ក្នុងរយៈពេលបីថ្ងៃនៃការពិធីបុណ្យភ្ជុំបិណ្ឌនេះ មានមនុស្សយ៉ាងហោចណាស់ជិត២០០នាក់បានស្លាប់ និងរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍។ អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថាមូលហេតុដែលធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរហួសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងមិនគោរពច្បាប់ចរាចរណ៍ជាដើម។ យ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលបានស្នើថា ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចចរាចរណ៍នេះ គឺមានតែការរឹងបណ្តឹងច្បាប់ និងការអប់រំផ្សាយឱ្យទូលំទូលាយតែប៉ុណ្ណោះ។
មានមនុស្សយ៉ាងហោចណាស់ ២៤ បានស្លាប់ និង ១៦៩នាក់ផ្សេងទៀតបានរងរបួស ក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌបីថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ តុលា។ នេះបើតាមទិន្នន័យរបស់អគ្គស្នងការនគរបាលជាតិ។
នាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា គ្រោះថ្នាក់រយៈពេល៣ថ្ងៃនេះ បណ្តាលមកពី ការបើកបរហួសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងមិនគោរពច្បាប់ចរាចរណ៍ជាដើម។ នាយកដ្ឋានសណ្តាប់ធ្នាប់ បានរាយការណ៍យ៉ាងលំអិតថា ក្នុងចំណោមអ្នករងគ្រោះទាំងអស់ គឺមានអ្នកថ្មើរជើង៩នាក់ និង អ្នកបើកបេម៉ូតូមិនពាក់មួកការពារសុវត្ថិភាព៧៥នាក់។ ហើយបើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរនេះបានបណ្តាលឲ្យខូចខាតម៉ូតូ៨៧គ្រឿង រថយន្តធនស្រាល១៣គ្រឿង រថយន្តធនធ្ងន់២គ្រឿង និងយាន្តផ្សេងៗទៀត៦គ្រឿង ។
រីឯខេត្តដែលមានគ្រោះថ្នាក់និងស្លាប់ច្រើនរួមមាន៖កំពង់ចាម កំពត កណ្តាល តាកែវ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។ នាយកដ្ឋានចរាចរណ៍នគរបាល បានបញ្ជាក់ថា អត្រាគ្រោះថ្នាក់ស្លាប់មានការថយចុះបើប្រៀបធៀបនឹងអំឡុងពេលបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០១២ មុនគឺ២៤នាក់លើ២៦នាក់ ប៉ុន្តែរងរបួសបានកើនឡើងរហូតដល់១៦៩នាក់ដែលឆ្នាំមុនមានតែ១៣៩នាក់។
សូមបញ្ជាក់ថា រយៈពេល ៨ខែដើមឆ្នាំ ២០១៣នេះ បើតាមគណៈកម្មការជាតិចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ មានចំនួនជាង ២ពាន់ ៩រយករណី ដែលបណ្តាលឱ្យមនុស្សជាង ១ពាន់ ៣រយនាក់ បានស្លាប់ ហើយ មនុស្ស ប្រមាណជាង ៤ពាន់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។
យ៉ាងណាក៏ដោយ ប្រធានអង្គការដៃគូរសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកលប្រចាំនៅកម្ពុជា លោក គង់ សុវណ្ណ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចចរាចរណ៍ដែលកំពុងតែបំផ្លាញជីវិតប្រជាជនកម្ពុជារាប់សិបនាក់នោះ គឺមានតែការពង្រឹងច្បាប់ និងរឹតបន្តឹងការអនុវត្តច្បាប់ រួមទាំងការផ្សព្វផ្សាយការអប់រំផ្សាយឱ្យទូលំទូលាយដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវឱ្យស្គាល់ពីតំលៃជីវិត និងគោរពច្បាប់តែប៉ុណ្ណោះ៕