0

សមាជ​មហាជន​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យមាន​អាជ្ញាប័ណ្ណ​គ្រប់គ្រង​ទូរទស្សន៍ និង​វិទ្យុ​​

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អាទិត្យ​នេះ ទាមទារ​ឲ្យ​គណបក្ស​អាច​ទទួលបាន​អាជ្ញាប័ណ្ណ​ក្នុង​ការគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្ទាល់​ខ្លួន ជាពិសេស​វិទ្យុ និង​ទូរទស្សន៍ ដើម្បី​ធានា​ការទទួលបាន​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​។

​ការទាមទារ​នេះ ធ្វើឡើង​នៅក្នុង​សមាជ​មហាជន​របស់​គ​ណ​បក្ស ដែល​បាន​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មាន​អ្នកចូលរួម​ជិត​មួយ​ម៉ឺន​នាក់ មាន​ទាំង​ព្រះសង្ឃ កម្មករ​រោងចក្រ កសិករ អាជីវករ និង​មន្ត្រីរាជការ​ជាដើម​។​

​សមាជ​មួយ​នេះ បាន​បញ្ចប់​នៅ​ម៉ោង​ជិត​៥​និង​៣០​នាទី ដោយ​សម្រេច​លើ​ចំណុច​ចំនួន​១០ ដែល​ក្នុងនោះ មហាជន បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​អាជ្ញាប័ណ្ណ​ក្នុង​ការគ្រប់គ្រង​វិទ្យុ និង​ទូរទស្សន៍​។​

​កន្លងទៅ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា រង​ការរិះគន់​ថា ស្ថិតនៅក្រោម​ឥទ្ធិពល​នយោបាយ​គណបក្ស​កំពុង​ដឹកនាំ​រដ្ឋាភិបាល ជាពិសេស​វិទ្យុ និង​ទូរទស្សន៍​។

​កន្លងទៅ អង្គការ​ចំនួន ៤០​នៃ​បន្ទប់​ស្ថានការណ៍​ក្នុង​ថ្ងៃ​បោះឆ្នោត រកឃើញថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាពិសេស ទូរទស្សន៍ និង​វិទ្យុ មាន​ភាព លម្អៀង​ខ្លាំង​បំផុត​ទៅ​កាន់​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​បំពេញ​តួនាទី​មួយ​មួយ​កាន់តែ​អាក្រក់​ទៅ សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា​។ អង្គការ​ទាំងនេះ ជំរុញ​ឲ្យមាន​កំណែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​គោរព​តាម​គោលការណ៍​សមធម៌ និង​មាន​ភាពសេរី ដើម្បី​ឲ្យ​ការបោះឆ្នោត​ក្រោយៗ​ទៀត មាន​ភាពសេរី និង​យុត្តិធម៌​។​

​ចំណែក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បានដាក់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​អាណ្ណត្តិ​ថ្មី ក្នុង​ការបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​ឯករាជ្យ​មួយ ដើម្បី​ធានា​ថា​ពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ពិតប្រាកដ និង​ធានា​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​សេរី និង​យុត្តិធម៌​។​CCHR លើកឡើងថា ខ្លួន​គាំទ្រ​នូវ​ការបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ​ឯករាជ្យ​មួយ ដោយ​លុបចោល​ច្បាប់​ណា​ដែលមាន លក្ខណៈ​រឹតបន្តឹង​ទៅ​លើ​ខ្លឹមសារ និង បង្កើត​ស្ថាប័ន​គ្រប់គ្រង​ការចាក់ផ្សាយ​ឯករាជ្យ​មួយ ទទួលខុសត្រូវ​ចំពោះ​ការចេញ​អាជ្ញាប័ណ្ណ និង​ធានា​ឲ្យបាន​ថា​ស្ថានីយ​ផ្សព្វផ្សាយ​ព័ត៌មាន​នោះ បំពេញ​ការងារ​ដោយ​សេរី​៕1

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com