0

សមត្ថកិច្ចក្រុងព្រះវិហារការពារបនល្បែងដើម្បីចែកភាគរយគ្នា

សមត្ថកិច្ច​ក្រុង​ព្រះវិហារ​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ចោទប្រកាន់ថា​មិនបាន​យកចិត្តទុក​ដាក់​​ទប់​ស្កាត់ និង​ស៊ើបអង្កេត​វែកមុខ​ជនល្មើស​ដែល​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ផ្សេងៗ​ទេ ព្រោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងនោះ​រវល់​ជាប់ដៃ​ឃុបឃិត​ជាមួយ​បន​ល្បែង​នៅ​ក្រុង​ព្រះវិហារ ដើម្បី​ទទួល​បាន​លាភសក្ការៈ​ខ្លះ​ពី​ម្ចាស់​បន​ល្បែង​ទាំងនោះ​។ បន​ល្បែង​ដែល​លេចធ្លោ​ជាងគេ​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​អះអាងថា​មាន​ទីតាំងនៅ​ភូមិស្រ​ម៉ូ​វ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ​។ បន​ល្បែង​ដែល​សមត្ថកិច្ច​ក្រុង​ព្រះវិហារ​មិន​ហ៊ាន​បង្ក្រាប​នោះ គេ​សង្កេតឃើញថា​មាន​ដាក់​សង្វៀន​បញ្ជល់​មាន់ ល្បែង​បៀ និង​ល្បែង​អាប៉ោង​ចាក់​លុយ​ច្រើនៗ​។​

ម្ចាស់​បន​ល្បែង​លេចធ្លោ​ជាងគេ​នៅក្នុង​ក្រុង​ព្រះវិហារ​ត្រូវបាន​គេ​ដឹងថា​មានឈ្មោះ​សាយ ជា​អ្នក​មកពី​រាជធានី​ភ្នំពេញ ហើយក៏​ជា​អ្នក​ដែល​គេ​ដឹងថា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​ក្រុង​ព្រះវិហារ​នេះ​។ ក្នុង​មួយខែ​យ៉ាងហោចណាស់​ឈ្មោះ​សាយ ត្រូវ​ចំណាយ​ប្រាក់​ប្រ​ហែល​​ជាជាង​១​ពាន់​ដុល្លារ​ទៅ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ នេះ​ជាការ​អះអាង​របស់​អ្នក​ដែល​ចូលទៅ​លេង​ល្បែង​នៅ​ទីនោះ​។ ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ព្រះវិហារ​បានលើកឡើង​ថា តាំងពី​បន​ល្បែង​បង្កើត​មក គេ​សង្កេតឃើញថា​នៅក្នុង​ក្រុង​ព្រះវិហារ​មាន​ករណីរ​បទល្មើស​លួច ឆក់ ប្លន់ កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ តែ​សមត្ថកិច្ច​ក្រុង​ព្រះវិហារ​ដែល​ធ្លាប់​រអ៊ូរទាំ​ថា​ប្រាក់ខែ​តិច​ចាយ​មិន​គ្រប់ ហាក់​មិនបាន​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​ច្បាប់​នោះទេ ។ ប្រភព​បាន​បន្តថា​សម​ត្ថ​កិច្ច​នៅក្នុង​ក្រុង​ព្រះវិហារ​នេះ​មិន​ត្រឹមតែ​មិន​បង្ក្រាប​បន​ល្បែង នៅពេល​មាន​ប្រជាពលរដ្ឋ​ផ្តល់ព័ត៌មាន​ទេ តែ​បែរជា​ចេញមុខ​ការពារ​បន​ល្បែង​មួយ​នេះ​ជា​សាធារណៈ​ដោយ​មិន​ខ្លាចរអា​អ្វី​ឡើយ។

ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ព្រះវិហារ​បានលើកឡើង​ថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មាន​ប្រជាពល​រដ្ឋនៅ​ក្នុង​ក្រុង​ព្រះវិហារ​កាន់តែ​ច្រើនឡើងៗ​បាននាំគ្នា​ទៅលេង​ល្បែង​យ៉ាង​ងប់ងុល ហើយ​ថា​អ្នកខ្លះ​បាន​លេងល្បែង​ចាញ់​ប្រាក់​រាប់ពាន់​ដុល្លារ និង​មាន​អ្នក​ខ្លះទៀត​ថែមទាំង​ដាក់បញ្ចាំ​ម៉ូតូ ដើម្បី​បាន​ប្រាក់​យកមក​ចាក់​អាប៉ោង​។ ប្រជាពលរដ្ឋ​ក្រុង​ព្រះវិហារ​បានលើកឡើង​ថា ក្នុង​ក្រុង​ព្រះវិហារ​សព្វថ្ងៃនេះ​មាន​ភាព​អាប់អួ​ខ្លាំងណាស់ ព្រោះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន បាន​ចាក​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​សៀម រីឯ​ប្រជាពលរដ្ឋ​ដែល​មិន​ចាក​ចេញទៅ​ប្រទេស​សៀម ហើយ​គ្មាន​ការ​ងារ​​​ធ្វើ​ផង​នោះបាន​នាំគ្នា​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ​ទៅវិញ​។ ពួកគាត់​បន្ថែមថា ល្បែង​កន្ទុយលេខ ក៏​កំពុងមាន​សកម្មភាព​យ៉ាង​រំជើប​រំជួល​​ខ្លាំង​ណាស់ដែរ​នៅក្នុង​ក្រុង​ព្រះវិហារ​នេះ ពោល​គឺមាន​កន្លែង​ចាក់​ឆ្នោត​រាប់សិប​កន្លែង​។ ប្រជាពលរដ្ឋ​បាន​អះអាងថា មិនដឹង​អាជ្ញាធរ​ពាក់​ព័ន្ធ​​នៅក្នុង​ក្រុង​ព្រះវិហារ​ទទួលបាន​ផលប្រយោជន៍​អ្វីខ្លះ​ពី​ម្ចាស់​បន​ល្បែង និង​ម្ចាស់​កន្លែង​ចាក់​កន្ទុយលេខ​ទាំង​នោះទេ ទើបបានជា​ពួកគេ ធ្វើ​មិនដឹងមិនឮ​ចំពោះ​កម្ម​ភាពខុស​ច្បាប់​ទាំងនោះ​៕

M15-n-full

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com