គួររំលឹកផងដែរថាកាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ មន្ត្រីរដ្ឋបាលព្រៃឈើតំបន់ថ្មគ្រែបានរឹបអូសឈើប្រណីតប្រភេទធ្នង់ជិត៣០កំណាត់នៅក្នុងភូមិក្បាលជួរ ឃុំសណ្តាន់ ស្រុកចិត្របុរី ខេត្តក្រចេះខណៈដែលឈ្មួញត្រៀមដឹកយកទៅលក់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ប្រតិបត្តិការនោះត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានរិះគន់ថាជារឿង ឥតន័យព្រោះសមត្ថកិច្ចមិនបានបង្ក្រាបម្ចាស់ឈើយកទៅផ្តន្ទាទោស តាមច្បាប់នោះទេ។ ឈើនោះត្រូវបានគេដឹងថាឈ្មួញកណ្តាលមានគម្រោងដឹកយកទៅលក់ឲ្យឈ្មួញឈ្មោះ ឆាយ ជ្រាយ និងប៉េង គី ដែលល្បីល្បាញខាងរកស៊ីឈើប្រណីតខុសច្បាប់ជាយូរមកហើយ។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមួយចំនួនបានឲ្យដឹងថាឈ្មួញ ឈ្មោះ ឆាយ ជ្រាយ និងប៉េង គី ល្បីល្បាញខាងប្រមូលទិញឈើប្រណីតពីទឹកដីខេត្តក្រចេះយកទៅលក់នៅស្រុក យួនដោយឆ្លងកាត់ខេត្តត្បូងឃ្មុំជាយូរមកហើយ។ ការដែលឈ្មួញឈ្មោះ ឆាយ ជ្រាយ និងប៉េង គី អាចធ្វើអ្វីៗស្រេចតែអំពើចិត្តគឺមានការបើកដៃពីលោក សរ ចំរ៉ុង ដែលជាអភិបាលខេត្តក្រចេះនិងលោក សយ សូណា ដែលជាមេរដ្ឋបាលព្រៃឈើខេត្តក្រចេះ ព្រមទាំងសមត្ថកិច្ចនៃស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។ ក្រុមឈ្មួញមានទំនាក់ទំនងជាមួយមន្ត្រីរដ្ឋបាលព្រៃឈើតាំងពីថ្នាក់ ខណ្ឌ ថ្នាក់សង្កាត់ និងថ្នាក់ផ្នែក ព្រមទាំងក្រុមសមត្ថកិច្ចដែលដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវ ទើបអាចដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួនដោយគ្មានការរំខាន។
ប្រជាពលរដ្ឋនិងមន្ត្រីរាជការបានឲ្យដឹងថាឈ្មួញឈ្មោះ ឆាយ ជ្រាយ និងប៉េង គី បានប្រមូលទិញឈើដឹកចេញពីស្រុកសំបូរ និងស្រុកចិត្របុរី ខេត្តក្រចេះ ហើយដឹកជញ្ជូនទៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ រួចយកទៅលក់នៅស្រុកយួនជាបន្តបន្ទាប់។ បញ្ហានេះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលមានលោក អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ត្រីត្រូវចាត់វិធានការត្រួតពិនិត្យជាបន្ទាន់បំផុតព្រោះ មន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តក្រចេះគ្រប់លំដាប់ថ្នាក់ត្រូវបានគេ ដឹងថាទទួលបានផលប្រយោជន៍ពីឈ្មួញរកស៊ីឈើខុសច្បាប់។ ជាមួយគ្នានេះក្រសួងមហាផ្ទៃក៏ត្រូវចាត់វិធានការលើលោក សរ ចំរ៉ុង ដែលជាអភិបាលខេត្តក្រចេះផងដែរ ព្រោះមន្ត្រីរូបនេះកំពុងជាន់ឈ្លីបទបញ្ជាលេខ០០២របស់រដ្ឋាភិបាលយ៉ាង ក្រអឺតក្រទម៕