0

មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង​រង​ការចោទប្រកាន់ថា​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកឈើ​ប្រណីត​តាម​ម៉ូតូ​

បន្ទាប់បី​មាន​ភាព​ស្ងៀមស្ងាត់​អស់​មួយរយៈ​ពេល ឥឡូវ​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​អូរ​ជុំ និង​ក្រុង​បាន​លុង នៃ​ខេត្តរតនគិរី​ចាប់ផ្តើម​កម្រើក​ខ្លាំង​ឡើងវិញ​ហើយ​។ ការផ្តើម​ដឹកជញ្ជូន​ឈើ​ប្រណីត​នៅ​គ្រា​ចុង​ក្រោយនេះ​ត្រូវគេ​មើលឃើញថា មាន​លក្ខណៈ​ខុសប្លែក​ពីលើ​ក​មុនៗ ដែល​ភាគ​ច្រើន​​ដឹក​តាម​រថយន្ត​ធុន​តូច ខណៈ​នៅពេលនេះ​សកម្មភាព​ដឹកជញ្ជូន​បាន​ប្តូរ​រូបភាព​មក​ដឹកជញ្ជូន​តាមរយៈ​ការប្រើប្រាស់​ម៉ូតូ​។ តែ​ទោះ ជា​យ៉ាង​ណា​លទ្ធភាព​នៃ​ការដឹកជញ្ជូន គឺ​មិន​ខុសគ្នា​នោះទេ ព្រោះ​សកម្មភាព​ខុសច្បាប់​នេះ ត្រូវបាន​គាំពារ​ដោយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ក្រុង​បាន​លុង​។​

​ឈ្មួញ​ដឹកឈើ​ប្រណីត​តាម​ម៉ូតូ​បាន​បង្ហើប​ឲ្យ​ដឹងថា សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ស្រុក​អូរ​ជុំ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មានការ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​តាម​ម៉ូតូ ប៉ុន្តែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង ខេត្តរតនគិរី ដែលជា​អ្នក​ឃុបឃិត​ដែរនោះ ទទួលបាន​ផលប្រយោជន៍​ច្រើន ជាង គេ​។ ឈ្មួញ​ឈើ​ទាំង​នោះបាន​បញ្ជាក់ថា ក្នុង​ម៉ូតូ​ពួកគេ​មួយគ្រឿង​ត្រូវ​បង់លុយ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​យ៉ាង​តិចជាង​៣​លាន​រៀល ក្នុង​មួយ ខែ ទើប​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​បាន​ដោយ​រលូន បើ​ពុំ​ដូច្នោះ​ទេ កុំថាឡើយ​ដឹកឈើ​ប្រណីត ដឹក​អូស​ដុត​ធម្មតា ក៏​មិនអាច​ទៅរួច​ដែរ​។ ប្រជាពល​រដ្ឋនៅក្នុង​ស្រុក​អូរ​ជុំ និង​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាន​លុង បាន​អះអាងថា ម៉ូតូ​ឈ្មួញ​ឈើ​អាចមាន​លទ្ធភាព​ដឹកឈើ​បាន​ជាង​១០​ដុំ តែ​ពួកគាត់​មិនដឹងថា​មួយថ្ងៃ​ដឹក​បាន​ប៉ុន្មាន​ជើងទេ​។​

​ប្រជាពលរដ្ឋ​ក្រុង​បាន​លុង ខេត្តរតនគិរី​បាន​លើកឡើងថា ការសន្យា​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅក្នុង​ខេត្តរតនគិរី គ្មាន​ប្រសិទ្ធភាព​នោះទេ គឺ​ប្រៀបបាន​នឹង​វែក​ចក​ក្នុង​ទឹក​អញ្ចឹង​។ ពួកគាត់​បន្តថា​ការពិតទៅ​អ្នក​ដែល​ទទួលបាន​ផលប្រយោជន៍​ធំជាងគេ ពី​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​រន​ត​គិរី មិនមែនជា​ជនជាតិខ្មែរ​ទេ តែ​ភាគច្រើន​ជា​ជនជាតិ​យួន​។ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង​បាន​ពន្យល់ថា ឈើ​ប្រណីត​ទាំងនោះ​ភាគច្រើន​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជាង​៦០​កន្លែង​នៅក្នុង​ក្រុង​បាន​លុង ដែល​ភាគច្រើន​ជា​រោង​សិប្បកម្ម​ខុសច្បាប់ ដែល​មាន​មន្ត្រី​មានអំណាច​កាង​ពីក្រោយ​។ ពួកគាត់​សង្កត់ធ្ងន់ថា ឈើ​ទាំងអស់​ភាគច្រើន​ត្រូវបាន​ឈ្មួញ​​យួន​សូកប៉ាន់​ប្រាក់​ដល់​មន្ត្រី​ខ្មែរ ចូលមក​ប្រមូល​ទិញ​យកទៅ​ប្រទេស​យួន​ស្ទើរ​ទាំងអស់​៕

223336

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com