អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅថ្ងៃអាទិត្យនេះ ទាមទារឲ្យគណបក្សជំរុញឲ្យមានការអនុវត្តច្បាប់អន្តោប្រវេសន៍ ឲ្យមានប្រសិទ្ធភាព ដោយគ្មានការលើកលែង និងការរើសអើង។
ការទាមទារនេះ ធ្វើឡើងនៅក្នុងសមាជមហាជនរបស់គណបក្ស ដែលបានប្រព្រឹត្តទៅនៅរសៀលថ្ងៃអាទិត្យនេះ នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមជិតមួយម៉ឺននាក់ មានទាំងព្រះសង្ឃ កម្មកររោងចក្រ កសិករ អាជីវករ និងមន្ត្រីរាជការជាដើម។
សមាជមួយនេះ បានបញ្ចប់នៅម៉ោងជិត៥និង៣០នាទី ដោយសម្រេចលើចំណុចចំនួន១០ ដែលក្នុងនោះ មហាជន បានស្នើឲ្យគណបក្សសង្គ្រោះជាតិ ដោះស្រាយបញ្ហាអន្តោប្រវែសន៍នៅកម្ពុជា ដែលសំដៅទៅលើអន្តោប្រវែសន៍ជនជាតិវៀតណាម។
កន្លងទៅ គណបក្សសង្គ្រោះជាតិ បានយកប្រធានបទនៃជនអន្តោប្រវែសន៍វៀតណាមរស់នៅកម្ពុជា មកធ្វើជាចំណុចក្តៅនៃការស្វែងរកសំឡេងឆ្នោត ដោយរិះគន់រាជរដ្ឋាភិបាលថា មិនបានចាត់វិធានការលើបញ្ហានេះ ឲ្យបានតឹងរ៉ឹង។
កន្លងទៅ មន្ត្រីរដ្ឋាភិបាល បានបដិសេធលើការចោទប្រកាន់ ដោយលើកឡើងថា ជនជាតិវៀតណាម មិនមានច្រើនដូចអ្វីៗ ដែលសង្គមស៊ីវិល និងអ្នកតាមដានលើកឡើងទេ។ មុនការបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ជនជាតិវៀតណាមនៅកម្ពុជា មានមិនដល់១០ម៉ឺននាក់ផង។
ក្នុងកំណត់ត្រាសង្ខេប និងត្រូវបានចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) បានដាក់អនុសាសន៍ទៅរដ្ឋាភិបាលកម្ពុជាអាណ្ណត្តិថ្មី លើបញ្ហាអន្តោប្រវែសន៍។ CCHR លើកឡើងថា ក្នុងយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានការចាប់អារម្មណ៍ទៅលើបញ្ហាអន្តោប្រវែសន៍ខុសច្បាប់ មកពីប្រទេសវៀតណាម ដោយមិនយល់ច្បាស់រវាងអន្តោប្រវែសន៍ស្របច្បាប់ និងការរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិវៀតណាមទាំងអស់ រួមមានអ្នកដែលមានសិទ្ធិស្របច្បាប់រស់នៅក្នុងប្រទេសកម្ពុជាផងដែរ ។
CCHR ស្នើឲ្យរដ្ឋាភិបាលថ្មី ពង្រឹងច្បាប់អន្តោប្រវែសន៍ និងធានាថា ច្បាប់ទាំងនេះ ត្រូវបានតុលាការអនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីឲ្យពលរដ្ឋកម្ពុជា មានទំនុកចិត្តថា មិនមានប្រជាពលរដ្ឋខ្មែរ ជាជនជាតិភាគតិច រស់នៅកម្ពុជា ដោយពុំស្របច្បាប់នោះទេ។ CCHR ក៏បានស្នើឲ្យរដ្ឋាភិបាល ធានាការពារដល់ប្រជាពលរដ្ឋខ្មែរក្រោម ក្នុងប្រទេសកម្ពុជា តាមរយៈការបញ្ជាក់ឲ្យបានច្បាស់ថា ប្រជាពលរដ្ឋខ្មែរក្រោម ត្រូវចាត់ទុកដូចជនជាតិកម្ពុជាដទៃទៀត និងបញ្ឈប់ការចាប់បញ្ជូនប្រជាពលរដ្ឋខ្មែរក្រោមទៅកាន់ប្រទេសវៀតណាម ។
ចំណុចអនុសាសន៍សម្រាប់អន្តោប្រវែសន៍ ផ្សេងៗទៀត មានដូចជាការចេញអត្តសញ្ញាណប័ណ្ណអចិន្ត្រៃយ៍ទៅដល់ប្រជាពលរដ្ឋ ដើមកំណើតខ្មែរក្រោម ដែលអាចបញ្ជាក់ថា ជាសញ្ជាតិខ្មែរ និងធានាបទបញ្ញតិ្តនៅក្នុងរដ្ឋធម្មនុញ្ញ អនុវត្តទៅលើការហាមប្រាមចំពោះការរើសអើងដោយសារពណ៌សម្បុរ និងជាតិពន្ធុ។
សេចក្តីសម្រេចរបស់សមាជមហាជននៅថ្ងៃអាទិត្យនេះ ក៏បានសម្រេចទាមទារឲ្យមានការផ្លាស់ប្តូរតាមរយៈកែទម្រង់នូវ គោលនយោបាយ និងស្ថាប័នជាតិសំខាន់ៗ ដើម្បីធានាការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋផងដែរ ដែលនៅចំពោះមុខ។ អង្គសមាជ ក៏បានសម្រេចទាមទារចំណុចសំខាន់ៗមួយចំនួនទៀត ដូចជាទាមទារឲ្យបង្កើតគណៈកម្មការស្វែងរកការពិតជូនម្ចាស់ឆ្នោត និងផ្លាស់ប្តូរសមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាមទារឲ្យមានតុល្យភាពអំណាចសភា ទាមទារឲ្យគណបក្សសង្គ្រោះជាតិទទួលបានអាជ្ញាប័ណ្ណវិទ្យុ ទូរទស្សន៍ ហើយលុបចោលកិច្ចសន្យាដែលមានលក្ខណៈគាបសង្កត់ បិទសិទ្ធិសេរីភាពក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ បញ្ឈប់នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងពិនិត្យសើរើឡើងវិញនូវដីសម្បទានសេដ្ឋកិច្ចជាដើម៕