ព្រះសីហនុ៖ ប្រជាពលរដ្ឋបានរិះគន់ថាលោកវរសេនីយ៍ត្រី ភុល ភស្តារ កាន់តំណែងជាអធិការនគរបាលក្រុងព្រះសីហនុរយៈពេលជិត២ឆ្នាំកន្លងមកនេះបានបណ្តោយឲ្យល្បែងស៊ីសងកើតទ្បើងយ៉ាងពេញបន្ទុកដូចជា ភ្នាល់បាល់ទាត់ កន្ទុយលេខ ខ្លាឃ្លោក ភ្នាល់ប្រដាល់ និងបញ្ជល់មាន់ជាដើមធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម ព្រោះក្រុមអ្នកចាញ់ល្បែងប្រព្រឹត្តបទល្មើសផ្សេងៗ។
តាមសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងក្រុងព្រះសីហនុបានឲ្យដឹងទៀតថា លោក ភុល ភស្តារ មិនដែលយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចដើម្បីរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់សង្គមនោះទ្បើយ។ ជាក់ស្តែងបច្ចុប្បន្ននេះល្បែងស៊ីសង បៀ អាប៉ោង កន្ទុយលេខ ភ្នាល់បាល់ទាត់ បញ្ជល់មាន់ជាដើមកើតទ្បើងយ៉ាងពេញបន្ទុកនៅភូមិថ្មីសង្កាត់៣ នៅផ្សារចិន សង្កាត់៤ ហើយគេមិនដែលឃើញលោក ភុល ភស្តារ ចាត់វិធានការបង្ក្រាបទាល់តែសោះ។ ផ្ទុយទៅវិញលោក ភុល ភស្តារ បានបញ្ជាឲ្យកូនចៅក្រោមឱវាទពីរបីនាក់ដើរប្រមូលលុយពីក្រុមមេល្បែងស៊ីសង និងតាមហាងខារ៉ាអូខេផ្សេងៗដោយគ្មានសេចក្តីអៀនខ្មាស។
មតិជាច្រើនរបស់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុបានអំពាវនាវឲ្យលោក ស្នងការនគរបាលខេត្តព្រះសីហនុចាត់វិធានការលើលោក ភុល ភស្តារ ជាអធិការនគរបាលក្រុងព្រះសីហនុជាបន្ទាន់ ព្រោះបច្ចុប្បន្ននេះលោក ភុល ភស្តារ មិនបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវទេ។
នៅក្នុងក្រុងព្រះសីហនុបច្ចុប្បន្នបទល្មើសឆក់ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទរាលដាលកាន់តែខ្លាំងទ្បើងៗព្រោះមេនគរបាលក្រុងគិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទ្បើយ។ ប្រជាពលរដ្ឋបានអំពាវនាវទៀតថា ប្រសិនបើលោកស្នងការនគរបាល មិនជាប់ពាក់ព័ន្ធផលប្រយោជន៍ជាមួយអធិការនគរបាលក្រុងព្រះសីហនុទេនោះ គួរតែចាត់វិធានការតាមច្បាប់លើអធិការ ភុល ភស្តារ ជាបន្ទាន់បំផុតដើម្បីកុំឲ្យល្បែងស៊ីសងនិងបទល្មើសផ្សេងៗកើតទ្បើងយ៉ាងអនាធិបតេយ្យតទៅទៀត៕