បាត់ដំបងៈ តាមសេចក្តីរាយការណ៏ពីច្រកទ្វាដូងថាមានក្រុមប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកដូង កំពុងតែប្រមូលប្រាក់យ៉ាងត្រជាក់ចិត្តពីពលករចំណាកស្រុក ដែលមានបំណងវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ ស្របពេលដែលរាជរដ្ឋាភិបាលយោធាថៃ បានចាប់បញ្ជូន ពលករខ្មែរដែលពុំមានច្បាប់ទម្លាប់ត្រឹមត្រូវវិលមកកម្ពុជាវិញនោះ ។
តាមប្រភពពីប្រជាពលករបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមប៉ូលិសអន្តោប្រវេសន៍បានកំពុងតែគាបសង្កត់ប្រជាពលករខ្មែរចំណាកស្រុក ដែលត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកវិញនោះ ត្រូវបានក្រុមប៉ូលិស អន្តោប្រវេសន៍ ក្រោមការដឹកនាំរបស់លោក សៅ ប៊ុនរិទ្ធ ដែលទើបនឹងឡើងកាន់តំណែងជាប្រធានច្រកដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជំនួសលោក ស៊ឹម សំអាត ដែលត្រូវទៅកាន់តំណែងជាប្រធានច្រកអន្តរជាតិប៉ោយប៉ែត ជំនួសលោក សៅ ប៊ុនរិទ្ធ នេះ គឺគ្រាន់តែដូរទីតាំងគ្រប់គ្រងតែប៉ុណ្ណោះ ។ រីឯតួនាទីជាប្រធាន គឺនៅតែជាប្រធានដដែល ព្រោះធ្លាប់ធ្វើជាប្រធាន គឺចេះវិធីដឹកនាំ ព្រមទាំងវិធីពុករលួយ និងបទពិសោធន៍ច្របាច់ពលករមានគ្រប់គ្រាន់ ទើបថ្នាក់លើឱ្យធ្វើ ជាប្រធាននោះ ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ពលករចំណាកស្រុកត្រូវបានទាហានថៃ ទារប្រាក់ ២០០ បាត និងត្រូវបានក្រុមប៉ូលិសអន្តោប្រវេសន៍របស់លោក សៅ ប៊ុនរិទ្ធ ទាមទារប្រាក់ចាប់ពី ២០០ ទៅ ៣០០បាត ទើបឱ្យចូលមកទឹកដីកំណើតរបស់ខ្លួនវិញ ។ ប្រសិនបើមិន បង់ប្រាក់ទៅឱ្យក្រុមប៉ូលិសលោក សៅ ប៊ុនរិទ្ធ គឺមិនបានចូលស្រុកកំណើតនោះទេ ហើយត្រូវបានអាជ្ញាធរទាហានរបស់ថៃ គំរាមបណ្តេញឱ្យចូលមក ទឹកដីខ្មែរ ហើយបើយឺតយ៉ាវនោះ ត្រូវរងការវាយដំពីសំណាក់ទាហានថៃថែមទៀតផង ។
ដោយខ្លាចអំណាចទាហានថៃ វាយដំប្រជាពលករទាំងអស់នោះ បានសម្រេចចិត្តទាំងវេទនាបង់ប្រាក់ឱ្យទៅក្រុម ប៉ូលិសអន្តោប្រវេសន៍ រីឯលោក សៅ ប៊ុនរិទ្ធ អង្គុយចាំតែយកប្រាក់ទុកធ្វើការបែងចែកតាមបណ្តាថ្នាក់ ពីក្រោម រហូតទៅលើតែប៉ុណ្ណោះ ។
គួររំលឹកផងដែរថា លោក សៅ ប៊ុនរិទ្ធ ធ្លាប់ធ្វើជាប្រធានច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលល្បីល្បាញ ខាងប្រព្រឹត្តអំពើពុករលួយ និងច្របាច់.កពលករក្រីក្រ ដែលធ្វើចំណាកស្រុក តាមច្រករបៀងតូចៗ នៅមិនឆ្ងាយពីច្រកអន្តរជាតិប៉ោយប៉ែត ស្របច្បាប់ដែលមានពលករក្នុងមួយថ្ងៃ ២០០នាក់ ធ្វើចំណាកស្រុក ទាំងយប់ទាំងថ្ងៃ ដែលត្រូវបង់ឱ្យលោក សៅ ប៊ុនរិទ្ធ ក្នុងមួយនាក់ពី ៣០០ ទៅ ៥០០បាត ។
ប្រភពពីប្រជាពលករបានឱ្យដឹងផងដែរថា ប្រជាពលករដែលវិលមកស្រុកកំណើតវិញ ដោយសារតែអាជ្ញា ធរយោធាថៃបញ្ជូនមកនោះ មានបំណងបន្តប័ណ្ណឆ្លងដែនដែលមានរយៈពេលមួយសប្តាហ៍នោះ ត្រូវបង់ជូន ក្រុម លោក សៅ ប៊ុនរិទ្ធ ២០បាត ទៅ ៣០បាត ហើយបើធ្វើលិខិតចេញចូលមួយថ្ងៃក៏ត្រូវបង់ ១០បាត ទៅ ១៥បាត គឺជា ការទាមទារហួស ប្រមាណដែលបង្កការលំបាកដល់ប្រជាពលករខ្មែរ ដែលមានឈាមជ័រ ខ្មែរដូចគ្នាជាការប្រព្រឹត្ត អំពើពុករលួយ មួយដែលលោក សៅ ប៊ុនរិទ្ធ កំពុងតែធ្វើការកែ ទម្រង់ស៊ីឱ្យកាន់តែជ្រៅជាងពេលមុននោះ ។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមប៉ូលិសអន្តោប្រវេសន៍ទាំងអស់នោះ ជាកូនចៅលោក សៅ ប៊ុនរិទ្ធ បានប្រើប្រាស់ពាក្យអសុរសទៅលើពលករទាំងអស់នោះថា (បើហ្ហែងគ្មានលុយសម្រាប់អញ អញចាប់បញ្ជូន ហ្អែងទៅស្នងការខេត្តបាត់ដំបងឥឡូវ) ។ ពាក្យសំដីបែបនេះ ទំនងជាក្រុមប៉ូលិសទាំងអស់នោះពុំដែលស្គាល់របង សាលារៀន ឬវត្តអារាមនោះទេ ហើយសំអាងថា ជនមានអំណាចជាសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ ទើបប្រើប្រាស់ពាក្យសំដីបែបនេះ ។