អំពើអាក្រក់ហួសហេតុរបស់មន្ត្រីកាំកុងត្រូលប្រចាំច្រកអន្តរជាតិប៉ោយប៉ែតកំពុងប្រឈមនឹងការថ្កោលទោសជុំទិសព្រោះពួកគេគិតតែរឿងប្រព្រឹត្តអំពើពុករលួយស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនដែលខ្វល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រដែលជាកម្មករអូសរទេះដឹកជញ្ជូនទំនិញទាល់តែសោះ។ ចំពោះបញ្ហានេះគួរតែលោក ម៉ក់ ពេជ្ជរិទ្ធ ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មត្រូវចាត់វិធានការលើមន្ត្រីកាំកុងត្រូលប្រចាំច្រកព្រំដែនប៉ោយប៉ែតជាបន្ទាន់បំផុត ដើម្បីកុំឲ្យពួកគេធ្វើបាបប្រជាពលរដ្ឋក្រីក្រយ៉ាងកម្លៅតទៅទៀត។ ជាពិសេសគឺត្រូវចាត់វិធានការលើលោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យជាបន្ទាន់ ដើម្បីកុំឲ្យជននេះបើកដៃឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនជំរិតយកលុយពីប្រជាពលរដ្ឋក្រីក្រតាមអំពើចិត្តទៀត។
មួយរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រជាពលរដ្ឋក្រីក្រដែលជាកម្មករអូសរទេះជញ្ជូនទំនិញនៅច្រកប៉ោយប៉ែតបានរៀបរាប់អំពីទុក្ខលំបាករបស់ពួកគាត់ដែលត្រូវសមត្ថកិច្ចជាច្រើនស្ថាប័នឈរជើងនៅចំណុចខ្លោងទ្វារប្រាសាទកំពូល៣ គល់ស្ពានមិត្តភាពកម្ពុជា-សៀម ដែលជំរិតយកលុយពីពួកគាត់មិនខុសពីចោរឆក់ ចោរប្លន់។
ជាពិសេសមន្ត្រីកាំកុងត្រូល៣នាក់ដែលជាកូនចៅរបស់លោក អ៊ុត សុភាព បានបង្ខំឲ្យពួកគាត់បង់ប្រាក់ក្នុងមួយរទេះពី២០បាតទៅ៥០បាតទោះបីទំនិញនោះស្របច្បាប់ឬមិនស្របច្បាប់ក៏ដោយ។ ក្នុងមួយថ្ងៃៗមានរទេះជញ្ជូនទំនិញរាប់រយគ្រឿងដឹកជញ្ជូនទំនិញពីទឹកដីសៀមចូលទឹកខ្មែរ ដូច្នេះមន្ត្រីកាំកុងត្រូលពុករលួយប្រមូលុយបានយ៉ាងច្រើនសម្រាប់ចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។ ចំណែកឈ្មួញធំៗពួកគេបង់លុយជូនមន្ត្រីកាំកុងត្រូលពុករលួយទាំងនោះជាប្រចាំថ្ងៃឬប្រចាំសប្តាហ៍ទើបអាចដឹកទំនិញពីទឹកដីសៀមចូលទឹកដីខ្មែរយ៉ាងរលូន។
មជ្ឈដ្ឋានប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតបានរិះគន់ថាមន្ត្រីកាំកុងត្រូល៣នាក់នៅចំណុចប្រាសាទកំពូល៣ ពួកគេគិតតែជំរិតយកលុយពីកម្មករអូសរទេះនិងពីក្រុមឈ្មួញនាំទំនិញចូលទឹកដីខ្មែរប៉ុណ្ណោះ គឺពួកគេមិនដែលត្រួតពិនិត្យគុណភាពទំនិញឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទ្បើយ។ បញ្ហានេះហើយដែលឈ្មួញខិលខូចមួយចំនួនលួចនាំចូលប្រហិត និងសាច់មាន់ខូចគុណភាពព្រមទាំងគ្រឿងឧបភោគ បរិភោគ មានផ្ទុកសារធាតុគីមីមកបំផ្លាញសុខភាពប្រជាពលរដ្ឋខ្មែរសយ៉ាងកំរោល។
អាស្រ័យហេតុនេះលោក ម៉ក់ ពេជ្ជរិទ្ធ មិនត្រូវបណ្តោយឲ្យមន្ត្រីកាំកុងត្រូលប្រចាំច្រកប៉ោយប៉ែតនិងលោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀតទេ ហើយអង្គភាពប្រឆាំងអំពើពុករលួយក៏ត្រូវចាត់វិធានការលើមន្ត្រីពុករលួយទាំងនោះជាបន្ទាន់ដែរ៕