0

សមាជមហា​ជន​​គណបក្ស​​សង្គ្រោះ​​ជាតិ សម្រេច​ទាមទារ​១០​ចំណុច​​

សមាជមហា​ជន​​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​​០៦​​ខែ​តុលា​នេះ បាន​សម្រេច​នូវ​ការទាមទារ​ចំនួន ១០​ចំណុច ដោយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត និង​ទាម​ទារ​​ឲ្យមាន​ការផ្លាស់ប្តូរ​តាម​រយៈ​កែទម្រង់​នូវ​គោលនយោបាយ និង​ស្ថាប័ន​ជាតិ​សំខាន់ៗ ដើម្បី​ធានា​ការពារ​ផលប្រយោជន៍​ជាតិ និង​ផល​ប្រយោជន៍​​ប្រជាពលរដ្ឋ​។​

​នៅក្នុង​សេចក្តីសម្រេច​របស់​សមា​ជ​មហាជន ដែល​ធ្វើឡើង​តាំង​ពី​ម៉ោង​២​រសៀល​រហូត​ដល់​ម៉ោង​ជាង​៥​ល្ងាច​ថ្ងៃ​ទី​០៦​ខែ​តុលានេះ នៅទីលាន​ប្រជា​ធិបតេយ្យ រាជ​ធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់​ពី​បាន​ស្តាប់​នូវ​សេចក្តី​ថ្លែង​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​យោបល់​របស់​ប្រជាពលរដ្ឋ ជុំវិញ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន អង្គ​សមាជ​​មហាជន​បានសម្រេច ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​​ស្វែងរក​យុត្តិធម៌​ជូន​មហាជន​ជា​ម្ចាស់​ឆ្នោត តាមរយៈ​ការ​​ធ្វើ​មហា​បាតុកម្ម​ជា​ទ្រង់​ទ្រាយ​​ធំ​ទូ​ទាំង​​ប្រទេស ធ្វើ​នយោបាយ​ការទូតឲ្យ​ទូលំទូលាយ ធ្វើ​ញត្តិ​រាប់​លាន​ស្នាម​មេដៃ ដាក់ជូន​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ប្រទេស​ជា​ម្ចាស់​ហត្ថ​លេខី​​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣​តុលា​១៩៩១​។

 2

​សេចក្តីសម្រេច​របស់​ស​មា​ជ​មហាជន ក៏បាន​សម្រេច​ទាមទារ​ឲ្យមាន​ការផ្លាស់ប្តូរ​តាម​រយៈ​កែទម្រង់​នូវ​​គោលនយោបាយ និង​ស្ថាប័ន​ជាតិ​សំខាន់ៗ ដើម្បី​​ធានា​ការពារ​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ផង​ដែរ ដែល​នៅ​ចំពោះមុខ អង្គសមាជ​បានសម្រេច​ទាមទារ​ចំណុច​សំខាន់ៗ​ចំនួន ១០​ចំណុច ដូចជា ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ស្វែងរក​ការ​ពិត​ជូន​ម្ចាស់ឆ្នោត និង​ផ្លាស់ប្តូរ​សមាសភាព​របស់​គណៈកម្មាធិការ​ជា​តិ​រៀបចំ​ការបោះឆ្នោត​បច្ចុប្បន្ន ដែល​សមាស​ភាព​ថ្មី​​ត្រូវ​​មាន​ការឯកភាព​ពី​គណបក្ស​ដែល​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា​, ទាម​ទារ​ឲ្យមាន​តុល្យភាព​អំណាច​សភា និង​ទទួលស្គាល់​គណបក្សប្រឆាំង​ដោយ​បង្កើត​រាជរដ្ឋាភិបាល​ស្រមោល​, ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​អាជ្ញាប័ណ្ណ​វិទ្យុ ទូរទស្សន៍ ហើយ​លុបចោល​កិច្ច​សន្យា​​ដែល​មាន​លក្ខណៈ​គាបសង្កត់ បិទ​សិទ្ធិសេរីភាព​ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​, បញ្ឈប់​នូវ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ពិនិត្យ​សើរើ​ឡើងវិញ​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ និង​ប្រទេសជាតិ​, បញ្ឈប់​ការកាប់​បំផ្លាញ​ព្រៃឈើ​ដោយ​បង្កើត​យន្ត​ការ​​ត្រួត​​ពិនិត្យ ដើម្បី​ធានាឲ្យបាន​នូវ​ប្រសិទ្ធភាព​, ទាមទារ​ឲ្យ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេ​សន្ត​ឲ្យមាន​ប្រសិទ្ធភាព​ដោយ​គ្មាន​ការលើកលែង និង​រើសអើង​, បង្កើត​គណៈ​​​កម្មការ​ចម្រុះ ដែល​មាន​សមាសភាព​ម​ក​ពី​គណបក្ស​ក្នុង​រដ្ឋសភា ដើម្បី​ត្រួតពិនិត្យ​ឡើងវិញ​ពី​ការបោះបង្គោល​​ព្រំដែន​, ធ្វើ​វិសោធនកម្ម​នីតិ​វិធី ឬ​ធ្វើ​​​ច្បាប់​ឲ្យមាន​ការបោះឆ្នោត​ជ្រើសរើ​សមេ​ភូមិ​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​, ប្រធាន​តុលាការ ចៅក្រម ព្រះរាជអាជ្ញា គ្រប់​លំដាប់ថ្នាក់ មិនត្រូវ​មាន​តួនាទី​ជា​​ថ្នាក់ដឹកនាំ​របស់​គណបក្ស​នយោបាយ និង​ទាមទារ​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​អ្នកជាប់ចោទ អ្នក​ជាប់​ទោស​មនសិកា​រ នយោបាយ សកម្មជន​ការពារ​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​សកម្មជន​ការពារ​ព្រៃឈើ​។

បន្ទាប់ពី​ធ្វើសមាជមហា​ជន​នេះ គណបក្សសង្គ្រោះជាតិ គ្រោង​នឹង​ធ្វើមហា​បាតុកម្ម​លើក​ទី​៣​ នៅ​ថ្ងៃទី២៣​ខែ​តុលា ខាង​មុខ​នេះ ដោយ​​​ប្រមូល​ស្នាម​ដៃ​របស់​ប្រជាពលរដ្ឋជា​ម្ចាស់​ឆ្នោត​ប្រមាណ​៣លាន​ស្នាម​មេដៃ​ ធ្វើ​​ជា​ញត្តិ​ដាក់ជូន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស ២៣​តុលា​១៩៩១ ឲ្យជួយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ឲ្យស្រប​តាម​កិច្ចព្រមព្រៀ​ង​នេះ តាមរយៈ​តំណាង​របស់​ឧត្តម​ស្នងការ​អង្គកា​រ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​៕

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com