0

ឱម ​យ៉ិន​ទៀង​ មាន​ជំនាញ​ខាង​បិទ​បាំង​អំពើ​ពុករ​លួយ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​

លោក ឱម យ៉ិន​ទៀង ជា​ទេស​រដ្ឋ​មន្ត្រី​ និងជា​ប្រធាន​អង្គ​ភាព​​ប្រ​ឆាំង​អំពើពុក​រលួយ​កំពុង​រង​ការ​ចោទ​ប្រ​កាន់​ថា​បាន​ប្រ​ព្រឹត្ត​អំពើពុករលួយ​និង​​បិទ​បាំង​អំពើពុករលួយ​ដើម្បី​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​យ៉ាង​ត្រ​ជាក់ចិត្ត​។ ជាក់ស្តែង​ ក្នុងយុទ្ធនាការ​ប្រ​ឆាំង​អំពើពុករលួយ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​​ទៅ​នេះ លោក ឱម យ៉ិន​ទៀង មិនដែល​ហ៊ាន​ប៉ះពាល់​មន្ត្រី​ពុក​រលួយ​ធំៗ​ដែល​មាន​តំ​ណែង​​ជា​រដ្ឋ​មន្ត្រី រដ្ឋ​លេខាធិការ​ ឬ​អគ្គនាយក​ នៃ​អគ្គ​នាយ​ក​ដ្ឋាន​នានា ដែល​ល្បី​ល្បាញ​ខាង​ប្រ​ព្រឹត្ត​អំពើពុក​រលួយ​នោះទេ​។ ផ្ទុយទៅវិញ​លោក ឱម យ៉ិន​ទៀង ហ៊ានចាត់ការ​តែ​មន្ត្រី​ពុករ​លួយ​តូច​តាច​ប៉ុណ្ណោះ ដូចជាការ​ចាប់ខ្លួន​លោក ហ៊ី ណារិន អធិ​ការ​នគរ​បាល​ខណ្ឌ​មាន​ជ័យ កាលពីថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤​ ជា​ដើម​។ ប្រ​ការ​នេះ​ហើយ​ ដែល​លោក ឱម យ៉ិន​ទៀង កំពុង​ប្រ​ឈម​នឹងការ​រិះគន់​យ៉ាង​ពេញបន្ទុក​ស្រប​ពេល​ដែល​គាត់​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​មហា​សាល និងមាន​ភូមិគ្រឹះ​តម្លៃ​រាប់​លាន​ដុល្លារ​។

ទាក់ទងទៅនឹង​បញ្ហា​ខាងលើនេះ លោក សុន ឆ័យ តំណាង​រាស្រ្ត​គណ​បក្ស​សង្គ្រោះ​ជាតិ និងជា​អនុប្រ​ធាន​គណៈ​កម្មការ​ទី២ ទទួល​បន្ទុក​ហិរញ្ញវត្ថុ​ និង​ធនាគារ​ បាន​មានប្រ​សាសន៍​ថា លោក ឱម យ៉ិន​ទៀង ជា​មនុស្ស​មិន​ស្អាត​ស្អំ​ ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន និងជា​សេដ្ឋី​ដែល​មាន​លុយ​ ហើ​យ​មាន​ផ្ទះ​តម្លៃ​រាប់​លានដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​គួរ​តែ​ប្រកាស​ទ្រព្យ​សម្បត្តិ​មុន​គេ។ លោក សុន ឆ័យ បាន​បញ្ជាក់ថា “ត្រូវ​ពិនិត្យ​ពីទ្រព្យ​សម្បត្តិ​របស់​គាត់​ ខ្ញុំ​ទទួល​បានព័ត៌មានថា គាត់ដូចជា​មាន​បាន​ឆាប់​រហ័ស​ណាស់​ តាំង​ពីពេលទៅកាន់​អង្គ​ភាពនេះ តាំង​តែ​ពីទ្រព្យ​សម្បត្តិ​គាត់​ តាំង​តែ​ពី​ផ្ទះគាត់​ មានតម្លៃ​ជា​ច្រើន​លានដុល្លារ​ ជាដើម។ ដូច្នេះ​វា​ត្រូវ​តែ​មាន​អ្នក​ឯករាជ្យ​ណា​មួយ​ទៅអង្កេត​អំពីទ្រព្យ​សម្បត្តិ​ប្រធាន​អង្គភាព​នេះ​។ ខ្ញុំ​អាច​និយាយ​លើសពីនេះបាន ទាល់តែ​មានការ​បង្កើត​ជា​អង្គ​ភាព​ឯករាជ្យ​ទៅឆែក​លើ​​ទ្រព្យ​​សម្បត្តិរបស់​គាត់​ ហើយ​បើកចំហ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ឲ្យ​មាន​លទ្ធ​ភាព​ផ្តល់ព័ត៌មាន​”។

ចំណែក​មន្ត្រី​អង្គការ​ក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា លោក ឱម យ៉ិន​ទៀង មានតួនាទី​ជា​ប្រ​ធាន​អង្គភាព​ប្រ​ឆាំង​អំពើពុករលួយ​ ហើយ​កំពុង​ប្រើ​ប្រាស់​តួនាទីនោះ​ ដើម្បី​បិទបាំង​អំពើ ពុករលួយ​ជា​ថ្នូរនឹង​ផល​ប្រយោជន៍​ និង​ទ្រព្យ​សម្បត្តិ​យ៉ាង​មហា​សាល​។ មន្ត្រីអង្គការ​ក្រៅរដ្ឋាភិបាល​ឃ្លាំ​មើល​អំពើពុករលួយ​ក្នុង​ប្រទេសកម្ពុជា​បាន​លើក​ឡើង​ថា មានភស្តុតាង​យ៉ាង​ច្រើន​ទាក់ទងនឹង​អំពើពុក​រលួយ​របស់​ក្រ​សួង​សុខាភិបាល ​និង​ក្រ​សួង​ប្រៃសណីយ៍​ ទូរគមនាគមន៍ ប៉ុន្តែ​អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ​មិនដែ​ល​ចាត់​ការ​មន្ត្រីពុករលួយ​ធំៗ ក្នុង​ក្រ​សួង​ទាំង​ពីរ​នេះ​នៅ​ឡើយ​​ទេ​។ មន្ត្រីអង្គ​ការ​ក្រៅរដ្ឋាភិបាល​បានរិះគន់ថា លោក ឱម យ៉ិន​ទៀង ចាត់​ការ​តែ​មន្ត្រីពុករលួយ​តូច​តាច​កេង​ប្រ​វ័ញ្ច​ថវិកា​រដ្ឋ​ដើម្បីរស់ ចំណែក​មន្ត្រី​ពុក​រលួយ​​ធំៗ​ដែល​លួច​ជាតិ​បំផ្លាញជាតិ​ក្នុង​ទឹកប្រាក់​រាប់​​រយ​រាប់​​ពាន់​លានដុល្លារ​ បែរ​ជា​អាច​គេច​ផុត​ពីការ​ដាក់ទោស​យ៉ាង​ក្រអឺតក្រទម​៕​

fedb3aff-7c86-4896-b4db-d38875391ed5

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com