ប្រជាពលរដ្ឋខេត្តសៀមរាបបានលើកឡើងថា បន្ទាប់ពីការកាប់បំផ្លិចបំផ្លាញព្រៃឈើនៅតំបន់ផ្សេងៗក្នុងទឹកដីខេត្តសៀមរាបស្ទើរវិនាសហិន ហោចនោះ ឥឡូវក្រុមឈ្មួញ និងមន្ត្រីមានអំណាចកំពុងឃុបឃិតគ្នាបន្តកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អភិរក្សគូលែនព្រហ្មទេព ដែលទីតាំងមួយនេះត្រូវគេដឹង ជាសម្បុកព្រៃឈើដ៏ធំ និងចុងក្រោយគេនៅលើទឹកដីខេត្តសៀមរាបនេះ។ ប្រជាពលរដ្ឋបានស្តីបន្ទោសថា គិតពីឆ្នាំ១៩៧៩មកខេត្តសៀមរាបក៏សម្បូរព្រៃឈើមិនចាញ់បណ្តាខេត្តផ្សេងៗដែលមានទីតាំងជាប់បឹងទន្លេសាបផងដែរ តែដោយសារសកម្មភាពកាប់បំផ្លាញយ៉ាងអនាធិបតេយ្យនៅក្នុងរយៈពេល៣០ឆ្នាំមកនេះ បានធ្វើឲ្យព្រៃឈើនៅខេត្តសៀមរាបវិនាសហិនហោចគ្មានសល់។ ពួកគាត់បានសង្កត់ធ្ងន់ថាតំបន់ភ្នំគូរលេនជាតំបន់មានព្រៃក្រាសចុងក្រោយគេនៅខេត្តសៀមរាប ហើយក៏ជាតំបន់ទេសចរណ៍ដ៏សំខាន់ផងដែរ ដូច្នេះអាជ្ញាធរពាក់ព័ន្ធ គួរតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់ និងទាន់ពេលវេលា ចំពោះអំពើខុសច្បាប់នេះ។
ប្រជាពលរដ្ឋរស់នៅក្បែរតំបន់អភិរក្សគូលែនព្រហ្មទេពបានលើកឡើងថា ក្រុមឈ្មួញមានអំណាចដែលទទួលបានភ្លើងខៀវពីមន្ត្រីពាក់ព័ន្ធនៅខេត្តសៀមរាប បានប្រើប្រាស់អំណាចទឹកប្រាក់របស់ពួកគេជះឥទ្ធិពលទៅលើប្រជាពលរដ្ឋក្រីក្រ ដើម្បីឲ្យប្រជាពលរដ្ឋទាំងនោះលួចចូលទៅកាប់ច្រៀកឈើប្រភេទលេខ២ នៅក្នុងតំបន់អភិរក្សគូលែនព្រហ្មទេព ហើយដឹកជញ្ជូនតាមមធ្យោបាយផ្សេងៗយកមកដាក់តាមផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់អភិរក្សគូលែនព្រហ្មទេព។ ប្រភពបានបន្តថាក្រោមការបិទបាំងពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានមិនហ៊ានអើពើផងនោះ ក្រុមឈ្មួញបានប្រើប្រាស់រថយន្តធុនធំចូលមកទិញឈើពីផ្ទះប្រជាពលរដ្ឋតាមភូមិដោយផ្ទាល់តែម្តង។ ប្រជាពលរដ្ឋបានអះអាងថា នៅពេលឈើទាំងនោះបានមកដល់ដៃឈ្មួញ ទើបពួកគេសហការជាមួយមន្ត្រីខិលខូចពាក់ព័ន្ធ នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប រត់ការ ដើម្បីឲ្យឈើទាំងនោះប្រែក្លាយទៅជាឈើស្របច្បាប់ យ៉ាងងាយស្រួល។
ទោះយ៉ាងណាក្តីកម្មករដឹកជញ្ជូនឈើប្រភេទលេខ២ទាំងនោះបានអះអាងថាឈើដែលពួកគេដឹកជញ្ជូន គឺជាឈើស្របច្បាប់។ តែប្រជាពលរដ្ឋខេត្តសៀមរាបបានលើកឡើងថា បើទោះជាឈើស្របច្បាប់ ឬមិនស្របច្បាប់ក៏ដោយក៏ពួកគេមិនគួរកាប់បំផ្លាញព្រៃឈើទាំងនោះទេ ព្រោះវាជាសម្បត្តិធម្មជាតិដ៏សំខាន់នៅក្នុងតំបន់ទេសចរណ៍ និងជាខែលការពារគ្រោះធម្មជាតិផងដែរ។ ប្រជាពលរដ្ឋបានលើកឡើងថា ព្រោះតែប្រើពាក្យស្របច្បាប់នេះ ទើបឈើប្រណីតប្រភេទលេខ១នៅខេត្តសៀមរាបត្រូវបំផ្លិចបំផ្លាញស្ទើរគ្មានសល់ ហើយឥឡូវនេះពួកគេកំពុងប្រើពាក្យឈើស្របច្បាប់មកបំផ្លាញឈើប្រភេទលេខ២បន្តទៀត៕