0

មន្ត្រីនគរបាល​សេដ្ឋកិច្ច​ឈ្មោះ ហាក់ សុខ​គា ក្លាយជា​ឈ្មួញកណ្តាល​ប្រមូល​ទិញ​ឈើ​ឲ្យ​ក្រុមហ៊ុនមេ​ឈ្មួញ ទ្រី ភាព

ថ្មីៗ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចាត់វិធានការ​លើ​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​៤​នាក់​ដែល​ចុះទៅ​ឈរជើង​នៅ​ខេត្ត​ព្រះ​វិហារ​ ហើយ​ប្រព្រឹត្ត​អំពើពុករលួយ​ជំរិត​យក​លុយ​ពី​ប្រជាពលរដ្ឋ​នៅ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​អំពើ​ចិត្ត​។ ប៉ុន្តែ​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈរជើង​តាម​បណ្តា​ខេត្ត​នានា​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ប្រើប្រាស់​តួនាទី​ដើម្បី​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​មិនទាន់​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បកស្បែក​មុខ​ពួកគេ​នៅ​ទ្បើ​យ​ទេ​។ ជាពិសេស​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ដែល​ចុះទៅ​ឈរជើង​នៅ​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​និង​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​គេច ពន្ធ​ពី​ស្រុក​យួន​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នៅក្នុង​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា​ឈ្មោះ ហាក់ សុខ​គា ដែលជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហា​ផ្ទៃ​មិនបាន​បង្ហាញ​វត្តមាន​ក្នុង​ការិយាល័យ​ធ្វើការ​ងារ​ទេ ប៉ុន្តែ​កំពុង​ដើរតួនាទី​ជា​ឈ្មួញកណ្តាល​កេណ្ឌ​ប្រមូល​ប្រជាពលរដ្ឋ​ក្រីក្រ​ឲ្យ​ចូល​ព្រៃ​កាប់​ឈើ និង​ឈើ​ជើងចាប់​ប្រមូល​ទិញ​ឈើ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ទ្រី ភាព តាម​អំពើ​ចិត្ត​។ ឈ្មោះ ហាក់ សុខ​គា បាន​ក្លាយទៅជា​ឈ្មួញកណ្តាល​ឬ​មេ​ការប្រមូលទិញ​ឈើ​ឲ្យ​ក្រុមហ៊ុន​ទ្រី​ភាព ហើយ​មន្ត្រីនគរបាល​សេដ្ឋកិច្ច​រូបនេះ​មាន​ឃ្លាំង​ស្តុក​ឈើ​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ពូ​លុង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ ឈ្មួញ​ច្រក​ក្រោម​យីហោ​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​រូបនេះ​មាន​រថយន្ត​ជាច្រើន​គ្រឿង​សម្រាប់​ដឹកឈើ​ចេញពី​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កោះ​ញែក​ទៅ​លក់​នៅ​ស្រុក​យួន​ក្នុងនាម​ជា​តំណាង​ក្រុមហ៊ុន​ទ្រី​ភាព​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទ្បើ​យ​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ការដែល​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ឈ្មោះ ហាក់ សុខ​គា អាចធ្វើ​អ្វីៗ​បាន​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ការដែល​ឈ្មោះ ហាក់ សុខ​គា ប្រើ​ស្បែក​ជា​មន្ត្រីនគរបាល​សេដ្ឋ​កិច្ច​​ក្រសួងមហាផ្ទៃ​ទៅធ្វើជា​មេ​ការប្រមូលទិញ​ឈើ​ឲ្យ​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ទ្រី ភាព នៅក្នុង​ខេត្ត​មណ្ឌលគិរី​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិ​យស​​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល៕

images (3)

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com