាំងគេចពន្ធ ឲ្យយកទៅលក់ជូនគាត់ក្នុងតម្លៃថោកៗ។

ជំនាញគយរបស់លោក សំ សុខា ក៏បានដាក់ប៉ុស្តិ៍ជជុះ តាម​ដង​ផ្លូវ​ជា​ច្រើន​កន្លែង​ផង​ដែរ ប៉ុន្តែមិនដែលឃើញ មានសកម្មភាពត្រួតពិនិត្យ ឬ​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ប្រេង​សាំង​គេច​ពន្ធ ​ដ៏អនាធិបតេយ្យនោះម្តងណាឡើយ ព្រោះ​គេ​ដឹង​ថា​ឈ្មួញ​ធំៗ​ទាំង​៦នាក់នោះ បាន​ទំនាក់​ទំនង​បង់​លុយ ជាប់ជាប្រចាំឲ្យជំនាញគយ របស់លោក សំ សុខា និងក្រុមសមត្ថកិច្ច ពាក់ព័ន្ធដទៃទៀត។

ដោយឡែក សម្រាប់ការដឹកជញ្ជូនទំនិញ ភាគច្រើនស្ករស គ្រឿងសំណង់ ចូល​តាម​ខេត្ត​កំពត គឺជំនាញគយ របស់លោក សំ សុខា ជួយ​សម្រប​សម្រួល ឲ្យ​មាន​ការ​បង់​ពន្ធ​ តិចតួចប៉ុណ្ណោះចូលរដ្ឋ តាមរយៈការឃុបឃិត លួច​បន្លំ​ពន្ធ​តាម​ជំនាញ​បច្ចេក​ទេស ​ពោល​គឺ​ឈ្មួញ​ធំៗ​ដែល​មានទំនាក់ទំនងល្អ ជាមួយលោក សំ សុខា អាច​ធ្វើ​អ្វីៗ​តាមតែទំនើងចិត្ត មិនដែលក្រែងញញើត ពីការកែទម្រង់ស៊ីជម្រៅស្អីនោះទេ។

ក្នុងអំណាចជាមេគយ ប្រចាំខេត្តកំពត ឡើងដុះស្លែទៅហើយនោះ លោក សំ សុខា បានអួតអាងប្រាប់គេឯងថា គាត់​ស្វែង​រក​ផល​ប្រយោ​ជន៍​ តាម​គ្រប់​មធ្យោ​បាយ​យក​ទៅ ជួយលោក ប៉ែន ស៊ីម៉ន ចុះពង្រឹងមូលដ្ឋាន នៅលើទឹកដីខេត្តកំពត ម្ល៉ោះ​ហើយ​បាន​ជា ថ្នាក់​អគ្គ​នាយក​រង​គយ​ ឬប្រធាននាយកដ្ឋានមួយចំនួន មិន​ដែល​ហ៊ាន​ក្អក​ជា​មួយ លោក សំ សុខា ម្តងណាឡើយ ព្រោះមួយម៉ាត់ណាក៏ដោយ គាត់​ចូល​ចិត្ត​យក​ឈ្មោះ លោក ប៉ែន ស៊ីម៉ន មកបិទមុខដើម្បីការពារ រាល់​កំហុស​ឆ្គង​សព្វ​បែប​យ៉ាង​របស់ខ្លួន។

សម្រាប់ការដឹកជញ្ជូនទំនិញ ឆ្លងកាត់ព្រំដែនខេត្តកំពត ចេញទៅស្រុកយួន ដូច​ជា​ឈើ​ប្រណីត កសិផល ជាដើម សុទ្ធតែមានទំនាក់ទំនង បង់លុយជូនលោក សំ សុខា ដូចជានៅច្រកទាន់ហន់ ច្រកព្រែកចាក រួមទាំងច្រករបៀងជាច្រើនកន្លែង។

សូម្បីតែការនាំគោ ចេញទៅលក់នៅស្រុកយួន ក៏ជំនាញគយរបស់លោក សំ សុខា ចាំរាប់ចំនួនយកលុយ យ៉ាងត្រជាក់ចិត្តបំផុត ហើយ​ការ​នាំ​ចូល​ទំនិញ​ខុស​ច្បាប់​មួយ​ចំនួន​ ដូចជាត្រីឆ្តោ ឬប្រភេទចំណីអាហារ ដែលមានប្រឡាក់ជាតិថ្នាំគីមី មាន​ជាតិ​ពុល​ នាំមកពីស្រុកយួន ក៏​អាច​ដឹកជញ្ជូនឆ្លងកាត់ ទឹកដីខេត្តកំពត យក​មក​លក់​ចែក​ចាយ​ ដល់រាជធានីភ្នំពេញ យ៉ាងរលូនល្អ ឲ្យតែបង់លុយជូនលោក សំ សុខា និង​សម​ត្ថ​​កិច្ចពាក់ព័ន្ធ ដែលប្រចាំការតាមដងផ្លូវ យ៉ាងប្រសេចប្រសាច ពោល​គឺ​មន្ត្រី​ទាំង​នោះ មិនដែលខ្វល់ខ្វាយពីការបង្ក្រាប ម្តងណាឡើយ ឲ្យតែ​ក្រុម​ឈ្មួញ​យល់​ព្រម​បង់លុយ ទៅតាមការតម្រូវរបស់ពួកគេ។

ក្នុងនាមជាមេគយប្រចាំខេត្តកំពត លោក សំ សុខា ក៏មានជាប់ពាក់ព័ន្ធ នឹង​សកម្ម​ភាព​​​ប្រើគ្រឿងចក្រ ឈូសឆាយដីព្រៃ រាប់សិបហិកតា យក​ទៅ​ធ្វើ​ជា​កម្ម​​សិទ្ធិ​ផ្ទាល់​ខ្លួន​ហើយ​រឿង​ដែល​គួរ​ឲ្យ​ស្ងើច​សរសើរ​បំផុត​នោះ ​គឺ​លោក ​សំ ​សុខា ​បាន​​បើក​​ស្ថានីយ៍​​លក់​សាំង​ នៅ​កណ្តាល​ក្រុង​កំពត​ ដែល​មាន​តម្លៃ​ថោក​ជាង​គេ ​ហើយ​​គេ​​ដឹង​​ថា​​រៀង​រាល់​យប់​ថ្ងៃ ​មាន​រថយន្ត​ដឹក​ជញ្ជូន​ប្រេង​ ប្រភេទ​កាមរី​ ឬ​រថយន្ត​ទួរីស​ ដែល​​ដឹក​​ប្រេង​​តាម​ប៊ី​ដុង​ យក​ទៅ​ចាក់​ចូល​ក្នុង​ស៊ី​ទែន​ ស្តុក​ប្រេង​របស់​លោក​ សំ ​សុខា ​ដើម្បី​លក់​ចែក​ចាយ​មិន​ដែល​មាន​នរណា​ ហ៊ាន​ហើប​មាត់​ទាល់​តែ​សោះ​។ ​ខុស​គ្នា​ស្រឡះ ​សម្រាប់​ប្រជា​ពល​រដ្ឋ​គ្រាន់​តែ​រក​ស៊ី ​លក់​ប្រេង​សាំង​តាម​ដប ​តាម​ចិញ្ចើម​ផ្លូវ​ បែរ​ជា​ត្រូវ​សមត្ថកិច្ច​ ឬ​ជំនាញ​គយ​ចុះ​ទៅ​សួរ​នាំ ​កោស​រូស​បង្ខំ​ឲ្យ​បង់​លុយ ​ឬ​ចាប់​យក​សាំង ​ដែល​លក់​តាម​ដប​ទាំង​នោះ ​គ្មាន​ការ​យោគ​យល់​អ្វី​ឡើយ​៕​

9

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com