អំពើពុករលួយ ជាដើមចមមួយធ្វើឲ្យមាននិទ្ទណ្ឌភាពនៅក្នុងសង្គមកម្ពុជា។ និទ្ទណ្ឌភាពនៅតែជាឧបសគ្គដ៏ធំបំផុតក្នុងចំណោមឧបសគ្គផ្សេងៗ ក្នុងការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសមធម៌។
នៅក្នុងវេទិកាសាធារណៈដែលរៀបចំឡើងដោយគណៈកម្មាធិការកម្ពុជា ឯករាជ្យ ប្រឆាំងអំពើពុករលួយនៅខេត្តកំពង់ធំ កាលពីថ្ងៃទី១៧ ខែកញ្ញា ប្រជាពលរដ្ឋរងគ្រោះជាច្រើន បានលើកអំពីការប្រព្រឹត្តអំពើពុករលួយការពារឈ្មួញ បណ្ដេញពួកគាត់ចេញពីដីធ្លី។
ប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗគ្នាក្នុងខេត្តកំពង់ធំ បានសម្រក់ទឹកភ្នែកយំសោកពីការបាត់បង់ដីចម្ការ និងផ្ទះសម្បែង ដោយសារតែក្រុមហ៊ុនឯកជនរំលោភយកដីរបស់ពួកគាត់។
ការបង្ហាញទុក្ខសោកនេះ នៅក្នុងវេទិកាមួយស្ដីអំពី រួមគ្នាប្រឆាំងអំពើពុករលួយ និងវប្បធម៌និទ្ទណ្ឌភាព ដើម្បីកាត់បន្ថយភាពក្រីក្រ ដែលធ្វើឡើងនៅវិទ្យាល័យកំពង់ធំ កាលពីថ្ងៃទី១៧ កញ្ញា។
នៅមុនពេលវេទិកានេះចាប់ផ្ដើម អ្នកចូលរួមជិត ៥០០នាក់ បានធ្វើយុទ្ធនាការហែក្បួនពីទីស្នាក់ការអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) នៅខាងត្បូងដំរីជាន់ខ្លា ហែឆ្ពោះទៅកាន់វិទ្យាល័យកំពង់ធំ។ ក្បួនហែនេះ មានចាក់ឧគ្ឃោសនសព្ទដែលនិយាយអំពីការលុបបំបាត់អំពើពុករលួយ និងនិទ្ទណ្ឌភាពដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមកម្ពុជា។
ស្ត្រីឈ្មោះ យឹម ស្រី នៅឃុំបឹងល្វា បានរៀបរាប់ថា ដីចម្ការរបស់គាត់ចំនួន ៥ហិកតារ ត្រូវបានអាជ្ញាធររឹបអូសយកឲ្យក្រុមហ៊ុន និងបានឈូសឆាយដី និងដំណាំរបស់គាត់គ្មានសល់។ អ្នកស្រីបញ្ជាក់ថា អាជ្ញាធរមានតួនាទីការពារប្រជាពលរដ្ឋ តែបែរជាការពារក្រុមហ៊ុនទៅវិញ៖ «សំឡេង»។
ក្រៅពីនេះទៀត អ្នកចូលរួមបានលើកសំណួរជាច្រើនទៅកាន់វាគ្មិន។ សំណួររបស់ពួកគាត់ភាគច្រើន សួរអំពីការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ ដែលកើតចេញពីការផ្ដល់ដីសម្បទានឲ្យក្រុមហ៊ុនឯកជន។ អ្នកខ្លះទៀតបានសម្ដែងការឈឺចាប់ ដោយសារការបណ្ដេញចេញ និងអំពើអយុត្តិធម៌ ដោយសារតែប្រព័ន្ធតុលាការ។ល។៖ «សំឡេងច្រើន»។
នៅក្នុងវេទិកានេះ ខាងគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ បានអញ្ជើញអភិបាលខេត្ត និងមន្ត្រីតុលាការមកចូលរួមដែរ ក៏ប៉ុន្តែគ្មានអ្នកណាមកចូលរួមទេ ក្រៅពីអង្គការសង្គមស៊ីវិល និងតំណាងរាស្ត្រគណបក្សប្រឆាំង។ ដោយឡែកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មិនបានទៅចូលរួមដូចគ្នា។
ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យ ប្រឆាំងអំពើពុករលួយ អ្នកស្រី ម៉ម ស៊ីថា សម្ដែងការសោកស្ដាយដែលអាជ្ញាធរខេត្ត និងមន្ត្រីតុលាការ មិនបានចូលរួមក្នុងវេទិកាសាធារណៈនេះ ដោយគេបានលើកហេតុផលថាជាប់រវល់៖ «សំឡេង»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ អះអាងថា លោកនឹងប្រមូលយកពាក្យបណ្ដឹងប្រជាពលរដ្ឋទាំងអស់ទាក់ទង និងដីធ្លីនេះ ផ្ញើជូនទៅលោកនាយករដ្ឋមន្ត្រី ដោយលោកសុំឲ្យតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកំពង់ធំ ជួយចុះហត្ថលេខាលើពាក្យបណ្ដឹងទាំងអស់នោះផង។ លោក ម៉ែន សុថាវរិន្ទ្រ បញ្ជាក់ថា បញ្ហាជម្លោះដីធ្លីនេះពាក់ព័ន្ធនឹងអំពើពុករលួយរបស់អាជ្ញាធរស្រុក និងខេត្ត៖ «សំឡេង»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន មានប្រសាសន៍ថា បញ្ហាជម្លោះដីធ្លីនេះ អាជ្ញាធរខេត្តបានដោះស្រាយបានរួចរាល់ហើយ។ បញ្ហានៅសេសសល់តិចតួចនេះ ដោយសារតែប្រជាពលរដ្ឋទាំងនោះកាន់កាប់ដីហាមឃាត់របស់រដ្ឋ។ លោកបញ្ជាក់ថា ក្រៅពីនេះទៀត ខាងខេត្តបានរៀបចំផ្ដល់ដីសម្បទានសង្គមកិច្ច ចែកជូនប្រជាពលរដ្ឋដែលគ្មានដីធ្លីនោះ៖ «សំឡេង»។
នៅក្នុងវេទិកានោះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី ជំរុញឲ្យតំណាងរាស្ត្រទាំង ១២៣រូប របស់គណបក្សជាប់ឆ្នោតទាំងពីរ ធ្វើលិខិតដាក់ពាក្យប្ដឹងទៅរដ្ឋាភិបាល សុំឲ្យដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលមានបញ្ហាជម្លោះដីធ្លី និងការបណ្ដេញចេញនេះ។ លោកបញ្ជាក់ថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចកន្លងមកនេះ គ្មានធ្វើច្បាប់អនុប្រយោគ និងគ្មានសុំការអនុញ្ញាតពីសភាឡើយ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី បន្ថែមថា ការសម្រេចចិត្តផ្នែកគោលនយោបាយក្នុងការរៀបចំផ្ដល់ដីសម្បទាន សេដ្ឋកិច្ច និងសម្បទានរ៉ែរបស់រដ្ឋាភិបាលនោះ គឺជាមូលហេតុចម្បង ដែលធ្វើឲ្យឱកាសអ្នកមានអំណាច និងអ្នកមានលុយ មានអំពើពុករលួយ ហើយអ្នកទទួលខុសត្រូវខ្ពស់បំផុត គឺនាយករដ្ឋមន្ត្រី ដែលសម្រេចគោលនយោបាយនេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ជាក់ស្ដែងដូចជាប្រជាពលរដ្ឋនៅខេត្តកំពង់ធំ នេះជាដើម។
ស្រដៀងគ្នានេះដែរ ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យ ប្រឆាំងអំពើពុករលួយ អ្នកស្រី ម៉ម ស៊ីថា ថ្លែងថា បញ្ហាអំពើពុករលួយលើគោលនយោបាយដោះស្រាយវិបត្តិដីធ្លីនៅក្នុងខេត្ត កំពង់ធំ នេះ ក៏ជាមូលហេតុធ្វើឲ្យមាននិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ដែរ ពោលគឺតំណាងក្រុមហ៊ុនរំលោភយកដីប្រជាពលរដ្ឋរួចខ្លួន រីឯម្ចាស់ដីមួយចំនួនជាប់គុក។
អ្នកស្រីបញ្ជាក់ថា ការគំរាមកំហែងពីទង្វើនិទ្ទណ្ឌភាពដែលបង្កនូវអស្ថិរភាព និងសន្តិសុខ ធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងតម្លៃសីលធម៌នៅក្នុងសង្គម ដែលជាទង្វើគ្រោះថ្នាក់ដល់កិច្ចអភិវឌ្ឍប្រទេសជាតិ ប្រកបដោយនិរន្តរភាព ហើយក៏ជាការព្រួយបារម្ភចំពោះទំនាក់ទំនងរវាងឧក្រិដ្ឋកម្មគ្រប់ រូបភាព ពិសេសឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង និងឧក្រិដ្ឋកម្មសេដ្ឋកិច្ច៕