អំពើពុករលួយរបស់លោក ថោង សុខាំភូ ប្រធានសាខាគយខេត្តបន្ទាយមានជ័យនិងបក្ខពួកនៅតែបន្តកើតទ្បើងយ៉ាងពេញបន្ទុកព្រោះបច្ចុប្បន្ននេះមានកុងត្រូលជជុះរបស់សមត្ថកិច្ចគយជាច្រើនកន្លែងចាំជំរិតយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញទាំងស្របច្បាប់និងខុសច្បាប់។ ប៉ុស្តិ៍ជជុះរបស់សមត្ថកិច្ចគយខេត្តបន្ទាយមានជ័យដែលល្បីល្បាញខាងធ្វើសកម្មភាពយ៉ាងអាក្រក់បំផុតនោះគឺប៉ុស្តិ៍នៅចំណុចសាលាក្រហមក្នុងភូមិសិង្ហខាងលិច ឃុំសិង្ហ ស្រុកអូរជ្រៅ។ មន្ត្រីគយចល័តនៅចំណុចសាលាក្រហមដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ទុង ប៊ុនធឿន អនុប្រធានសាខាគយខេត្តបន្ទាយមានជ័យតែងតែជំរិតយកលុយពីឈ្មួញទាំងតូចទាំងធំតាមអំពើចិត្តរបស់ខ្លួន។
ប្រភពព័ត៌មានពីក្រុមអាជីវកររកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ទោះបីពួកគាត់ដឹកទំនិញខុសច្បាប់ឬស្របច្បាប់ក៏ដោយ នៅតែត្រូវបង់លុយឲ្យសមត្ថកិច្ចគយនៅចំណុចសាលាក្រហមតាមការកំណត់។ ក្នុងនោះអ្នករកស៊ីដឹកទំនិញតាមរថយន្តតូចៗត្រូវបង់លុយឲ្យសមត្ថកិច្ចគយក្រោមការគ្រប់គ្រងរបស់លោក ទុង ប៊ុនធឿន ក្នុង១រថយន្តចាប់ពី២ម៉ឺនដល់៥ម៉ឺនរៀល អាស្រ័យទៅតាមប្រភេទទំនិញ។ រីឯឈ្មួញរកស៊ីដឹកទំនិញទ្រង់ទ្រាយធំពីច្រកព្រំដែនឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលខេត្តបន្ទាយមានជ័យត្រូវមានទំនាក់ទំនងដោយផ្ទាល់ជាមួយលោក ថោង សុខាំភូ ដែលជាប្រធានសាខាគយទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
ក្រុមអ្នករកស៊ីដឹកទំនិញបានត្អូញត្អែរថា សមត្ថកិច្ចគយក្រោមអំណាចរបស់លោក ថោង សុខាំភូ និងលោក ទុង ប៊ុនធឿន មិនដែលមានការយោគយល់ចំពោះពួកគាត់ដែលជាអ្នករកស៊ីបង់ពន្ធជូនរដ្ឋត្រឹមត្រូវនោះទេ។ ជាក់ស្តែងគ្រាន់តែពួកគាត់ដឹកផ្លែឈើតាមរថយន្តនីសាន់ ឬរថយន្តកាមរីតូចៗត្រូវកំណត់ឲ្យបង់ចាប់ពី២ម៉ឺនដល់៥ម៉ឺនរៀល ហើយប្រសិនបើពួកគាត់ហ៊ានបើកហួសប៉ុស្តិ៍សាលាក្រហមនោះត្រូវគេប្រដេញតាមចាប់ឲ្យបង់ពិន័យចាប់ពី៥០ម៉ឺនរៀលដល់ ២លានរៀល។ ក្រុមអាជីវករបានអំពាវនាវឲ្យលោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យជួយលុបបំបាត់កុងត្រូលជជុះរបស់សមត្ថកិច្ចគយ ដើម្បីឲ្យស្របតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រោះបច្ចុប្បន្នសមត្ថកិច្ចគយទាំងនោះប្រព្រឹត្តអំពើពុករលួយដោយគ្មានខ្លាចក្រែងអ្វីទាំងអស់៕