ក្រុងប៉ោយប៉ែត ៖ តាមប្រភពពីកូនទាហ៊ានតូចតាចមួយចំនួនតាមព្រំដែនបានបង្ហើបប្រាប់ថា លោកស័ក្តិ៥ ឃុន ជឿន ដែលទើបតែឡើងកាន់តំណែងថ្មី ជិតមួយឆ្នាំ មានតួនាទីជា មេបញ្ជាការយោធា វរសេនាតូចថ្មើរជើងលេខ៥០៣ ចំណុះកងពលតូចថ្មើរជើងលេខ៥១ ឈរជើងនៅស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ប៉ុន្តែកម្លាំងយោធា ត្រូវបានដាក់ពង្រាយ តាមព្រំដែនខ្មែរថៃ និងមានទីបញ្ជាការ នៅភូមិកូនត្រី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានគាបសង្កត់តាមបណ្តា ប៉ុស្តិ៍ឈរជើងទាំងឡាយណា ដែលមានសេដ្ឋកិច្ចចំណូល អាចចិញ្ចឹមឆ្នាំងបាយ ត្រូវតែបង់ប្រាក់ប្រចាំខែឲ្យគាត់ ទៅតាមការកំណត់។
ប្រភពបានបន្តទៀតថា លោក ឃុន ជឿន បានបញ្ជាឲ្យទាហាន កោសរូសទារប្រាក់ ពីពលករខ្មែរ ដែលចេញនិងចូលប្រទេសថៃ ម្នាក់ចំនួន ២០បាត តាមច្រករបៀងនានា ចាប់ពីភូមិសិលាខ្មែរ ទំនប់ដាច់ រហូតដល់ភូមិចំការគរ ជាដើម។ ពាក់ពន្ធ័និងបញ្ហា ដែលលោក ឃុន ជឿន បានតម្រូវឲ្យទាហានបង់ប្រាក់ ជូនក្រៅផ្លូវការនោះ មន្ត្រីយោធាម្នាក់ ដែលឈរជើង នៅច្រករបៀងមួយកន្លែង នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ បានប្រាប់មកថា ក្នុងមួយខែៗ ត្រូវចំណាយប្រាក់ជាច្រើន បង់ឲ្យមេបញ្ជាការឈ្មោះ ឃុន ជឿន បើពុំនោះទេ គាត់មិនអនុញ្ញាតិ ឲ្យនៅឈរជើងបានទេ ហើយចំណូលដែលគាត់រកបាន គឺការយកក្បាលឡានថៃ ចូលមកទិញស្រូវអង្ករពីប្រជាពលរដ្ឋខ្មែរ និងឡានដឹកហ្គាស់គេចពន្ធ មួយចំនួនផងដែរ។
មានការបញ្ជាក់ផងដែរថា ចំណូលខាងលើនេះ មិនត្រូវបានយកមកដោះស្រាយ ក្នុងអង្គភាពទេ ពោលគឺមេបញ្ជាការតម្រូវ ឲ្យបង់ជូនគាត់ទាំងអស់ ដូច្នេះទាហាននិងពលទាហាន ពិតជារងនូវការគាបសង្កត់ ពីលោក ឃុន ជឿន យ៉ាងខ្លាំង ដែលត្រូវទាមទារឲ្យលោក មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ចុះមកពិនិត្យនិងដោះស្រាយ ចំពោះទង្វើររបស់លោក ឃុន ជឿន ឡើងវិញផងកុំឲ្យមន្ត្រីតូចតាច រងគ្រោះតទៅទៀត។ ចំណែកប្រជាពលរដ្ឋ នៅក្នុងភូមិណងចន្ទ័ ក៏បានត្អូញត្អែរចំពោះទាហាន ដែលជាកូនចៅ របស់លោក ឃុន ជឿន ដែលឈរជើងនៅចំណុចព្រំដែនខ្មែរថៃ បានជំរិតទារប្រាក់ ពីប្រជាពលរដ្ឋដែលឆ្លងដែន ចូលទៅស្វែងរកការងារធើ្វ នៅក្នុងប្រទេសថៃ ជារៀងរាល់ថ្ងៃផងដែរ ។
ប្រជាពលរដ្ឋបានបន្តថា ទាហានមានកាតព្វកិច្ច ការពារទឹកដី និងរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ ប៉ុន្តែទាហានដែលស្ថិត ក្រោមការគ្រប់គ្រង របស់លោក ឃុន ជឿន មិនត្រឹមតែមិនរក្សាសន្តិសុខ ជូនប្រជាជនទេ បែរជានាំគ្នាប្រព្រឹត្តបទល្មើស ឃុបឃិតឲ្យមាន ការដឹកទំនិញខុសច្បាប់ ថែមទៀតផង។ ពាក់ព័ន្ធករណីដែលលោក ឃុន ជឿន មេវរសេនាតូចថ្មើរជើងលេខ៥០៣ ដែលរងការរិះគន់ថា បានប្រព្រឹត្តពុករលួយ បង្កផលលំបាក ដល់កងកម្លាំងនោះ មិនទាន់អាចទំនាក់ទំនង សុំការបំភ្លឺបានទេ ព្រោះគ្មានលេខទូរស័ព្ទ៕