ខេត្តរតនគិរី ៖ ទាំងយប់ទាំងថ្ងៃជាពិសេសភាគច្រើនគឺនៅពេលយប់គេឃើញរថយន្តទំនើបៗ គ្រប់ប្រភេទក្នុង១យប់មិនតិចជាង ៥០គ្រឿង ក្នុងមួយថ្ងៃបានសម្រុកដឹកជញ្ជូនឈើប្រណីតចេញទៅលក់នៅវៀតណាមយ៉ាងប្រសេចប្រសាចតាមដង ផ្លូវជាតិលេខ៧៨ពី ក្រុងបានលុង រហូតដល់ព្រំដែនប្រទេសវៀតណាមវាជារឿងចម្លែក ណាស់គេមិនដែលឃើញ សមត្ថកិច្ចនិងមន្ត្រីជំនាញ ពាក់ព័ន្ធចាត់វិធាន ការបង្ក្រាបឲ្យមានប្រសិទ្ធភាពម្តងណាឡើយមិនដឹងជាមានអាថ៌កំបាំងអ្វីទេសូម្បីតែលោក ឡុង រុក្ខា ជាប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកអន្តរ ជាតិអូរយ៉ាដាវ ក៏មិនហ៊ានហើបមាត់ ពីការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ដែលកំពុងផ្គើននឹងបទបញ្ជារបស់រដ្ឋាភិបាល ។
សេចក្តីរាយការណ៍ពីខេត្តរតនគិរី នាព្រលប់វេលាចាប់ពីម៉ោង៧ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅអមសងខាង ផ្លូវជាតិលេខ៧៨មិនសូវហ៊ានធ្វើដំណើរចេញពី ផ្ទះសម្បែងរបស់ខ្លួននោះទេដោយសារតែ ខ្លាចរថយន្តដឹកឈើដែលបើកប្រដេញគ្នាយ៉ាងប្រសេចប្រសាចដោយព្រួយបារម្ភអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគាត់។រថយន្តដឹកជញ្ជូនឈើទំនើបៗ ដូចជាម៉ាកធុនដ្រាឡង់គ្រីស័រឡិចស៊ីសសាំយ៉ុងកាមរីច្នៃបាឡែននិងប្រភេទរថយន្ត១បាំង កន្លះសរុបមិនតិចជាង៥០គ្រឿង នោះទេបានធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញទៅលក់នៅវៀតណាមតាមច្រកដែលនៅក្បែរច្រកអន្តរជាតិអូរយ៉ាដាវ គឺច្រករបៀង១៩ នៅក្រោយកាស៊ីណូរបស់ឧកញ៉ា ទ្រី ភាពមិនដែលមានការបង្ក្រាបទប់ស្កាត់ម្តងណាឡើយដែលលោក ឡុង រុក្ខា បានដាក់កូនចៅចាំ សម្រួលនិងងរាប់ក្បាលឡាន ឆ្លងកាត់ទីនោះយកលុយ។
មានការបញ្ជាក់ផងដែរថា សមត្ថកិច្ចនិងមន្ត្រីជំនាញ ដែលដាក់ប៉ុស្តិ៍ជជុះ ជាហូរហែតាមផ្លូវជាតិលេខ៧៨ តាំងពីក្រុងបានឡុង រហូតដល់ច្រកព្រំដែនយួនកំពុងត្រូវប៉ាន់ក្នុងការប្រមូលលុយពីជំនួញឈើខុសច្បាប់ទើប គ្មានការបង្ក្រាបហើយ ឈ្មួញទាំងតូចទាំងធំបានប្រើប្រាស់លុយទិញទឹកចិត្ត មន្ត្រីរដ្ឋបាលព្រៃឈើក្រោមការគ្រប់គ្រងរបស់លោក វង្ស សុក្រសេរី នាយខណ្ឌខេត្តនេះ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលស៊ីប្រាក់ខែរដ្ឋ ឲ្យចូលដៃចូលជើងឃុបឃិត ជាមួយជំនួញឈើខុសច្បាប់ របស់ពួកគេយ៉ាងរលូនល្អ។ រឿងដែលគ្មានការបង្ក្រាប ក៏ព្រោះតែក្រុមឈ្មួញចេះគិតគូរ បង់លុយឲ្យសមត្ថកិច្ច និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ ហើយអ្វីៗអាចដំណើរការដោយរលូន ក៏ព្រោះតែលោក ឡុង រុក្ខា ជាមេនគរបាលអន្តោប្រវេសន៍ប្រចាំ ច្រកអន្តរជាតិអូរយ៉ាដាវ ជាអ្នកឃុបឃិតបិទភ្នែក ឲ្យក្រុមឈ្មួញធ្វើអ្វីៗតាមតែអំពើចិត្ត។
គេដឹងថាឡានទំនើបៗ ទាំងនោះសុទ្ធសឹងជារបស់ឈ្មួញធំៗ ដែលមានខ្សែរយៈខ្នងបង្អែកទៅពីភ្នំពេញដឹកឈើមក ពីចំណុចស្រុកវ៉ឺនសៃ ស្រុកតាវែងស្រុកកូនមុំនិងស្រុកអូរជុំចេញទៅស្រុកយួនតាមចំណុចច្រករបៀង១៩ និងច្រករបៀងភ្នំក្រហមដែលច្រករបៀងទាំង ២នេះគ្រប់គ្រងដោយសមត្ថកិច្ច ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដឹកនាំដោយលោក ឡុង រុក្ខាបានសប្បាយកើបលុយពីបទល្មើសយ៉ាងសស្រាក់សស្រាំ។ ដោយឡែកកម្លាំងនគរបាលវរៈការពារព្រំដែនលេខ៦២៣ និង កម្លាំងយោធាវរៈការពារព្រំដែនលេខ១០២ ក៏មានសិទ្ធិអំណាច ឈរជើង ការពារច្រករបៀងទាំង២កន្លែងនេះផងដែរប៉ុន្តែពួកគេមិនដែលអើពើបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់ទាំងនោះទេគឺគ្រប់ផ្នែកទាំងអស់នាំគ្នាសម្ងំយ៉ាងសុខស្រួលក្នុងការប្រមូលលុយពីជំនួញឈើខុសច្បាប់យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។