0

ពលរដ្ឋ​នៅ​កំពង់ចាម​បារម្ភ​ពី​បទល្មើស​នេសាទ​ប្រើ​ស្បៃ​មុង​ចាប់​យក​កូន​ត្រី

ករណី​នេសាទ​ខុស​ច្បាប់​នៅ​តែ​ជា​ក្តី​បារម្ភ​សម្រាប់​ពលរដ្ឋ​នៅ​ឃុំ​ បាធាយ ស្រុក​បាធាយ ខេត្ត​កំពង់ចាម។ ពួក​គាត់​បាន​លើក​ឡើង​ថា ការ​នេសាទ​ខុស​ច្បាប់​អាច​ប្រព្រឹត្ត​បាន គឺ​ដោយសារ​តែ​មាន​អាជ្ញាធរ​នៅ​ទីនោះ​មួយ​ចំនួន​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង។

ចំណែក​អាជ្ញាធរ​ស្រុក​វិញ​បញ្ជាក់​ថា មិន​មាន​អាជ្ញាធរ​ណា​នៅ​ពី​ក្រោយ​ឡើយ និង​បាន​ស្នើ​អោយ​ពលរដ្ឋ​បង្ហាញ​ភស្តុតាង​នៃ​ការ​ចោទ​ប្រកាន់។

ពលរដ្ឋ​នៅ​ស្រុក​បាធាយ ឱ្យ​ដឹង​ថា ករណី​នេសាទ​ដោយ​ប្រើប្រាស់​ស្បៃ​មុង ដើម្បី​យក​កូន​ត្រី នៅ​តែ​កើត​មាន​ឡើង​នៅ​ក្នុង​មួយ​ថ្ងៃៗ​រាប់​រយ​គីឡូ ហើយ​ការ​នេសាទ​ខុស​ច្បាប់​នោះ អាច​ធ្វើ​ទៅ​បាន គឺ​ដោយសារ​តែ​មាន​អាជ្ញាធរ និង​សមត្ថកិច្ច​មួយ​ចំនួន​នៅ​ពី​ក្រោយ និង​ម្យ៉ាង​មាន​អាជ្ញាធរ​ខ្លះ​ទៀត ក៏​ជា​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោរ​ទៀត​ផង។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ជ្រែក ឃុំ​បាធាយ សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា ចំពោះ​អ្នក​មិន​មាន​ខ្នង​នោះ បើ​គ្រាន់​តែ​ដាក់​ស្បៃ​សម្រាប់​យក​កូន​ត្រី​មក​ចិញ្ចឹម​ទា ឬ​ជា​លក្ខណៈ​គ្រួសារ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដែរ ប៉ុន្តែ​សម្រាប់​អ្នក​មាន​ខ្នង​វិញ ដាក់​ស្បៃ​មុង​រាប់​រយ​ម៉ែត្រ យក​កូន​ត្រី​មួយ​ថ្ងៃៗ​រាប់​រយ​គីឡូ ដើម្បី​ឱ្យ​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោរ ក៏​អាជ្ញាធរ​មិន​បាន​អើពើ​ដែរ៖ «បង​គិត​ថា​អា​នេះ​វា​អយុត្តិធម៌​ខ្លាំង​ ណាស់​អូន! ចំពោះ​ក្នុង​សង្គម​ខ្មែរ! ហើយ​ក្នុង​សង្គម​ខ្មែរ​នេះ​ហើយ អ្នក​ណា​ក្រ​អត់​មាន​ខ្នង​មាន​ខ្សែ​ជាប់​គុក​ជាប់​ច្រវាក់។ ហើយ​អា​អ្នក​រាល់​ថ្ងៃ​នេះ វា​កាង​តែ​ម្តង ហើយ​វា​មាន​ចៅហ្វាយ​ស្រុក​អធិការ​នៅ​ពី​ក្រោយ»

ប្រភព​ដដែល​បន្ត​ថា ឈ្មួញ​ចាំ​ទិញ​កូន​ត្រី​បើក​រថយន្ត​លឿនៗ ដែល​ធ្វើ​ឱ្យ​ខូចខាត​ផ្លូវ​រួម និង​បង្ក​ការ​លំបាក​ដល់​អ្នក​ភូមិ​ធ្វើ​ដំណើរ ជាដើម។ លោក​បន្ថែម​ថា មាន​អាជ្ញាធរ និង​សមត្ថកិច្ច​មួយ​ចំនួន បាន​ចិញ្ចឹម​ត្រី​ឆ្ដោរ​ដោយ​លួច​លាក់ ទើប​ធ្វើ​ឱ្យ​ការ​នេសាទ​កូន​ត្រី​នៅ​តែ​បន្ត។ លោក​បារម្ភ​ថា វាសនា​ត្រី​នឹង​អាច​បាត់​បង់ ប្រសិន​បើ​នៅ​តែ​មាន​បញ្ហា​នេះ​កើត​ឡើង។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ អភិបាល​ស្រុក​បាធាយ លោក ឡោ ចាន់លី បដិសេធ​ថា​មិន​មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ណា ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​អ្នក​នេសាទ​ខុស​ច្បាប់​ទាំង​នោះ​ឡើយ។ លោក​ចង់​ឱ្យ​ចង្អុល​បង្ហាញ​ឱ្យ​ច្បាស់​ថា មន្ត្រី​ណា​ដែល​នៅ​ពី​ក្រោយ​នោះ មិន​អាច​ចេះ​តែ​ថា​ដោយ​គ្មាន​ភស្តុតាង​បាន​ទេ។ លើស​ពី​នេះ​ទៀត រឹត​តែ​មិន​មាន​អាជ្ញាធរ​ណា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ។

លោក ឡោ ចាន់លី៖ «បើ​មាន​មូលដ្ឋាន​មាន​ព័ត៌មាន​ច្បាស់​លាស់ ខ្ញុំ​នឹង​មាន​វិធានការ​ចំពោះ​មន្ត្រី។ បើ​មន្ត្រី​ណា​នៅ​ពី​ក្រោយ​ខ្នង​បទល្មើស​នោះ​បាទ! ព្រោះ​យើង​បាន​ដាក់​ផែនការ​ដាក់​បទបញ្ជា​តាម​រយៈ​កិច្ច​ប្រជុំ​ប្រចាំ​ខែ ក៏ដូចជា​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិបាល​ខេត្ត​អី​ហ្នឹង យើង​មិន​ឱ្យ​មន្ត្រី​ណា​នៅ​ប៉ះ ឬ​នៅ​ពី​ក្រោយ​ខ្នង ឬ​ក៏​ឆ្លៀត​ឱកាស​ទៅ​យក​ផល​ប្រយោជន៍​បទល្មើស​នេសាទ​ហ្នឹង​ទេ ព្រោះ​យើង​មាន​តែ​ចុះ​បង្ក្រាប អត់​មាន​ទៅ​យក​ឆ្លៀត​ឱកាស ទៅ​បក​ប្រយោជន៍​ពី​ល្មើស​ហ្នឹង​ទេ»

លោក​បន្ថែម​ថា អាជ្ញាធរ​ពិបាក​ក្នុង​ការ​បង្ក្រាប​ការ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ស្បៃ​ មុង​ណាស់ ពីព្រោះ​ឧបករណ៍​នេះ​ងាយ​ធ្វើ​ឡើង​វិញ បើ​ទោះ​បី​ជា​សមត្ថកិច្ច​សហការ​ជាមួយ​មន្ត្រី​ជំនាញ ចុះ​បង្ក្រាប​ជាច្រើន​លើក​ច្រើន​សា​ក៏ដោយ រហូត​ដល់​ចាប់​បញ្ជូន​អ្នក​ប្រព្រឹត្តិ​ទាំង​នោះ​ទៅ​តុលាការ ក៏​នៅ​តែ​មិន​រាង​ទៀត។ លោក​បញ្ជាក់​ថា ឧបករណ៍​នេះ​ធ្វើ​ឡើង​នៅ​សង្កាត់​ព្រែកព្នៅ រាជធានី​ភ្នំពេញ ហើយ​ជា​ការ​ប្រសើរ អាជ្ញាធរ​នៅ​ទីនោះ​គប្បី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កន្លែង​បង្កើត​ឧបករណ៍​តែ​ ម្តង។

ទាក់ទង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា មិន​មែន​មាន​តែ​ស្រុក​បាធាយ ទេ​ដែល​មាន​ករណី​នេសាទ​យក​កូន​ត្រី​នេះ ប៉ុន្តែ​ក៏​មាន​នៅ​ស្រុក​ផ្សេងៗ​ទៀត​ដែរ ហើយ​ក៏​មាន​ខេត្ត​ដទៃ​ទៀត ដូចជា​ខេត្ត​កំពង់ឆ្នាំង ជាដើម។ លោក​បន្ត​ថា ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​នោះ មាន​មួយ​ចំនួន គឺ​ជា​ជនជាតិ​វៀតណាម ដែល​រស់នៅ​លើ​ដី​ខ្មែរ។ បើ​ទោះ​បី​ជា​រាជ​រដ្ឋាភិបាល បាន​ចេញ​ច្បាប់​មិន​អនុញ្ញាត​ឱ្យ​ចិញ្ចឹម​ក៏ដោយ ហើយ​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ គឺ​ប្រភព​ដ៏​ធំ​នាំ​ឱ្យ​មាន​ការ​នេសាទ​យក​កូន​ត្រី។

លោក ចាន់ សុវ៉េត៖ «និយាយ​រួម​អត់​ស្មើ​គ្នា​របៀប​ចាត់​ចែង អត់​ស្មើ​ភាព​គ្នា។ យើង​មើល​ឃើញ​អំពី​អ្នក​នេសាទ​ទប់ស្កាត់​ជនជាតិ​ខ្មែរ ឱ្យ​ជន​បរទេស​ចូល​ធ្វើ​ការ​ឱ្យ​បាន​ច្រើន នេសាទ​ឱ្យ​បាន​ច្រើន។ ទប់​អា​តូច បើក​ឱ្យ​អា​ធំ អ៊ីចឹង​ធ្វើ​ឱ្យ​សកម្មភាព​នៃ​ការ​នេសាទ​ហ្នឹង ពាក្យ​ថា​ត្រូវ​ច្បាប់​នេះ គឺ​កម្រ​មាន​ណាស់ ភាគ​ច្រើន គឺ​មាន​តែ​ខុស​ច្បាប់​តែ​ម្តង។ ហើយ​អាជ្ញាធរ​គួរ​ពិនិត្យ​លើ​ទំហំ​បក្ខពួក ឬ​ក៏​លុយ​កាក់​ប៉ុណ្ណោះ អ៊ីចឹង​វា​ធ្វើ​ឱ្យ​ស្ថានភាព​ហ្នឹង​មិន​អាច​ទប់ស្កាត់​បាន»

លោក​បញ្ជាក់​ថា អាជ្ញាធរ​គប្បី​ស៊ើប​អង្កេត​អោយ​បាន​ជាប់​លាប់ រក​ម្ចាស់​ចិញ្ចឹម​ត្រី​ទាំង​នោះ​ឱ្យ​ទាន់​រដូវ​ទឹក​ឡើង​នេះ ហើយ​ការ​អនុវត្ត​ច្បាប់​មិន​ត្រូវ​គិត​ពី​រឿង​យោគយល់​ទេ ពិសេស​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​ស្មើ​ភាព​គ្នា៕

fishing-305-e1328891475376

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com