0

មេប៉ុស្តិ៍ប៉ោយប៉ែត ឃុបឃិតឲ្យមានការ ហូរចូលទំនិញគេចពន្ធ និងបើកឲ្យពលករឆ្លងដែនខុសច្បាប់

បច្ចុប្បន្ននេះគេសង្កេតឃើញ មានក្រុមពលករជាច្រើន បានសម្រុកចេញចូល លួចឆ្លងដែនខុសច្បាប់ តាម​ច្រក​របៀង​មួយ​កន្លែង​ គឺប៉ុស្តិ៍ប៉ោយប៉ែត គ្រប់គ្រងដោយលោក ណុល ម៉ាប់ ហៅខ្លាធំ ដែលជាមេប៉ុស្តិ៍ចំណុះឲ្យវរសេនាតូច ការ​ពារ​ព្រំ​ដែន​គោក​ លេខ៨៩១ កំពុងតែឃុបឃិត ជាមួយក្រុមមេខ្យល់ នាំពលករប្រុសស្រី ឆ្លងកាត់ព្រំដែន ហើយក៏មានការឃុបឃិតឲ្យ ហូរចូលទំនិញគេចពន្ធ យ៉ាងគគ្រឹកគគ្រេង មិនដែលក្រែងញញើត សេចក្តីណែនាំរបស់លោក ឧត្តមសេនីយ៍ត្រី អាត់ ខែម ជាស្នងការនគរបាល ខេត្តបន្ទាយមានជ័យ សូម្បីតែបន្តិច។

តាម​សេចក្តី​រាយ​ការណ៏​បាន​បង្ហើប​ឲ្យ​ដឹង​ថា រៀងរាល់ថ្ងៃគេបានឃើញ សកម្មភាពជាក់ស្តែង របស់ប៉ុស្តិ៍ខាងនេះ កំពុង​តែ​ឃុប​ឃិត ជាមួយក្រុមមេខ្យល់ នាំពលករប្រុសស្រីជាច្រើន ដោយមិនជញ្ជូនតាមម៉ូតូ ឬរថយន្តនោះឡើយ ខ្លាច​គេ​មើល​ឃើញ​​ទ្រង់ទ្រាយធំ។ គឺគេប្រើវិធីបន្លំភ្នែក ឲ្យពលករដើរដូចសត្វកណ្តៀរ ជញ្ជូនគ្រាប់ស្រូវ ដូចជាតាមផ្លូវតូចចង្អៀត ផ្លូវភក់ ផ្លូវតាមចន្លោះផ្ទះ របស់ប្រជាពលរដ្ឋ និងតាមផ្សារជាដើម។ បើគេបណ្តើរពលករ មកដល់ចំណុចរថយន្ត ត្រៀម​ទុក​ចាំ​ដឹក​យក​​ទៅទម្លាក់ចុះ តាមកន្លែងលក់សំបុត្រ រថយន្តតាក់ស៊ី រថយន្តក្រុង នៅតំបន់ជាយដែន ក្រុងប៉ោយប៉ែត សុទ្ធ​តែ​មាន​ការ​ត្រូវ​រ៉ូវ ជាមួយក្រុមមេខ្យល់ ។

ប្រភពបានបញ្ជាក់ថា រាល់ការបណ្តើរពលករ មកឆ្លងចូលមាតុភូមិវិញ គឺមានពលករមិនលើសពី ២០នាក់នោះទេ ក្នុង​មួយ​ក្រុមៗ​ និងដើរដាច់ៗពីគ្នា ប្រមាណ ៥ម៉ែត្រ និងពុំមានកាន់របស់របទេ គឺដើរធម្មតា ចំណែករថយន្តចាំទទួល គឺ​មាន​រថយន្ត​កាម​រី ស៊េរីឆ្នាំ១៩៩៣ -១៩៩៥ និងមានរថយន្តលុច្សស៊ិស្សស៊េរីថ្មី អត់ស្លាកលេខ ក៏មានដែរ ត្រង់ចំណុចមុខផ្សាររ៉ាថ្មី ផ្សារ​មង្គល​ថ្មី និងក្រោយដើមពោធិ៍ លាងរថយន្ត។ល។ ពលករម្នាក់ ដែលមិនបានបញ្ចេញឈ្មោះ បានប្រាប់ថា ការ​នាំ​ចេញ​ពី​ប្រទេស​ថៃ គឺគាត់ត្រូវបង់លុយ ឲ្យទៅក្រុមមេខ្យល់ ក្នុងម្នាក់ ២៥០០បាត ស្មើរនិងជាង ៧០ដុល្លារ ឬ ៣២ម៉ឺនរៀល ទើបគេនាំចេញ ។

ពលករបានបន្តថា ក្រុមមេខ្យល់បានប្រាប់ថា បច្ចុប្បន្នត្រូវឡើងថ្លៃបន្តិចហើយ ព្រោះអីឡូវនេះគេបិទផ្លូវកាត់ ឬច្រករបៀង ជាច្រើនកន្លែង មិនងាយនិងត្រូវរ៉ូវ ជាមួយសមត្ថកិច្ចនគរបាលការពារព្រំដែន ដូច្នេះគាត់ក៏សម្រេចចិត្ត ចេញ​តាម​ច្រក​របៀង​ ខាងលើនេះតែម្តង។ ពាក់ព័ន្ធបញ្ហានេះ ប្រជាពលរដ្ឋរស់នៅម្តុំ ច្រកខាងលើ បានសំណូមពរឲ្យ លោក​ឧត្តម​សេនី​យ៍​ត្រី​ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ សូមត្រួតពិនិត្យរាល់បទល្មើស របស់លោក ណុល ម៉ាប់ ហៅខ្លាធំ ជា​មេ​ប៉ុស្តិ៍​ប៉ោយ​ប៉ែត ដែលកំពុងតែបើកច្រករបៀង ឃុបឃិតជាមួយក្រុមមេខ្យល់ឲ្យមានការលួច ឆ្លងដែនខុសច្បាប់។

ពាក់ពន្ធ័បញ្ហាខាងលើនេះ លោក ណុល ម៉ាប់ ធ្លាប់បានប្រាប់អ្នកកាសែតថា កំលាំងទាំងនេះ គឺបានដេកនៅផ្ទះឈ្មោះ លី នៅជិតមាត់អូរព្រំដែន ដើម្បីរងចាំទទួលយក ប័ណ្ណឆ្លងដែន មានតែចំនួន ១៦នាក់ ទេ ហើយច្រករបស់គាត់ ភាគី​ថៃ​មិន​អនុ​ញ្ញាតិ​ឲ្យ ចេញពលករនោះទេ ប្រសិនអាចចេញបាន នឹងមានគ្រោះថ្នាក់ ដោយប្រការណាមួយ ជាមិនខាន។ លោក​បាន​បន្ត​ថា ចំណែកឯកន្លែង ផ្សារមង្គលថ្មី គឺមិនមានពលករទេ បើមានគាត់ហ៊ាន ទទួលខុសត្រូវ ហើយពលករខ្លះ បាន​ទៅ​ស្នាក់​នៅ ​ផ្ទះប្រជាពលរដ្ឋ និងត្រូវជាបងប្អូន របស់ពួកគាត់ ដើម្បីរងចាំទទួលយក ប័ណ្ណឆ្លងដែន គឺមានសកម្មភាពជាហូរហែ៕

Wat-03096

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com