តាមប្រភពឲ្យដឹងថាមួយរយៈពេលចុងក្រោយនេះបទល្មើសដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួនតាមច្រកទ្វេភាគីណាំលៀកំពុងកើតទ្បើងយ៉ាងពេញបន្ទុកហើយ លោក ផន ណាវី ដែលជាប្រធានច្រកនេះគឺជាអ្នកទទួលខុសត្រូវធំជាងគេ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានឲ្យដឹងថាលោក ផន ណាវី ទទួលបានផលប្រយោជន៍យ៉ាងច្រើនពីការបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួននិងដឹកជញ្ជូនទំនិញគេចពន្ធពីស្រុកយួនចូល ស្រុកខ្មែរយ៉ាងអនាធិបតេយ្យ។ ហេតុនេះក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនត្រូវមើលរំលងសកម្មភាពរបស់លោក ផន ណាវី ដែលជាប្រធានច្រកណាំលៀតទៅទៀតទេព្រោះមន្ត្រីរូបនេះជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើទៅលក់នៅស្រុកយួន។
ប្រភពបានឲ្យដឹងទៀតថា ក្នុងមួយថ្ងៃៗមានរថយន្តយ៉ាងតិចពី៥ទៅ១០គ្រឿងដឹកជញ្ជូនឈើប្រណីត ចេញពីខេត្តមណ្ឌលគិរីយកទៅលក់នៅស្រុកយួនតាមច្រកណាំលៀ ដោយមានការឃុបឃិតពីសមត្ថកិច្ចពាក់ព័ន្ធ។ ក្នុងនោះសម្រាប់រថយន្តប្រភេទកាមរីដឹកឈើប្រណីតត្រូវបង់ឲ្យសមត្ថកិច្ចក្នុងមួយជើង៥០០ដុល្លារ រីឯរថយន្តទ្បង់គ្រីស័រនិងហាយទ្បែនឌ័រក្នុងមួយជើងត្រូវបង់១០០០ដុល្លារ។
សមត្ថកិច្ចតាមដងផ្លូវឈរជើងចាប់ពីស្រុកពេជ្រាដាដល់ច្រកណាំលៀមានជាច្រើនកន្លែងប៉ុន្តែពួកគេមិនដែលបង្ក្រាបបទល្មើសទៅតាមតួនាទីរបស់ខ្លួននោះទេគឺពួកគេលូកដៃទទួលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់និងពីក្រុមឈ្មួញដឹកទំនិញគេចពន្ធចូលស្រុកខ្មែរយ៉ាងត្រជាក់ចិត្ត។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅស្រុកពេជ្រាដា និងនៅក្បែរច្រកណាំលៀបានឲ្យដឹងថាអភិបាលខេត្តមណ្ឌលគិរី លោក អេង ប៊ុនហៀង និងកែប កត់ ជាមេរដ្ឋបាលព្រៃឈើខេត្តមិនដែលអើពើចាត់វិធានការទប់ស្កាត់បទល្មើសម្តងណាទ្បើយ ហើយបើនិយាយពីស្នងការនគរបាលខេត្តមណ្ឌលគិរីគឺគិតគូរតែរឿង ផលប្រយោជន៍ប៉ុណ្ណោះ។
ហេតុនេះហើយទើបបទល្មើសដឹកជញ្ជូនឈើប្រណីតចេញតាមច្រកណាំលៀនិង បទល្មើសដឹកទំនិញគេចពន្ធពីស្រុកយួនចូលតាមច្រកនេះនៅតែបន្តកើតមាន ទាំងយប់ទាំងថ្ងៃព្រោះប្រធានច្រកណាំលៀនិងសមត្ថកិច្ចពាក់ព័ន្ធកំពុងប្រមូលលុយដាក់ហោប៉ៅយ៉ាងសុខស្រួល៕