តាកែវៈ ប្រជានេសាទស្ថិតក្នុងស្រុកបុរីជលសារខេត្តតាកែវបានសំដែងការរិះគន់យ៉ាងចាស់ដៃចំៗចំពោះមន្រ្តីរដ្ឋបាលជលផលជានាយផ្នែកនាយសង្កាត់នាយខ័ណ្ឌដែលទទួលខុសត្រូវក្នុងភូមិសាស្រ្តខាងលើថាបានឃុបឃិតគ្នាអនុញ្ញាតិឲ្យមានបទល្មើសសៃយឺនស្បៃមុងខុសច្បាប់ជាច្រើនខ្សែដែលក្នុងមួយខ្សែៗ មានប្រវែងចាប់ពី៣គីឡូម៉ែត្រទៅ ៥ គីឡូម៉ែត្រ។
ប្រភពបានប្រាប់ឲ្យដឹងថា ពួកគាត់បានដឹងថាមានសៃយឺនខ្នាតធំ៣ខ្សែដែលខ្សែទី១ចាប់ពិីចំនុចមុខកំពង់ផែកំពង់អំពិលចាប់ពីលូទី១រហូតដល់ទំនប់ថ្នល់កែវ ប្រវែងប្រហែល ៤គីឡូម៉ែត្រ ខ្សែទី២ ចំណុច ព្រែកអណ្តូង ចាប់ពីប្រឡាយគិនញី ដល់ព្រែកពងក្រសារ ប្រវែងប្រហែល៣គីឡូម៉ែត្រ ឯខែ្សទី៣ ចាប់ពីចំនុចភូមិអន្តាត្បាល ឃុំគោកពោធិ ដល់ ប្រម៉ាត់ដី ប្រវែងប្រហែល ៣គីឡូម៉ែត្រទៀត។
ប្រភពបានបន្តទៀតថា ក្រៅពីសៃយឺនខ្នាតវែងរាប់ពាន់ម៉ែត្រនេះ ក៏នៅមានសៃយឺន ព្រមទាំងល្បាំងបង្កងខ្លីៗ ជាច្រើនចាប់ពី ១គីឡូម៉ែត្រ ចុះក្រោម ពាសពេញផ្ទៃទឹកស្ទើរតែគ្មានកន្លែងទំនេរសំរាប់ការនេសាទជាលក្ខណៈគ្រួសារបានឡើយ។ ប្រជាជនដែល ប្រកបរបរ រកទទួលទាន នេសាទ ជាលក្ខណៈគ្រួសារ បានត្អូញត្អែថា ពួកគាត់រកស៊ីរបរគ្រាន់តែដាក់ មង បង់សំណាញ់ បន្តិចបន្តួច រកត្រីពុំបានទេ រកព្រឹក ខ្វះល្ងាច ព្រោះគេដាក់សៃយឺនរាប់សិបគីឡូម៉ែត្រចាប់យកត្រីគ្មានសល់ទេ ចាប់បានត្រីទាំងតូច ទាំងធំ បង្កង រាប់រយគីឡូក្នុងមួយថ្ងៃៗ។
មហាជនបានបន្ថែមថា ឈ្មួញដែលចូលមកដាក់សៃយឺនខុសច្បាប់រាប់គីឡូម៉ែត្រមានភាគច្រើន ជាជនជាតិ វៀតណាម គឺគេដាក់ជាចំហរទាំងថ្ងៃទាំងយប់ ដោយពួកគេ បានបង់លុយ រាប់ពាន់ដុល្លាឲ្យមន្រ្តីជំនាញរដ្ឋបាលជលផលគ្រប់ជាន់ថ្នាក់អស់ហើយចាប់ពីនាយសង្កាត់ និងនាយផែ្នក រហូតដល់ នាយខ័ណ្ឌ ទើបពួកគេអាចដាក់បានយ៉ាងរលូន បែបនេះ។
ជួបសំភាសន៍ តាមទូរស័ព្ទ ជាមួយ លោក ហេង ផល្លាប (ហៅ ប៉ែលិន) ជា នាយសង្កាត់រដ្ឋបាលជលផល ទទួលបន្ទុកស្រុក បុរីជលសារ លោកបានឆ្លើយថា លោកមិនបានដឹងថាមាន បទល្មើស បែបនេះ នៅក្នុង ស្រុក បុរីជលសារទេ ចាំលោក អោយកូនចៅចុះមើល។
មិនទាន់អាចសុំការស្រាយ បំភ្លឺពី លោក ឃិន វែង នាយផ្នែក រដ្ឋបាល ជលផលដែលមានស្នាក់ការនៅក្បាលពោធិ បាននៅឡើយទេ ដោយទូរស័ព្ទ មិនចូល។
ចំណែកលោក នាយខ័ណ្ឌ រដ្ឋបាលជលផល ស្តីទី លោក សៅ កុសល ថា គាត់កំពុងជាប់ដៃបង្ក្រាបបទល្មើសនេសាទនៅស្រុកព្រៃកប្បាស ហើយលោកប្រាប់ថា បើមានបទល្មើសនៅកន្លែងណា ដែលអ្នកយកព័ត៌មានប្រាប់នោះ លោកនឹង សហការចុះបង្ក្រាប។
យ៉ាងណា មហាជន បានរិះគន់ថា បទល្មើស កើតក្នុងទឹកដីលោក គ្រប់គ្រងរាប់ខែ មកហើយ អស់លោកឆ្លើយថាមិនដឹងចាំឲ្យកូនចៅទៅមើល ឬក៏ចាំចុះបង្រ្កាប ។ទាំងនេះគ្រាន់តែជាពាក្យដោះសារ ឆ្លើយយករួចខ្លួនប៉ុណ្ណោះ ពួកគាត់គ្មានជំនឿលើមន្រ្តីជំនាញកន្ទេលធំបន្លំដេកទាំងនេះទេ។ រីឯលោក ចៅហ្វាយ ស្រុកបុរីជលសារ ក៏មិនខ្វល់ ពីការរិះគន់ របស់ប្រជាជន តើឲ្យពួកគាត់សង្ឃឹមលើនរណាទៀត?