0

គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះ​ពាល់​បទ​ល្មើស​កាប់​ឈើ​និង​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុម​ហ៊ុន​ សុខ​ សំណាង​

ក្រុមហ៊ុន សុខ​​ សំណាង ត្រូវ​បានគេ​ស្គាល់ថា ជា​ក្រុមហ៊ុនដែល​​ជាប់​ពាក់​ព័ន្ធ​​បទ​ល្មើស​​កាប់​​ឈើ​ និង​​ដឹកជញ្ជូន​ឈើ​ធ្វើអាជីវ​កម្ម​ខុស​ច្បាប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិនដែល​មាន​សមត្ថ​កិច្ច​ណា​ហ៊ានចាត់វិធានការ​ទប់​ស្កាត់​នោះ​ទេ។​ ផ្ទុយទៅវិញ​សមត្ថ​កិច្ចមួយ​ចំនួន​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ក្រុមហ៊ុន​នេះ ទើប​បណ្តោយឲ្យ​ក្រុមហ៊ុន សុខ សំណាង បន្ត​ដឹកឈើ​ធ្វើអាជីវ​កម្ម​ខុស​ច្បាប់​បំពាន​លើ​បទ​បញ្ជា​លេខ​០០២ របស់​សម្តេច ហ៊ុន សែន ដោយ​គ្មានខ្លាច​ក្រែង​អ្វីទាំង​អស់​។ ជាក់ស្តែង នៅ​ពេលទទួលបានសិទ្ធិ​ម៉ៅការ​កាប់​ប្រមូល​ឈើ​បន្ត​ពីក្រុមហ៊ុន​ ដាតារ៉ាប់ប័រ និង​ក្រុមហ៊ុន ទំរីង​រ៉ាប់​ប័រ ព្រមទាំង​ក្រុមហ៊ុនយួន​​នៅ​តំបន់​ព្រៃឡង់​ គឺ​ក្រុមហ៊ុន​ សុខ​ សំណាង បានធ្វើ​សកម្ម​ភាព​កាប់​ឈើ​និង​ដឹក​ជញ្ជូនឈើ​បំពាន​ដល់​ខាងក្រៅ​បរិវេណ​ដី​សម្ប​ទាន​របស់​ក្រុមហ៊ុន​ទៀ​តផង​។

ប្រភព​ដែល​ស្និទ្ធនឹងក្រុមហ៊ុន​ សុខ សំណាង បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុននេះ គ្មានអាជ្ញា​ប័ណ្ណ​ដី​ព្រៃសម្ប​ទាន​ឬ​ដីសម្ប​ទានសេដ្ឋ​កិច្ច​ដោយ​ខ្លួន​ឯង​នោះទេ ប៉ុន្តែ​បាន​​ឃុប​ឃិត​ជាមួយ​ក្រុម​ហ៊ុនដទៃទៀត​ គឺក្រុមហ៊ុន​ ដា​តារ៉ាប់ប័រ និង​ក្រុមហ៊ុន ទំរីងរ៉ាប់​ប័រ ដែល​មាន​ទីតាំង​នៅ​ស្រុក​អន្លង់​វែង និង​ស្រុក​ត្រ​ពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ រួមទាំង​ក្រុមហ៊ុនយួន​នៅតំបន់​ព្រៃឡង់ ហើយ​កាប់ឈើ​និង​ប្រមូលទិញ​ឈើ​យ៉ាង​អនា​ធិប​តេយ្យ​បំផុត​។ ប្រ​ការ​នេះ បានធ្វើឲ្យព្រៃឈើ​នៅ​ស្រុកអន្លង់​វែង និង​ស្រុក​ត្រ​ពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ និង​ព្រៃ​​ឡង់ នៅ​ខេត្តកំពង់ធំ កំពុង​ប្រ​ឈម​នឹង​សេចក្តី​វិនាស​សាបសូន្យ​។ ចំណែក​អាជ្ញាធរ​​ខេត្ត​ឧត្តរ​មានជ័យ​ ខេត្តកំពង់ធំ ក៏ដូចជា​សមត្ថ​កិច្ចពាក់ព័ន្ធនៃ​ខេត្ត​ទាំង​ពីរនេះ គិតគូរតែ​រឿង​ផល​ប្រ​យោជន៍ប៉ុណ្ណោះ​ មិនខ្វល់​ពីមហន្ត​រាយ​ព្រៃឈើឡើយ​។

សេចក្តីរាយ​ការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ សុខ សំណាង ដឹកជញ្ជូន​ឈើ​តាម​រថ​យន្ត​ធំៗផ្ទុក​លើ​សទម្ងន់​​ឆ្លងកាត់​ផ្លូវ​ជាតិ​ក្នុង​ខេត្ត​សៀមរាប និង​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​ទាំង​យប់​​ទាំ​ងថ្ងៃ​ ហើយ​មិនដែល​ឃើញ​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ម្តង​ណា​ឡើយ​។ ក្រុមហ៊ុន សុខ សំណាង ដែល​ម៉ៅការ​កាប់ឈើ​ពីដីសម្ប​ទានសេដ្ឋ​កិច្ច​របស់​ក្រុមហ៊ុន​នានា មានទីផ្សារ​លក់ចែកចាយ​ឈើ​ តាមបណ្តា​ខេត្ត​ជា​ច្រើន ស្ទើរ​ពេញផ្ទៃ​ប្រ​ទេស​ ដូចជា​ខេត្តកំពង់ធំ សៀមរាប កំពង់​​ចាម ព្រៃវែង បន្ទាយ​​មានជ័យ​ បាត់​ដំបង​ និង​រាជ​ធានីភ្នំពេញជា​ដើម។ ហេតុនេះហើយ ទើប​ក្រុមហ៊ុន សុខ សំណាង ល្បីល្បាញ​ខាង​បំ​ផ្លាញ​ព្រៃឈើ​ឲ្យ​រលត់​រលាយ​ព្រោះ​សូម្បីតែ​រដ្ឋ​មន្ត្រី​ក្រ​សួង​បរិស្ថាន និង​រដ្ឋមន្ត្រីក្រសួង​កសិ​កម្ម​ក៏បណ្តោយឲ្យ​ក្រុមហ៊ុននេះ បំផ្លាញព្រៃឈើ​តាមអំពើចិត្ត​ដែរ​៕

10702178_740396339331468_7711619628359761582_n

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com