ប៉ោយប៉ែត៖តាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៏ថា លោក ឈួន ហៃ ប្រធានស្នាក់ការគយ និងរដ្ឋាករច្រកអន្តរជាតិប៉ោយប៉ែត ដែលឡើងកាន់តំណែង កំពុងបានឃុបឃិតឱ្យមានការនាំចូលទំនិញ គេចពន្ធរបស់ឈ្មួញខ្លះ នាំចូលទាំងស្រុង ដែលមិនបានបង់ពន្ធចូលរដ្ឋ សូម្បីតែក្រុមហ៊ុនជាច្រើនដែលបានដឹកជញ្ជូនទំនិញឆ្លងកាត់ក្រោមការឃុប ឃិតគ្នាជាមួយក្រុមគយប្រចាំច្រកនាំចូលទំនិញពី ២០ ទៅ ៤០ភាគរយ ដែលមិនបង់ពន្ធចូលរដ្ឋ ប៉ុន្តែឯកសារដែលឆ្លងកាត់ អង្គភាពគយក្លាយទៅជាឯកសារពិបាកដោះស្រាយ ដែលគេថា លោក ឈួន ហៃ កំពុងទទួលចំណូលពីក្រុមឈ្មួញដឹក ជញ្ជូន ទំនិញគេចពន្ធយ៉ាងច្រើនសម្រាប់មួយខែៗយកមកអង្គភាពក៏ដូចជា សម្រាប់ចាត់ចែងផ្គត់ផ្គង់ដល់មេថ្នាក់លើនិងសម្រាប់ បុគ្គលខ្លួនដើម្បីទប់តំណែងបន្ត ។
ពួកឈ្មួញរកស៊ីបានទម្លាយឱ្យដឹងថា ចំពោះទំនិញវិនិយោគដែលបានឆ្លងកាត់ទៅក្នុងអង្គភាពគយ មួយឯកសារៗត្រូវ ចំណាយពី ១០០ ទៅ ១៣០ដុល្លារ បើបូករួមទាំងសេវាខាងក្រៅផង ហើយស្តុកទំនិញវិនិយោគដែលបាននាំចូលតាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត គឺជាសម្រាប់ប្រយោជន៍លោក ឈួន ហៃ ផ្ទាល់តែម្តង ។ ហើយចំពោះទំនិញទាំងនោះរួមមានប្រភេទ ទំនិញជាក្រណាត់ចាក់ ឡេវអាវ ទ្រនាប់កអាវ ខ្សែយឺត អំបោះ ម៉ាស៊ីនដេរ សម្ភារៈតុដេរ តុកាត់ ៘
បើទោះជាទំនិញ ទាំងនោះ ពន្ធអាករជារបស់រដ្ឋ ប៉ុន្តែការនាំចូលរបស់ក្រុមហ៊ុនតែងតែបង់លុយសម្រាប់មន្ត្រីទាំងនោះ ដោយមិនអាចប្រកែក បានរាល់ឯកសារចុះប្រតិវេទន៍គយឆ្លងកាត់មន្ត្រីគយផ្នែកត្រួតពិនិត្យដែលត្រូវចំណាយក្នុងមួយឯកសារយ៉ាងតិច ១០០ ដុល្លារដែរ ។ ដូចជា ទំនិញនាំចូលវិញ គឺលោក ឈួន ហៃ ក៏បានជម្រុញឱ្យមន្ត្រីគយផ្នែកត្រួតពិនិត្យ ផ្នែកចុះលេខ ផ្នែកគណនេយ្យ លើការចុះប្រតិវេទន៍ គយតម្រូវឱ្យអ្នករត់ការបង់លុយយ៉ាងច្រើនក្នុងមួយឯកសារៗ ត្រូវចំណាយយ៉ាងតិចពី ២៥០០ ទៅ ៣០០០បាត យ៉ាតិច ។
បើតាមប្រភពអះអាងទៀតថា ក្នុងមួយថ្ងៃៗមានឯកសាររាប់រយបានឆ្លងកាត់ជំនាញគយ ដូច្នេះគ្រាន់លុយសេវាដែល គេហៅថា កេសខ្មៅ ដើម្បីបំពេញតម្រូវការថ្នាក់លើនោះក្នុង១ខែៗកើបប្រមូលបានរាប់សែនដុល្លារ បានន័យថា កាត់កង ក្រោយពេលចំណាយឆ្វេងស្តាំលើក្រោមសូកប៉ាន់មេកើយនោះ ។ ហើយឯមួយចំនួនទៀតគឺរក្សាទុកជាលុយអ័មប្រហារ សម្រាប់បែងចែកទៅលើមន្ត្រីគយដែល ពាក់ព័ន្ធការងារពិនិត្យឯកសារក៏ដូចជា គិតគូរសម្រាប់ថ្នាក់ដឹកនាំនៅក្នុងសាខាគយ ក្នុងនោះលោក ថោង សុខាំភូ ដែលជា មេគយខេត្តបន្ទាយមានជ័យនេះ ក៏ទទួលបានប្រយោជន៍ពីចំណូលដែលលោក ឈួន ហៃ កំពុងប្រមូលនេះច្រើនជាងគេផងដែរ ។
ករណីនេះក៏មានការរិះគន់យ៉ាងច្រើន ដែលធ្វើការស្តីបន្ទោសទៅលើមន្ត្រីគយមួយចំនួន មានចេតនាអាក្រក់ គ្មានការអាណិតអាសូរទាល់តែសោះ ទៅលើមក្មករ និងជនពិការ ដែលប្រើប្រាស់កម្លាំងពលកម្មស៊ីឈ្នួល អូសទាញទំនិញគេចពន្ធ បន្តិចបន្តួចដើម្បីបំពេញក្រពះសម្រាប់មួយថ្ងៃៗ ប៉ុន្តែបែរជារងការធ្វើបាបពីសំណាក់មន្ត្រីគយបង្ខំឱ្យបង់ប្រាក់ចាប់ពី ៥០ ទៅ ៣០០បាត រហូតដល់ ៥០០ ទៅ ១០០០បាត ។
ដូចជា បើទោះជាមន្ត្រីគយទាំងនោះប្រមូលសេវាតាមជំនាញរបស់ខ្លួនតាមកំរិតណាក៏ដោយ នៅពេលរទេះកម្មករ អូសមកដល់ចំណុចប្រាសាទកំពូលបី ដែលមន្ត្រីគយឈរជើងនោះ គ្រាន់តែពិនិត្យទំនិញអីវ៉ាន់ក្នុងរទេះដោយសរសេរ ក្រដាស ពីថ្នាំងដៃពណ៌លឿង រួចកម្មករក៏អូសរទេះចូលទៅបង់លុយក្នុងស្នាក់ការជាការសម្រេច មិនដែលចេញវិក្ក័យបត្រសោះ ។ ជាការកត់សម្គាល់ទោះបីជាមន្ត្រីទាំងនោះ ប្រមូលសេវាតាមជំនាញរបស់ខ្លួន ក្នុងកម្រិតណាក៏ដោយក៏គេមិនអាចចៀសផុតពី ការយកប្រយោជន៍ទាំងនោះរក្សាទុកដើម្បីទូទាត់សម្រាប់ថ្នាក់លើ និងសម្រាប់មន្ត្រីដែលពាក់ព័ន្ធទាំងនោះឡើយ ។
ការបំពេញឯកសារដើម្បីចុះប្រតិវេទន៍គយកំពុងមានបញ្ហាស្មុគស្មាញយ៉ាងខ្លាំង ពីព្រោះការ បំពេញឯកសារទាំងនោះមានចំនួនច្រើនជាងមុនហើយក៏ខុសប្លែកពីមុន ដូច្នេះអ្នកដែលត្រូវបំពេញឯកសារពិតជា មានកង្វះខាតនៅចំណុចណាមួយ ប៉ុន្តែភាពចន្លោះប្រហោងនោះ គឺបំពេញទៅដោយលុយដែលគេហៅថា ពង្រឹងយន្តការពន្ធ ១០០% ប៉ុន្តែធាតុពិតគឺជាការបណ្តឹងឱ្យទំនិញថ្លៃប៉ុណ្ណោះ ។
ហើយដែលមន្ត្រីគយរបស់លោក ឈួន ហៃ តម្រូវឱ្យបង់លុយក្នុង កំហុសនីមួយៗ យ៉ាងតិចក៏ត្រូវចំណាយពី ១០០០បាត ទៅ ២០០០បាត ដែរ ដូច្នេះចំណាត់ការថ្មីសម្រាប់ឆ្នាំ២០១៣ ដែល តម្រូវឱ្យធ្វើកំណែទម្រង់រដ្ឋបាលគយមិនឱ្យពាក់ព័ន្ធនឹងអំពើពុករលួយនោះ បានក្លាយទៅជារឿងថ្មីមួយទៀត សម្រាប់មន្ត្រី គយគ្រប់ទឹកទារថ្លៃទឹកតែ បន្ថែមពីលើពន្ធនាំចូល ហើយហូរចូលហោប៉ៅ ឯកជនរឹតតែច្រើន និងជ្រកក្រោមពាក់ស្រោមស្រប ច្បាប់ និងធ្វើឱ្យឈ្មួញរឹតតែញាក់សាច់ខ្លាចក្រុមគយ ឈួន ហៃ ហើយការរឹតបន្តឹងនយោបាយថ្មីរបស់រដ្ឋាភិបាលនេះ ហាក់ធ្វើ ឱ្យគយរឹតតែមានគន្លឹះជាន់កប្រជាពលរដ្ឋឈ្មួញអ្នករកស៊ី សម្រាប់ជាប្រយោជន៍ហូរចូលហោប៉ៅរបស់ពួកខ្លួនលើសដើម ទៅទៀត ។