តាកែវៈ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងលោក ប៉ែន ស៊ីម៉ន ដែលជាអគ្គនាយកគយនិងរដ្ឋាករមិនរវល់ចាត់វិធានការលុបបំបាត់អំពើពុករលួយដែលលោក អេន សំអុល ប្រធានសាខាគយខេត្តតាកែវកំពុងតែប្រព្រឹត្តអំពើពុករលួយជំរិតយកលុយស្រេចតែអំពើចិត្តហើយត្រូវបានក្រុមអាជីវករធ្លាប់ធ្វើពាក្យបណ្តឹងទៅកាន់ក្រសួងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយជាច្រើនលើកឲ្យជួយចាត់វិធានការទប់ស្កាត់ប៉ុន្តែរហូតមកដល់ពេលនេះស្ងាត់ជ្រៀប។ ហេតុនេះហើយទើបលោក អេន សំអុល ចាត់តាំងឲ្យមន្ត្រីគយស្និទ្ធនឹងខ្លួនបង្កើតកុងត្រូលជជុះជាច្រើនកន្លែងហើយថែមទាំងរក្សាទុកមន្ត្រីគយដែលចូលនិវត្តន៍រួចទៅហើយឲ្យជួយប្រព្រឹត្តអំពើពុករលួយលួចជាតិ បំផ្លាញជាតិតាមតែអំពើចិត្ត។
តាមសេចក្តីរាយការណ៏ចេញពីប្រភពមន្ត្រីគយតូចតាចដែលស្អប់ខ្ពើមអំពើពុករលួយរបស់លោក អេន សំអុល បានឲ្យដឹងថាប្រធានសាខាគយខេត្តតាកែវរូបនេះកំពុងប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយមយ៉ាងពេញបន្ទុក មិនខ្លាចចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយនោះទេ។ លោក អេន សំអុល បានចាត់តាំងមន្ត្រីគយពុករលួយជាច្រើននាក់ឲ្យបង្កើតកុងត្រូលជជុះទាំងនៅតាមផ្លូវទឹកនិងនៅតាមផ្លូវគោក ដើម្បីប្រមូលផលប្រយោជន៍យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសុខស្រួល។ សូម្បីតែអាជីវករតូចតាចរកស៊ីដឹកសម្បកបាវ សម្បកការុង មកពីស្រុកយួនតិចតួចក៏ត្រូវមន្ត្រីគយក្រោមបញ្ជារបស់លោក អេន សំអុល ជំរិតយកលុយដោយគ្មានការយោគយល់ដែរ។ ចំណែកឈ្មួញធំៗដែលនាំចូលគ្រឿងសំណង់និងទំនិញគេចពន្ធគ្រប់ប្រភេទបែរជាលោក អេន សំអុល និងបក្ខពួកឃុបឃិតប្រព្រឹត្តអំពើពុករលួយបើកដៃឲ្យពួកគេនាំចូលទំនិញដោយបង់ពន្ធជូនរដ្ឋតែ៣០ភាគរយប៉ុណ្ណោះ។
ចំណែកឯក្រុមអាជីវកររកស៊ីដឹកទំនិញបន្តិចបន្តួចបានឲ្យដឹងថា កុងត្រូលជជុះរបស់មន្ត្រីគយខេត្តតាកែវមាន៣កន្លែងគឺទី១- នៅច្រកភ្នំដិនពួកគាត់ត្រូវបង់៤ម៉ឺនរៀល ទី២-នៅភូមិយួន ពួកគាត់ត្រូវបង់៦ម៉ឺនរៀល និងទី៣-ប៉ុស្តិ៍ជជុះមុខស្នាក់ការសាខាគយខេត្តតាកែវ ពួកគាត់ត្រូវបង់៨ម៉ឺនរៀល។ ដូច្នេះមុខរបរប្រចាំថ្ងៃរបស់ពួកគាត់គ្មានសល់ប្រាក់ចំណូលសម្រាប់យកទៅដោះស្រាយជីវភាពប្រចាំថ្ងៃទៀតទេ ព្រោះលោក អេន សំអុល និងបក្ខពួកជំរិតតាមអំពើចិត្ត។ ដោយទ្បែកឈ្មួញធំៗដែលដឹកជញ្ជូនទំនិញតាមរថយន្តធំៗឬតាមទូកដែលមានចំណុះរាប់សិបតោននោះគឺលោក អេន សំអុល មានការឃុបឃិតតម្រូវឲ្យបង់ពន្ធតែប្រមាណ៣០ភាគរយ ហើយនៅសល់ពីនោះពួកគេចែកគ្នាធ្វើមានធ្វើបានបំផ្លាញចំណូលពន្ធរដ្ឋតាមអំពើចិត្ត៕
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនគួរមើលរំលងឡើយករណីលោក អេន សំអុល មេគយសាខាខេត្តតាកែវដែលកំពុងតែប្រព្រឹត្តអំពើពុករលួយមិនខ្លាចញញើតច្បាប់បន្តិចណាសោះ។
អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក អេន សំអុល បានទេដោយមិនមានលេខទូរសព្ទ័របស់លោក។