ថ្មីៗនេះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបបានចាប់បញ្ជូនខ្លួនមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែលឈរជើងក្នុងខេត្តសៀមរាបទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការតាមច្បាប់។ ចំណែកមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃឈ្មោះ ឈុន ប៉េងទ្បុង និងយិន សុផល ដែលឈរជើងនៅខេត្តក្រចេះហើយប្រព្រឹត្តអំពើពុករលួយជំរិតយកលុយពីក្រុមឈ្មួញរកស៊ីឈើខុសច្បាប់តាមអំពើចិត្តនោះមិនទាន់ឃើញអង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យ៉ិនទៀង ចាត់វិធានការតាមផ្លូវច្បាប់នៅទ្បើយទេ។
ប្រការនេះត្រូវបានប្រជាពលរដ្ឋអំពាវនាវឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការលើមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃឈ្មោះ ឈុន ប៉េងទ្បុង និងយិន សុផល ជាបន្ទាន់បំផុតដើម្បីកុំឲ្យពួកគេប្រើប្រាស់តួនាទីដើម្បីស្វែងរកផលប្រយោជន៍តាមអំពើចិត្តទៀត។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋស្រុកស្នួល ខេត្តក្រចេះបានឲ្យដឹងថាលោកវរសេនីយ៍ទោ ឈុន ប៉េងទ្បុង និងលោកវរសេនីយ៍ត្រី យិន សុផល ដែលជាមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានបង្កើតកុងត្រូលជជុះនិងរៀបចំកម្លាំងឈរជើងចាប់ប្រដេញរថយន្តដឹកឈើយ៉ាងប្រសេចប្រសាច ដើម្បីជំរិតយកលុយពីក្រុមឈ្មួញទុច្ចរិតហើយបើកដៃឲ្យក្រុមឈ្មួញប្រព្រឹត្តបទល្មើសតាមអំពើចិត្ត។
ជាក់ស្តែងទីតាំងកុងត្រូលជជុះនៅមុខវិទ្យាល័យ ហ៊ុន សែន ស្នួល ក្រោមការគ្រប់គ្រងរបស់លោក ឈុន ប៉េងទ្បុង កំពុងតែសុខស្រួលក្នុងការប្រមូលលុយពីឈ្មួញដឹកជញ្ជូនឈើប្រណីតយកទៅលក់នៅស្រុកយួនទាំងយប់ទាំងថ្ងៃ។ ចំណែកឈ្មោះ យិន សុផល វិញតែប្រើអំណាចបង្ខំឲ្យឈ្មួញរកស៊ីឈើខុសច្បាប់និងប្រជាពលរដ្ឋស្លូតត្រង់ដែលគ្រាន់តែដឹកជញ្ជូនឈើទៅធ្វើផ្ទះសម្បែងបង់លុយតាមអំពើចិត្តរបស់ខ្លួន។ បច្ចុប្បន្នឈ្មោះមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃទាំងពីរនាក់នេះកំពុងល្បីរន្ទឺទូទាំងខេត្តក្រចេះព្រោះពួកគេអាចធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តក្រចេះបានឲ្យដឹងទៀតថាឈ្មោះ ឈុន ប៉េងទ្បុង និង យិន សុផល កំពុងប្រើអំណាចដ៏ធំធេងរបស់ខ្លួនប្រមូលលុយពីឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ទៅលក់នៅស្រុកយួនក៏ដូចជាប្រមូលលុយពីឈ្មួញដែលដឹកជញ្ជូនទំនិញគេចពន្ធពីស្រុកយួនតាមច្រកព្រំដែនវ៉ាលឺតាមអំពើចិត្ត។ ដូច្នេះល្មមដល់ពេលដែលលោក ឱម យ៉ិនទៀង ចាត់ការឈ្មោះឈុន ប៉េងទ្បុង និងយិន សុផល ដូចចាត់ការមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ៤នាក់នៅខេត្តសៀមរាបកាលពីពេលថ្មីៗនេះដែរ ដើម្បីជាការព្រមានកុំឲ្យពួកគេប្រព្រឹត្តអំពើអាក្រក់តទៅទៀត