ប្រជាពលរដ្ឋរស់នៅតាមបណ្តាឃុំនានាក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងបានអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបាលជាតិចាត់វិធានការលើលោក ជាង សុវណ្ណារិទ្ធ ដែលជាអធិការនគរបាលស្រុកបរិបូរណ៍ជាបន្ទាន់បំផុត ព្រោះមន្ត្រីនគរបាលរូបនេះមិនដែលយកចិត្តទុកដាក់អនុវត្តន៍តាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ចំណុចនោះទេ។ ផ្ទុយទៅវិញលោក ជាង សុវណ្ណារិទ្ធ និងមេប៉ុស្តិ៍នគរបាលតាមបណ្តាឃុំមួយចំនួនក្នុងស្រុកបរិបូរណ៍បានឃុបឃិតគ្នាបណ្តោយឲ្យមានល្បែងស៊ីសងនិងបទល្មើសគ្រឿងញៀនកើតទ្បើងយ៉ាងពេញបន្ទុក។ ជាងនេះទៅទៀតមេប៉ុស្តិ៍នគរបាលនិងមន្ត្រីនគរបាលតាមបណ្តាឃុំនានាបានប្រើអំណាចជំរិតយកលុយពីប្រជាពលរដ្ឋទន់ខ្សោយយ៉ាងកំរោល។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានចោទប្រកាន់មេប៉ុស្តិ៍នគរបាលនិងមន្ត្រីនគរបាលប៉ុស្តិ៍ឃុំកំពង់ព្រះគគីរថា អសមត្ថភាពក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ប្រជាពលរដ្ឋបានរិះគន់ថានាយប៉ុស្តិ៍នគរបាលឃុំកំពង់ព្រះគគីរឈ្មោះ ប៉ាង ពុំសែន និងមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ទៀតឈ្មោះ ទុំ សារ៉ុន តែងតែដើរជំរិតយកលុយពីប្រជាពលរដ្ឋដែលមានមុខរបរជាអ្នកនេសាទ។ បញ្ហានេះហើយដែលប្រជាពលរដ្ឋរស់នៅភូមិកោះតាម៉ូវ និងភូមិព្រែកស្ពាន បានផ្តិតមេដៃលើពាក្យបណ្តឹងគ្រោងដាក់ជូនអភិបាលស្រុកបរិបូរណ៍និងអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីឲ្យដកមន្ត្រីនគរបាលទាំងពីរនាក់នេះចេះពីប៉ុស្តិ៍ឃុំកំពង់ព្រះគគីរ។ តំណាងប្រជាពលរដ្ឋដែលផ្តិតមេដៃលើពាក្យបណ្តឹងបានចោទប្រកាន់ថា មេប៉ុស្តិ៍នគរបាលឃុំឈ្មោះ ប៉ាង ពុំសែន និងមន្ត្រីនគរបាលម្នាក់ទៀតឈ្មោះ ទុំ សារ៉ុន តែងតែដើរជំរិតទារលុយពីពួកគាត់និងរឹបអូសយកឧបករណ៍នេសាទប្រសិនបើទារលុយមិនបានសម្រេច។
ប្រជាពលរដ្ឋភូមិកោះតាម៉ូវ និងភូមិព្រែកស្ពាននៃឃុំកំពង់ព្រះគគីរចំនួន៨២នាក់បានអំពាវនាវឲ្យអភិបាលស្រុកបរិបូរណ៍និងអភិបាលខេត្តកំពង់ឆ្នាំងដកហូតមន្ត្រីនគរបាលទាំងពីរនាក់នេះចេញពីប៉ុស្តិ៍ឃុំកំពង់ព្រះគគីរជាបន្ទាន់។ ប្រជាពលរដ្ឋបានរិះគន់ថាលោក ជាង សុវណ្ណារិទ្ធ អធិការនគរបាលស្រុកបរិបូរណ៍និងស្នងការនគរបាលខេត្តកំពង់ឆ្នាំងទំនងជាទទួលបានផលប្រយោជន៍ពីមន្ត្រីនគរបាលទាំងពីរនាក់ខាងលើជាប្រចាំ ទើបបណ្តោយឲ្យពួកគេធ្វើបាបប្រជាពលរដ្ឋក្រីក្រទន់ខ្សោយស្រេចតែអំពើចិត្តរបស់ខ្លួន។ ជាពិសេសបច្ចុប្បន្នល្បែងស៊ីសងនិងបទល្មើសគ្រឿងញៀនកំពុងកើតទ្បើងយ៉ាងពេញបន្ទុកនៅក្នុងស្រុកបរិបូរណ៍ហើយទាំងអធិការនគរបាលស្រុកឈ្មោះ ជាង សុវណ្ណារិទ្ធ និងស្នងការនគរបាលខេត្តកំពង់ឆ្នាំងមិនដែលយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមដើម្បីឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្តទ្បើយ៕