ខេត្ដកណ្ដាល ៖ ប្រជាពលរដ្ឋ មន្ដ្រីរាជការ និងអ្នករកស៊ី នៅស្រុកកោះធំ បានសម្ដែង នូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបទល្មើសផ្សេងៗ ដែលកើតមានជាហូរហែរ ខណៈដែលតំបន់បាក់ណាម បានក្លាយទៅជាទីតាំង បនល្បែងស៊ីសងលក្ខណៈ ទ្រង់ទ្រាយធំ ដោយមានសមត្ថកិច្ច ជាអ្នកកាងមើលការខុសត្រូវ ផ្ទុយពីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ធ្វើឲ្យប្រជាពលរដ្ឋរស់ក្នុងភាពភ័យខ្លាច។
ប្រជាពលរដ្ឋបានឲ្យដឹងថា នៅតំបន់បាក់ណាម មានបើកសង្វៀនបញ្ជល់មាន់ដ៏ធំ មានទាំងជនជាតិខ្មែរ និងជនជាតិវៀតណាម សមត្ថកិច្ច មន្ដ្រីរាជការ អ្នករកស៊ី ចូលលេងយ៉ាងប្រសេចប្រសាច ដែលសង្វៀនមាន់នេះ មានអ្នកលេងតៃស៊ីវ, តុបៀរ ៥ទៅ៦ តុ ក្នុងនោះមានឈ្មោះ អៀ សេង នាយរងប៉ុស្ដិ៍ នគរបាលបាក់ណាម ជាអ្នកគ្រប់គ្រងសង្វៀនមាន់ និងមើលការខុសត្រូវបនល្បែងទាំងអស់នេះ ហើយចំណែកនាយប៉ុស្ដិ៍បាក់ណាមវិញ ជាមេការទទួលខុសត្រូវ ឱ្យថៅកែបនល្បែង ។
ក្នុងមួយថ្ងៃ ៗមានអ្នកញៀនល្បែង ជាច្រើនចាញ់រាប់ម៉ឺនដុល្លារ និងបង្កឱ្យមាន បញ្ហាភ័យខ្លាច ដល់ប្រជាពលរដ្ឋ ចំពោះបទល្មើសដែលកើតចេញ ពីប្រភពបនល្បែងនេះ ។ ពាក់ព័ន្ធបញ្ហានេះ លោក វ៉ាន់ សាវុធ នាយប៉ុស្ដិ៍ បាក់ណាម បានឲ្យដឹងថា ការបើកបនល្បែងស៊ីសងនេះ គឺមានអាជ្ញាប័ណ្ណត្រឹមត្រូវ ប៉ុន្ដែមិនបានអត្ថាធិប្បាយ ជុំវិញក្ដីព្រួយបារម្ភ របស់ប្រជាពលរដ្ឋ ចំពោះបទល្មើសអាចនឹងផ្ដើមចេញ ពីប្រភពនៃបនល្បែង នោះទេ។ កាលពីមុនបនល្បែងខាងលើ ពិតជាមានច្បាប់ត្រឹមត្រូវ បានបើកដំណើរការ នៅតំបន់ច្រកម៉ុកបាយ ខេត្ដ ស្វាយរៀង ប៉ុន្ដែដំណើរការនៅទីនោះ ប្រហែលជាមិនអាច ស្រូបយកអ្នកញៀនល្បែងបាន បែរជាដូរទីតាំងមកកាន់ តំបន់បាក់ណាម រហូតដល់មាន នាយ-នាយរងប៉ុស្ដិ៍ ជួយមើលការខុសត្រូវ ជុំវិញទីតាំងបនល្បែង ដ៏ធំនេះទៅវិញ ។
ប្រភពខ្លះបានទម្លាយឲ្យដឹងថា ថៅកែកាស៊ីណូ ដែលកំពុងបើកដំណើរការ ល្បែងស៊ីសងនៅតំបន់បាក់ណាម រហូតដល់យក នាយ-នាយរងប៉ុស្ដិ៍ កាន់ការងារនេះ បានយកអាជ្ញាប័ណ្ណដែលខ្លួនមានស្របច្បាប់ ពីតំបន់ម៉ុកបាយ ខេត្ដស្វាយរៀង មកបន្លំបើកបនល្បែងស៊ីសង នៅតំបន់បាក់ណាម ឃុំបាក់ណាម ស្រុកកោះធំ ខេត្ដកណ្ដាល។
យ៉ាងណាក៏ដោយប្រជាពលរដ្ឋ បានសំណូមពរសូមឲ្យលោក ផៃ ប៊ុនឈឿន ជាអភិបាលខេត្តកណ្តាល មេត្តពិនិត្យមើលបញ្ហានេះឡើងវិញផង ដែលយ៉ាងហោចណាស់ ជាការពង្រឹងគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ៕