0

លោក​ គុណ ​ញឹម ​ពិនិត្យ​អំពើ​ពុក​រលួយ​របស់​មេ​គយ​ច្រក​ភ្នំ​ដិន​ជា​បន្ទាន់​

ប្រភពពី​សមត្ថ​កិច្ច​ពាក់​ព័ន្ធមួយ​ចំនួន​បាន​ឲ្យ​ដឹងថា លោក ឯម ស៊ីថា ដែលជា​មេគយ​ច្រក​ភ្នំ​ដិន កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​បើកដៃឲ្យ​ឈ្មួញ​នាំចូលទំនិញគេចពន្ធ​តាមច្រក​របៀង​ពីរ​កន្លែង​ នៅ​ក្បែរ​ច្រក​អន្តរ​ជាតិ​ភ្នំ​ដិន យ៉ាង​ពេញបន្ទុក​។ ឈ្មួញទាំង​បីនាក់​ដែល​អាច​នាំ​ទំនិញ​គេច​ពន្ធ​ចូល​តាមច្រក​របៀង​តាម​អំពើចិត្ត​នោះ​ មានឈ្មោះ ចែស្រី ឈ្មោះ​ចន្ថា និង​ឈ្មោះ​ ចែពៅ អ្នក​ទាំង​បីនេះ​រស់នៅ​ក្នុង​ឃុំ​ទន្លាប់ ស្រុក​គិរីវង់ ខេត្ត​តាកែវ​។ ការនាំចូល​ទំ​និញ​គេច​ពន្ធ​របស់​ឈ្មួញ​ទាំង​បី​នាក់​នេះ បាន​ធ្វើ​ឲ្យ​រដ្ឋ​ខាត​បង់​ចំណូល​ពន្ធ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​មួយ​ខែៗ​ដូច្នេះ​ សូម​​លោក គុណ ញឹម ជា​អគ្គនាយក​នៃអគ្គ​នាយក​ដ្ឋាន​គយ​ ដែល​ទើប​តែចូល​កាន់តំណែង​​ជំនួសលោក ប៉ែន ស៊ីម៉ន ចាត់​វិធានការ​ទប់​ស្កាត់​ជា​បន្ទាន់​បំផុត​ជុំវិញបញ្ហា​នេះ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ឈ្មួញ​ឈ្មោះ​ចែស្រី ឈ្មោះ​ចន្ថា និង​ឈ្មោះ​ពៅ បាន​ដឹកទំនិញ​តាមច្រករបៀង​ពីរកន្លែង ជិត​ច្រក​ភ្នំ​ដិន មក​ស្តុក​ទុក​នៅ​តំបន់ច្បារ​អំពៅ​ ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ ដើម្បី​ចែកចាយ​​ឲ្យម៉ូយ​បន្ត​។ ជា​ទូទៅ​ទំនិញ​គេច​ពន្ធ​ទាំង​នោះ​មានដូចជា​ឥវ៉ាន់​ចាប់​ហួយ គ្រឿងអេឡិចត្រូ​និក នាំចូល​ពីប្រទេស​យួន ហើយ​ត្រូវគេ​ដឹក​ចេញតាម​ច្រក​របៀង​ក្នុងមួយ​យប់យ៉ាង​តិច​ពី១០ទៅ១២​រថ​យន្ត​ទួរីស ដោយ​ក្នុង​១រថ​យន្ត​មាន​ចំណុះប្រ​មាណ​៣តោន។ ទំនិញ​ទាំងនោះ​ត្រូវ​បាន​គេ​ដឹក​ចេញ​តាមច្រក​របៀង​នៅវេលា​ម៉ោង​៨និង​៣០នាទី ដល់ម៉ោង​៩យប់​ ហើយ​​ធ្វើដំណើរ​តាម​ផ្លូវជាតិលេខ​២ ឆ្ពោះ​មក​តំ​បន់​ច្បារ​អំពៅ​នៅវេលា​​ម៉ោង​ជាង​១២ ឬ​ម៉ោង១ រំលង​អធ្រាត្រ​។

គេមិនដឹងថា លោក ឯម ស៊ីថា ទទួល​បាន​ផល​ប្រ​យោជន៍​ក្នុង​កម្រិត​ណា​ពីឈ្មួញ​ទាំង​​បី​នាក់​ខាងលើនេះ​ទេ ទើបបានជា​បណ្តោយឲ្យ​មាន​ការ​​នាំចូលទំនិញ​គេច​ពន្ធ​ជា​ពិសេស​គ្រឿង​អេឡិចត្រូនិក​ ដែល​ត្រូវ​បង់​ពន្ធ​ក្នុង​កម្រិត​ខ្ពស់​។ ដូច្នេះ​សូ​មលោក គុណ ញឹម ដែល​ជា​អគ្គ​នាយក​គយ​ថ្មីចាត់​វិធានការ​ទប់ស្កាត់​អំពើ​ពុករលួយ​របស់​មេគយ​ច្រកភ្នំដិន ជា​បន្ទាន់​បំផុត​ ដើម្បី​កុំឲ្យ​ឃុប​ឃិត​ជាមួយ​ឈ្មួញខិលខូច​តទៅ​ទៀត​។ មាន​ន័យ​ថា លោក គុណ ញឹម ត្រូវ​អនុវត្តន៍​តាម​គោល​នយោ​បាយ​កែទម្រង់​ស៊ី​ជម្រៅ​របស់​រដ្ឋាភិ​បាល​លោក ហ៊ុន​ សែន ជា​បន្ទាន់​ហើយមិន​ត្រូវ​ទុក​ឲ្យ​មេ​គយ​ច្រក​ភ្នំ​ដិន​នេះ និងឈ្មួញខិល​ខូច​ឃុប​ឃិត​គ្នា​បំផ្លាញចំណូល​ពន្ធ​រដ្ឋ​តទៅ​ទៀត​ឡើយ៕​

គុណ-ញឹម

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com